ខេត្តកំពត ៖ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ របស់លោកឆោម សារុំ ហៅធី អាយុ៤៥ឆ្នាំ អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចបានបើកគេចក្មេងដើរឆ្លងផ្លូវជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារពោះកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ពីស្រុកកំពង់ត្រាច ទៅកាន់ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅភូមិដំណាក់ត្របែក ឃុំឫស្សីស្រុក ខាងលិច ស្រុកកំពង់ត្រាច ។
មន្ត្រីប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំឫស្សីស្រុកខាងលិចបាននិយាយថា រថយន្តលោកឆោម សារុំ បើកពីជើងទៅត្បូងចេញពីធ្វើការឆ្ពោះទៅផ្ទះពេលបើកបរមកដល់កន្លែងកើតហេតុស្រាប់តែលោកគ្រូពេទ្យងងឹតមុខក៏រេចង្កូតរថយន្តធ្លាក់ផ្លូវក្រឡាប់តែម្ដង ។ រីឯប្រភពព័ត៌មានមួយទៀតត្រូវគេនិយាយថា លោកគ្រូពេទ្យរូបនោះបើករថយន្តគេចពីក្មេងដើរឆ្លងផ្លូវបង្កឱ្យជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារពោះក្បែរផ្ទះអ្នកស្រុកតែសំណាងល្អអ្នកបើកបរមិនគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
លោក ទំ ទិត មន្ត្រីនគរបាលស្រុកកំពង់ត្រាចបានបញ្ជាក់ថា រថយន្តរបស់លោកអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ដែលក្រឡាប់នោះខូចខាតស្ទើរទាំងស្រុង រីឯម្ចាស់ជិះតែម្នាក់ឯងក្នុងរថយន្តរបួសស្រាល ។ នេះជាការ គ្រោះថ្នាក់ដែលបង្កឡើយដោយខ្លួនឯងនិងមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ៕
ចែករំលែកព័តមាននេះ