ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រំចង់​​ ឃើញ​​ផល​វិជ្ជ​​មាន​​2 ក្នុង​ជំ​នួប​​ប៉ះ​ជើង​​ខ្លាំង​ថៃ​​នៅ​​ថ្ងៃ​​ស្អែក​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កីឡាករ​ល្បី​ឈ្មោះ​របស់​កម្ពុជា​ កែវ​ រំចង់ បាន​ទៅ​ដល់​ទឹក​ដី​ថៃ​ហើយ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ​ម្សិល​ម៉្ងៃ​តាម​ច្រក​ប៉ោយ​ប៉ែត ។​

រាជ​ធានី​ភ្នំពេញ​ ៖ កីឡាករ​ល្បី​ឈ្មោះ​របស់​កម្ពុជា​ កែវ​ រំចង់ បាន​ទៅ​ដល់​ទឹក​ដី​ថៃ​ហើយ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ​ម្សិល​ម៉្ងៃ​តាម​ច្រក​ប៉ោយ​ប៉ែត ។​ អ្វី​ដែល​លោក​អះ​អាង​ក្នុង​ពេល​ចេញ​ដំណើរ​ គឺ​នឹង​ទទួល​បាន​នូវ​ចំណុច​វិជ្ជ​មាន​២​ បើ​ទោះ​ជា​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដ៏​ល្បី​ឈ្មោះ​នា​ថ្ងៃ​ទី​២២ កុម្ភៈ​ ស្អែក​ស្ថិត​ក្នុង​លទ្ធ​ផល​ដូច​ម្តេច​ក្តី ។​

នៅ​សល់​មិន​ច្រើន​ម៉ោង​ទៀត​នោះ​ទេ​ វេទិកា​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិ​ការណ៍​ Thai Fight ដែល​កីឡាករ​ល្បី​ឈ្មោះ​បំផុត​របស់​ថៃ​ប្រកួត​ជាមួយ​កីឡាករ​ល្បី​ឈ្មោះ​ផុត​លេខ​របស់​កម្ពុជា នឹង​ចាប់​ផ្តើម​ ។ នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​ដ៏​កម្រ និង​ចាត់​ទុក​ថា​ជា​ប្រវត្តិ​សាស្ត្រ​ ខណៈ​ដែល​កន្លង​មក​ប្រទេស​ថៃ​កម្រ​បញ្ចេញ​កីឡាករ Yodsanklai ដែល​ជា​ដៃគូ​របស់​ កែវ រំចង់ រូប​នេះ​ឱ្យ​ឡើង​ប្រកួត​ក្នុងស្រុក​ខ្លាំង​ណាស់​ គឺ​លើក​លែង​តែ​នោះ​ជា​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​ ឬ​ជា​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ខ្នាត​យក្ស​ដែល​ជន​ជាតិ​ថៃ​គិត​ថា ​មិន​អាច​ដាក់​ក្រៅ​ពី​កីឡាករ​រូប​នេះ​បាន ។​ ការ​រៀបចំ​ឱ្យ​ Yodsanklai ប៉ះ កែវ រំចង់​ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការបំបាក់​ភាព​ល្បី​របស់ កែវ រំចង់​ ដែល​ទើប​តែ​មាន​សំណាង​បាន​ឡើង​រេញ​របស់​ថៃជា​លើក​ដំបូង​ បុ៉ន្តែ​ក្រុម​អ្នក​គាំទ្រ​និង​កីឡាករ​កែវ រំចង់​ ផ្ទាល់​បែរ​ជា​មើល​ឃើញ​ពី​ផល​វិជ្ជ​មាន​ល្អ​ប្រសើរ​ជាង​នេះ​ទៅ​វិញ ។​ ព្រឹត្តិ​ការណ៍​នេះ​ចាប់​ផ្តើម​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​បុ៉ស្តិ៍​លេខ​៣ ថៃ​ ចាប់​ពី​​​ម៉ោង​៥​​និង​៤៥​នាទី​ល្ងាច​តទៅ​ នៅ​ថ្ងៃ​សៅរ៍​ ទី​២២​ កុម្ភៈ​ស្អែក​នេះ​ ដោយ​មាន​ការ​រំពឹង​ថា នឹង​មាន​អ្នក​​ទស្សនា​រហូតដល់​រាប់​លាន​នាក់​ឯ​ណោះ​ ដោ​យសារ​តែ​កីឡាករ​ Yodsanklai ​របស់​ថៃ​ត្រូវ​គេ​ស្គាល់​ថា​ ជា​កីឡាករ​លំដាប់​ពិភព​លោក​ និង​ធ្លាប់​មាន​មុខ​នៅ​លើ​រេញ​អន្តរ​ជាតិ​ឡើង​ជាប់​ឈ្មោះ​ជា​ប្រវត្តិ​សាស្ត្រ​ច្រើន​លើក​រួច​ទៅ​ហើយ ។​

