រាជធានីភ្នំពេញ ៖ មុខសញ្ញាក្រុមចោរប្លន់យ៉ាងសកម្មចំនួន៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៩ កុម្ភៈ នៅពេលដែលក្រុមនេះប្រមូលផ្តុំគ្នាដោះដូរគ្រឿងម៉ូតូនៅក្បែរជ្រោះព្រាត់ស្នេហ៍ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រមទាំងដកហូតបានកាំភ្លើងខ្លីម៉ាកកា៥៤ មួយដើម និងម៉ូតូចំនួន២គ្រឿង ។
នៅក្នុងប្រតិបត្តិការនេះ មានការផ្ទុះអាវុធបាញ់តដៃគ្នាជាច្រើនគ្រាប់ និងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយជនម្នាក់ជាមេខ្លោង ដែលមានដីកាចាប់ខ្លួនចំនួន២ បានរងរបួសចំនួន២គ្រាប់ ។ ជនដែលត្រូវចាប់ខ្លួនមាន ១-ឈ្មោះ ហុំ បូរិន ហៅប៊យ ភេទប្រុស អាយុ២៨ឆ្នាំ ជាមេខ្លោង ស្នាក់នៅផ្ទះលេខ១៤៣G ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ជននេះមានដីកាចាប់ខ្លួនចំនួន២ គឺប្លន់ប្រដាប់អាវុធ និងប៉ុនប៉ងមនុស្សឃាត ។ ២-ឈ្មោះ យឹម លីម៉េង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និង៣-ឈ្មោះ ជា កុម្ភៈ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវរថភ្លើង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានជិះល្បាតនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនចំនួន៤នាក់ កំពុងជួបជុំគ្នានៅមាត់ជ្រោះព្រាត់ស្នេហ៍ និងកំពុងតែដោះដូរគ្រឿងម៉ូតូចំនួន២គ្រឿង ។ ដោយមានការសង្ស័យ កម្លាំងកងរាជអាវុធហត្ថ បានឃាត់សួរនាំ ក៏ត្រូវជនម្នាក់ដែលជាមេខ្លោង ដកកាំភ្លើងខ្លីបាញ់សំដៅមកលើកម្លាំងសមត្ថកិច្ច រួចរត់គេចខ្លួន ។ ភ្លាមៗនោះដែរ ជន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែង ។ ចំណែកម្នាក់រត់គេចខ្លួនបាត់ និងម្នាក់ទៀតមានកាំភ្លើង បានបាញ់តដៃជាមួយសមត្ថកិច្ច ហើយត្រូវសមត្ថកិច្ចបាញ់ត្រូវចំនួន២គ្រាប់ គឺត្រូវជើង១គ្រាប់ និងដៃ១គ្រាប់ ហើយព្យាយាមរត់គេចចូលក្នុងព្រៃ ។
មន្ត្រីកងរាជអាវុធហត្ថ ឱ្យដឹងទៀតថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកងកម្លាំងអន្តរាគមន៍ឡោមព័ទ្ធប្រមាណ១ម៉ោង ហើយឃាត់ខ្លួនជនម្នាក់ដែលជាមេខ្លោងបាញ់តដៃជាមួយសមត្ថកិច្ច ដែលកំពុងតែសម្ងំលាក់ខ្លួនក្នុងព្រៃ ។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនបានទាំងអស់ចំនួន៣នាក់ ដកហូតបានកាំភ្លើងខ្លីម៉ាកកា៥៤ មួយដើម និងម៉ូតូចំនួន២គ្រឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ ។ លុះនៅវេលាថ្ងៃត្រង់ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តសហការជាមួយកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ចុះឆែកឆេរលំនៅឋានជនទាំង៣នាក់ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចំនួន២កន្លែង និងមួយកន្លែងទៀតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ចំពោះប្រតិបត្តិការចុះឆែកឆេរលំនៅឋានទាំង៣កន្លែងខាងលើនេះ សមត្ថកិច្ចពុំមានរកឃើញវត្ថុតាងអ្វីឡើយ និងកំពុងស្រាវជ្រាវរកបក្សពួកបន្តទៀត ៕
ចែករំលែកព័តមាននេះ