ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​​មហន្ដរាយ​​បាក់​​ច្រាំង លំនៅ​​ឋាន​៣​​ខ្នង​ធ្លាក់​ចូល​ទឹក​​កណ្ដាល​​យ​ប់​ ម្ដាយ កូន ចៅបាត់​ខ្លួន​នៅ​បាត​​ទន្លេ

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ មនុស្ស​ចំនួន​៣​នាក់​ បាន​បាត់​ខ្លួន​ ខណៈ​ផ្ទះ​៣ខ្នង​ ដែល​សង់​លើ​ច្រាំង​ទន្លេ​មេគង្គ​ បាន​បាក់​ដី​ស្រុត​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ កាល​ពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៨​ កុម្ភៈ​ នៅ​ចំណុច​ភូមិ​ព្រះ​ប្រសប់​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់​កណ្តាល​ ដែល​មូល​ហេតុ​បណ្តាល​មក​ពី​ការ​បាក់​ច្រាំង​ទន្លេ​ ។​

ខេត្ត​កណ្តាល​ ៖ មនុស្ស​ចំនួន​៣​នាក់​ បាន​បាត់​ខ្លួន​ ខណៈ​ផ្ទះ​៣ខ្នង​ ដែល​សង់​លើ​ច្រាំង​ទន្លេ​មេគង្គ​ បាន​បាក់​ដី​ស្រុត​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ កាល​ពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៨​ កុម្ភៈ​ នៅ​ចំណុច​ភូមិ​ព្រះ​ប្រសប់​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់​កណ្តាល​ ដែល​មូល​ហេតុ​បណ្តាល​មក​ពី​ការ​បាក់​ច្រាំង​ទន្លេ​ ។​

មន្ត្រី​នគរ​បាល​ស្រុក​ខ្សាច់​កណ្តាល​ ឱ្យ​ដឹង​ថា​ គ្រោះ​បាក់​ច្រាំង​ទន្លេ​នេះ​ បណ្តាល​ឱ្យ​លំនៅ​ឋាន​អ្នក​ភូមិ​ចំនួន​៣​ខ្នង​ ក្នុង​នោះ​មាន​១ខ្នង​ បាន​ស្រុត​លិច​បាត់​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​ និង​២ខ្នង​ទៀត​ បាន​ស្រុត​បាក់​ដាច់​មួយ​កំណាត់​ក្រោយ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ ។ ក្នុង​ឧប្បទ្ទវ​ហេតុ​ដ៏​សោក​សៅ​នេះ​ បាន​ប៉ះ​ពាល់​ដល់​មនុស្ស​ចំនួន​៥នាក់​ ក្នុង​នោះ​មាន​២នាក់​សង្គ្រោះ​ទាន់​ពេល​វេលា​ ។ ចំណែក​៣នាក់​ទៀត​ មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ គឺ​បាត់​ខ្លួន​ក្នុង​ទឹក​ទន្លេ​ជាមួយ​លំនៅ​ឋាន​លិច​បាត់​ ដែល​សន្មត់​ថា​អាច​នឹង​ស្លាប់​ ។​
មន្ត្រី​នគរ​បាល​ស្រុក​ ឱ្យ​ដឹង​ទៀត​ថា​ មនុស្ស​៣នាក់​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ទឹក​ទន្លេ​នោះ​មាន​ ១-​ឈ្មោះ​ ប៉ុក​ សំអុល​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ ជា​ម្តាយ​ ២-​ឈ្មោះ​ ចេក​ ព្រិល​ ភេទ​ប្រុស​ អាយុ​២ឆ្នាំ​ ជាកូន​ និង​៣-​ឈ្មោះ​ ចេក​ ឈួយ​ ភេទ​ប្រុស​ អាយុ​១ឆ្នាំ​ ត្រូវ​ជា​ចៅ​ ។​

