ខេត្តកំពង់ធំ ៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើចោរកម្មលួចកៀងក្របីប្រជាពលរដ្ឋចំនួន២២ក្បាល ត្រូវនគរបាលស្រុកបារាយណ៍ចាប់ខ្លួនកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី១៨ កុម្ភៈ ។
លោក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ ឱ្យដឹងថា ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានចោរលួចកៀងក្របីប្រជាពលរដ្ឋអស់២២ក្បាល រូបលោកក៏សុំបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត ឱ្យកងកម្លាំងចុះតាមចាប់មុខសញ្ញាចោរកៀងក្របីប្រជាពលរដ្ឋនោះ ក្នុងគោលបំណងចូលទៅកាន់ទឹកដីខេត្តកំពង់ចាម ។ បន្ទាប់ពីបែកការណ៍នៅពេលដឹងថា នគរបាលដេញតាមនោះ បុរសឈ្មោះ ឃឹម រឿន អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ បានរត់ចុះទៅពួនសម្ងំនៅក្នុងបឹងកំប្លោក ស្ថិតនៅតំបន់អូរស្វាយ ក្នុងភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ អស់រយៈពេល១ម៉ោង តែដោយសារទ្រាំនឹងភាពរមាស់លែងបាន ក៏ឡើងមកលើគោកវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ក្រោយពេលឃាត់ខ្លួន បុរសឈ្មោះ ឃឹម រឿន បានសារភាពថា រូបគេពិតជាកៀងក្របីរបស់ប្រជាពលរដ្ឋទាំងតូច ទាំងធំ ចំនួន២២ក្បាល ក្នុងបំណងយកទៅលក់នៅខេត្តកំពង់ចាមមែន ប៉ុន្តែត្រូវបែកការណ៍ ទើបជាប់ខ្នោះបែបនេះ ។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនបុរសនេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