ក្រុងបាងកក ៖ ពួកបាតុករប្រឆាំងថៃ ដែលទាមទារឱ្យនាយករដ្ឋមន្ដ្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា លាលែងចេញពីតំណែង បានលើកគ្នាទៅដណ្ដើមកាន់កាប់នាថ្ងៃទី១៩ កុម្ភៈ នូវមជ្ឈមណ្ឌលគ្រប់គ្រងវិបត្ដិរបស់រដ្ឋាភិបាល ដោយបង្កើនការគាបសង្កត់ថែមទៀត ក្រោយការប៉ះទង្គិចគ្នាដែលបណ្ដាលឱ្យមនុស្សស្លាប់៥នាក់ ហើយមនុស្សជាច្រើនរយនាក់ត្រូវរបួសមក។
ការកើតមានជាថ្មីនៃអំពើហិង្សាកាលពីថ្ងៃទី១៨ កុម្ភៈ បានបំផ្លាញក្ដីសង្ឃឹមនៃការសម្រាលវិបត្ដិនយោបាយនៅថៃ ដែលចាប់តាំងពីរដូវស្លឹកឈើជ្រុះមក បណ្ដាលឱ្យមនុស្សស្លាប់១៦នាក់ រួចមនុស្សជាច្រើនរយនាក់ត្រូវរបួសក្នុងពេលមានការបាញ់តគ្នា ឬក្នុងការផ្ទុះគ្រាប់បែក។ កាលពីថ្ងៃទី១៩ កុម្ភៈ ក្បួនរថយន្ដកាំមីញ៉ុងធុនតូច១ខ្សែរបស់ពួកបាតុករអមដោយការផ្លុំកញ្ចែជាសញ្ញានៃការតវ៉ាប្រឆាំង បានបើកឆ្ពោះទៅកាន់ជាយក្រុងភាគខាងជើងក្រុងបាងកក ទៅឈប់នៅមុខប្លុកអគារក្រសួងការពារជាតិដែលលោកស្រី យីងឡាក់ ប្រើរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជាកន្លែងធ្វើការជំនួសវិមានរដ្ឋាភិបាល ដែលរាំងខ្ទប់ដោយពួកបាតុករប្រឆាំង ។ មេខ្លោងបាតុកម្មលោក ស៊ូថេប ធឿកស៊ូបាន បាននិយាយថា វាពិបាកទទួលយកដែលលោកស្រី យីងឡាក់ ស្នើឱ្យប៉ូលិសបាញ់សម្លាប់ពួកយើង និងថាពេលនេះលោកស្រីយីងឡាក់ លាក់ខ្លួនក្នុងការិយាល័យរបស់លេខាធិការអចិន្ដ្រៃយ៍ក្រសួងការពារជាតិ ។ យើងនឹងលើកគ្នាធ្វើការវាយលុកចូលទីនោះ ហើយតាមស្វែងរកលោកស្រី ។
យោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលលោកស្រី ស៊ូនីសា ឡឺតប៉ា កាវ៉ាត ថា រាល់កិច្ចប្រជុំរបស់រដ្ឋាភិបាលគ្រោងធ្វើក្នុងប្លុកអគារនោះ នាថ្ងៃទី១៩ កុម្ភៈ ត្រូវលុប
ចោល ។ កាលពីថ្ងៃទី១៨ កុម្ភៈ ការប៉ះទង្គិចគ្នាយ៉ាងសាហាវផ្ទុះឡើងក្នុងឱកាសនៃប្រតិបត្ដិការមួយរបស់ប៉ូលិសប្រឆាំងកុបកម្មដើម្បីដណ្ដើមកាន់កាប់វិញ ទីតាំងមួយចំនួនដែលកាន់កាប់ដោយពួកបាតុករ ។ ឆាកនៃភាពចលាចលកើតមានក្រោយការផ្ទុះនានា និងការបាញ់ប្រហារក្នុងសង្កាត់មួយនាភាគកណ្ដាលក្រុងបាងកក ។ មនុស្ស៥នាក់ក្នុងនោះមានប៉ូលិសម្នាក់បានត្រូវស្លាប់ ហើយមនុស្សជាង៦០នាក់ទៀតត្រូវរបួស។
ប្រមុខក្រុមប្រឹក្សាសន្ដិសុខជាតិថៃ លោក ប៉ារ៉ាឌន ប៉ាតាណាតាប៊ុត គូសបញ្ជាក់ប្រាប់ AFP ថា ពុំមានអន្ដរាគមន៍ថ្មីរបស់កងកម្លាំងប៉ូលិសគ្រោងធ្វើនាថ្ងៃទី១៩ កុម្ភៈ ឡើយ ។ លោកអះអាងថា ប្រតិបត្ដិការមុននេះ ពុំមែនជាបរាជ័យមួយឡើយសម្រាប់អាជ្ញាធរ ៕
ចែករំលែកព័តមាននេះ