ទាំង​៣នាក់​ដែល​សន្មត់​ថា​ស្លាប់​ គឺ​ជា​​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ស្រុត​បាក់​លិច​បាត់​ចូល​ក្នុង​បាត​ទន្លេ​ ហើយ​ផ្ទះ​១ខ្នង​នេះ​ធ្វើ​ពី​ឈើ​ខាង​លើ​ និង​ថ្ម​ខាង​ក្រោម​ ដែល​មាន​ទំហំ​៥ម៉ែត្រ​ គុណ​១០ម៉ែត្រ​ លិច​បាត់​ក្នុង​ទឹក​ ។​ ចំណែក​២ខ្នង​ទៀត​ ដែល​ប្រេះ​បាក់​ដាច់​មួយ​កំណាត់​នោះ​ គឺ​ធ្វើ​ពី​ថ្ម​ និង​មាន​ម៉ូតូ​សេ១២៥​ ស៊េរី​ឆ្នាំ​១៩៩៩​ មួយ​គ្រឿង​ លិច​បាត់​ក្នុង​ទន្លេ​ផង​ដែរ​ ព្រម​ទាំង​ខូច​ខាត​ និង​បាត់​បង់​សម្ភារ​អស់​ជា​ច្រើន​ ។​ ច្រាំង​ទន្លេ​ដែល​បាក់​ស្រុត​នោះ​មាន​ប្រវែង​បណ្តោយ​៦០ម៉ែត្រ​ និង​ទទឹង​១០ម៉ែត្រ​ ។​ មន្ត្រី​អាជ្ញា​ធរ​ស្រុក​ខ្សាច់​កណ្តាល​ ឱ្យ​ដឹង​ថា​ ការ​បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ​ត្រង់​ចំណុច​ភូមិ​ព្រះ​ប្រសប់​នេះ​ គឺ​ជា​គ្រោះ​ធម្មជាតិ​ ដែល​ចំណុច​នេះ​ជា​មុខ​ទឹក​របស់​ទន្លេ​មេគង្គ​ ដែល​ហូរ​មក​ពី​ចំណុច​ឃុំ​ស្វាយ​រមៀត​ ឃុំ​ព្រែក​តាមាក់​ បុក​ចំ​មក​ត្រង់​ចំណុច​ព្រះ​ប្រសប់​នេះ​តែ​ម្តង​ និង​បាន​បាក់​ច្រាំង​រៀង​រាល់​ឆ្នាំ​ ។

មាន​ការ​រិះ​គន់​ថា​ បើ​ដឹង​ថា​ចំណុច​នោះ​ជា​មុខ​ទឹក​ដែល​បុក​អាច​បង្ក​គ្រោះ​ថ្នាក់​បែប​នេះ​ ហេតុ​អ្វី​អាជ្ញា​ធរ​បណ្តោយ​ឱ្យ​មាន​ការ​សង់​ផ្ទះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​បែប​នេះ​ ?​
មន្ត្រី​អាជ្ញា​ធរ​ស្រុក​ ឱ្យ​ដឹង​ទៀត​ថា​ គ្រោះ​ថ្នាក់​ខាង​លើ​នេះ​ អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ​ ឃុំ​ ស្រុក​ សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ បាន​ចុះ​ទៅ​ជួួយ​អន្តរា​គមន៍​ភ្លាមៗ​ផង​ដែរ​ និង​ជួយ​សង្គ្រោះ​បាន​មនុស្ស​២នាក់​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ។​ ដោយ​ឡែក​ មនុស្ស​៣នាក់​មាន​ម្តាយ​ កូន​ និង​ចៅ​ ដែល​បាត់​ខ្លួន​ក្នុង​ទឹក​ទន្លេ​នោះ​ កំពុង​រាវ​រក​ តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ​ ។​ ហើយ​ក្នុង​នាម​អាជ្ញា​ធរ​មូល​ដ្ឋាន​ ជាពិសេស​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​ បាន​និង​កំពុង​រៀប​ចំ​អំណោយ​មនុស្ស​ធម៌​ ដើម្បី​យក​ទៅ​ផ្តល់​ជូន​ក្រុម​គ្រួសារ​រង​គ្រោះ​នៅ​រសៀល​ថ្ងៃ​ទី​១៩​ កុម្ភៈ​ នេះ​ហើយ​ ។​

ការ​រាវ​រក​អ្នក​បាត់​ខ្លួន​តាំង​ពី​ព្រឹក​រហូត​មក​ដល់​ម៉ោង​១រសៀល​ រក​ពុំ​ទាន់​ឃើញ​នៅ​ឡើយ​ទេ​ ។​ អាជ្ញា​ធរ​និយាយ​ថា​ មាន​តែ​រង់​ចាំ​ទាល់​តែ​សព​អណ្តែត​ហើយ​មើល​ទៅ​ ៕​