រាជធានីភ្នំពេញ ៖ ប្រតិកម្មចំពោះសម្តីជនសង្ស័យ រួមទាំងក្រុមគ្រួសារដែលចោទប្រកាន់ថា ភាគីស្ត្រីរងគ្រោះទាមទារសំណងប្រាក់ចំនួន៣.០០០ដុល្លារ ជាថ្នូរនឹងការបញ្ចប់រឿងប៉ងចាប់រំលោភសេពសន្ថវៈ និងចង់សាងកិត្តិយសក្នុងនាមជាស្ត្រីរងគ្រោះដែលមានប្តី និងកូនផងនោះ នៅព្រឹកថ្ងៃទី១៩ កុម្ភៈ ស្ត្រីរងគ្រោះបានមកបំភ្លឺតបចំពោះរឿងរ៉ាវប៉ងចាប់រំលោភបង្កដោយយុវជនម្នាក់ដែលមានទីលំនៅក្បែរគ្នាកាលពីយប់ថ្ងៃទី១៣ កុម្ភៈ កន្លងទៅនោះ ។
ស្ត្រីរងគ្រោះឈ្មោះ ឡូ សូដាលីស អាយុ៣០ឆ្នាំ ជាអ្នកលក់គ្រឿងទេស រស់នៅក្នុងភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានផ្តល់សេចក្តីបំភ្លឺក្រោយពីកោះសន្តិភាពចុះផ្សាយកាលពីថ្ងៃទី១៨ កុម្ភៈ កន្លងទៅនេះថា កាលពីវេលាម៉ោងប្រមាណជា៧យប់ ថ្ងៃទី១៣ កុម្ភៈ ក្រោយពីរៀបចំអីវ៉ាន់គ្រឿងទេសរួច ស្ត្រីរងគ្រោះបានរៀបចំបិទទ្វាររបងផ្ទះ និងដើរចូលទៅក្នុងបន្ទប់សម្រាក ដោយមានចាក់សោទ្វារដែរ ។ ស្រាប់តែនៅវេលាម៉ោងប្រមាណ១១យប់ ខណៈពេលគាត់កំពុងលង់លក់ក្នុងដំណេកនោះ យុវជនឈ្មោះ រ៉ែន រតនា អាយុ២០ឆ្នាំ បានធ្វើសកម្មភាពចាប់សង្កត់ពីលើ និងប្រើដៃស្តាំធ្វើសកម្មភាពទៅលើប្រដាប់ភេទស្ត្រីរងគ្រោះ ធ្វើឱ្យស្ត្រីរងគ្រោះភ្ញាក់ក្រញាង និងភ័យស្លន់ ស្លោ ។
ពេលនោះ យុវជននោះបានយកដៃខ្ទប់មាត់មិនឱ្យស្រែក ដោយនិយាយប្រាប់ថា ខ្លួនគេគឺរតនា ។ ឃើញដូចនេះ ស្ត្រីរងគ្រោះក៏បានប្រវាយប្រតប់ជាមួយយុវជននេះ ហើយរត់ទៅបើកទ្វារស្រែកឱ្យបងថ្លៃដែលសម្រាកនៅបន្ទប់ក្បែរគ្នាជួយអន្តរាគមន៍ ។ ខណៈនោះ យុវជន រតនា បានរត់ផ្លោះរបងផ្ទះចេញមកក្រៅ តែត្រូវក្រុមគ្រួសារចាប់យុវជននេះបានភ្លាមៗដែរ ។ ស្ត្រីរងគ្រោះបញ្ជាក់ថា យុវជនសង្ស័យបានឡើងតាមរបងផ្ទះក្បែរបន្ទប់ស្នាក់នៅរបស់គាត់ និងចូលតាមប្រឡោះពីចំហៀងមកក្នុងបន្ទប់ធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភ ក៏ប៉ុន្តែដោយសារតែគាត់តដៃជាមួយជនសង្ស័យ បើពុំនោះទេ អាចចៀសមិនផុតពីការចាប់រំលោភរបស់យុវជននេះឡើយ ។ ទោះបីជាបែបណា ស្ត្រីរងគ្រោះបញ្ជាក់ថា មុនពេលធ្វើសកម្មភាព យុវជនឈ្មោះ រតនា បានមកក្រវែលផ្ទះគាត់ចំនួន២ថ្ងៃមកហើយ និងចំពេលដែលប្តីគាត់មិននៅយប់កើតហេតុផង ធ្វើឱ្យមានឱកាសល្អសម្រាប់យុវជននេះធ្វើសកម្មភាពតែម្តង ។
ចំពោះភាគីខាងក្រុមគ្រួសារយុវជនឈ្មោះ រតនា និយាយថា ក្រុមគ្រួសាររបស់ខ្លួនបានសងប្រាក់ចំនួន២លានរៀល ដើម្បីសម្របសម្រួល ប៉ុន្តែខាងភាគីស្ត្រីរងគ្រោះ បានទាមទារប្រាក់ចំនួន៣.០០០ដុល្លារ ជាថ្នូរនឹងការបញ្ចប់រឿង ដែលការនិយាយបែបនេះ វាជារឿងមិនពិតទាល់តែសោះ ព្រោះខាងក្រុមគ្រួសារ រួមទាំងស្ត្រីរងគ្រោះ មិនបានទាមទារសំណងអ្វីក្រៅពីស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះយុវជនខាងលើនេះឡើយ ៕
ចែករំលែកព័តមាននេះ