តាម​ប្រវត្តិ​ជាក់​ស្តែង​ កីឡាករ​ថៃ​រូប​នេះ​បាន​ចាប់​ផ្តើម​ប្រដាល់​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៣ ​និង​បាន​​ក្លាយ​ខ្លួន​ជា​កីឡា​ករ​ប្រដាល់​លំដាប់​ថ្នាក់​អន្តរ​ជាតិ​របស់​ប្រទេស​ថៃ​តែ​ម្តង​ក្នុង​បុ៉ន្មាន​ឆ្នាំ​ចុង​ក្រោយ​ ព្រោះតែ​ភាព​ល្បី​ខ្លាំង ។​ គេ​មាន​វ័យ​២៩​ឆ្នាំ​ កម្ពស់​១,៧១​ម៉ែត្រ​ ធ្លាប់​ប្រកួត​រហូត​ដល់​ទៅ​២៦២​ដង ឈ្នះ​១៨៧​ដង​ និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ប្រមាណ​៧២​ដង ។​ គេជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក World Boxing Council ក្នុង​ប្រភេទ​ទម្ងន់​១៥៤​ផោន និង​នៅ​ជា​ជើង​ឯក​៣​ជំនាន់​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ថៃ​ប្រចាំ​កីឡ​ដ្ឋាន​ Lumpinee Stadium ក្នុង​ប្រភេទ​ទម្ងន់​១១២​ ដល់​១៤៧​ផោន ។ នៅ​ក្នុង​ប្រទេស​ថៃ​ គេ​ត្រូវ​ជនជាតិ​ថៃ​ផ្តល់​រហស្ស​នាម​ថា «អ្នកប្រដាល់​ Computer»​ ដោយ​សារ​តែ​តិច​និក​ក្នុង​ការ​វាយ​លុក​របស់​គេ​គឺ​រហ័ស​ ហើយ​ខ្លាំង​ដែល​មិន​ខុស​ពី​កណ្តាប់​ដៃ​ញញួរ​ដែក ។​ គេជា​ម្ចាស់​ខ្សែ​ក្រវាត់​ The Contender Asia ផង​ដែរ​ ជា​មួយ​នឹង​ការ​ទទួលបាន​ប្រាក់​រង្វាន់​រហូត​ដល់​១៥​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ការ​យក​ឈ្នះ​កីឡាករ​លំដាប់​ពិភព​លោក​ដូចគ្នា​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​លើ​សង្វៀន​អន្តរ​ជាតិ​នា​ពេល​ថ្មីៗ​កន្លង​ទៅ​​នេះ ។​

កែវ រំចង់ បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន​ក្នុង​ពេល​ចេញ​ដំណើេរ​តាម​រថយន្ត​​ថា លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​លទ្ធផល​​ការប្រកួត​នោះ​ទេ ។​ ផ្ទុយ​ទៅ​វិញ​ លោក​កំពុង​បង្ហាញ​មោទន​ភាព​ដែល​ខ្លួនបាន​ចេញទៅ​ប្រកួត​ជា​មួយ​ថៃ​លើក​ទី​១​ ហើយបែរ​ជា​បា​នប៉ះ​ជា​មួយ​កីឡាករ​លំដាប់​ជួរ​ទី​១​ របស់​ថៃ​ ដូច​ការ​ចង់​បាន​នាពេល​កន្លង​មក​​នោះ​ទៀត​ផង ។​ លោក​មិន​យល់​ថា​ នោះ​ជា​ការ​បំបាក់​របស់​អ្នក​រៀបចំ​ការ​ប្រកួត​នៅ​ថៃ​នោះ​ទេ​ ដោយ​លោកបែរ​ជា​យល់​ថា​ នោះ​ជា​វិធាន​ការណ៍​លើក​មុខ​មាត់​របស់​លោក​របស់​ជន​ជាតិ​ថៃ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ទៅ​វិញ ។​ តារា​កីឡា​ប្រដាល់​ល្បី​ឈ្មោះ​រូប​នេះ​និយាយ​ថា «ខ្ញុំ​គិត​ថា ខ្លួន​ខ្ញុំ​មាន​តម្លៃ​ខ្ពស់​ណាស់​ ទើប​ប្រទេស​គេ​បញ្ចេញ​កីឡាករ​ល្បី​ឈ្មោះ​របស់​គេ​ឱ្យវ៉ៃ​ជា​មួយ​ខ្ញុំ ដូច្នេះ​សម្រាប់​ខ្ញុំ ទោះ​ជា​ការ​ប្រកួត​នោះ​ទទួល​លទ្ធ​ផល​​បែប​ណា​ បុ៉ន្តែ​ផល​វិជ្ជ​មាន២​នឹង​ធ្លាក់​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​ !» ។​ ផល​វិជ្ជ​មា​ន​ដែល​លោក​សំដៅ​នោះ​រួម​មាន​ កេរ្តិ៍​ឈ្មោះ​ដែល​ទទួល​បាន​ពី​ការ​ផ្គូ​ផ្គង​ឱ្យ​ប៉ះ​ជា​មួយ​ Yodsanklai ​និង​បទ​ពិសោធន៍​ដែល​បាន​ពី​ការប៉ះ​ជាមួយ​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​របស់​ថៃ​រូប​នោះ​តែ​ម្តង ។​

ដូច​គ្នា​នឹង​ការ​បញ្ជាក់​ប្រាប់​ គេ​ឃើញ​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បុ៉ស្តិ៍​លេខ​៣ ថៃ​មាន​ការ​ផ្សព្វ​ផ្សាយ​​ពី​ព្រឹត្តិ​ការណ៍​នេះ​យ៉ាងគគ្រឹក​គគ្រេង​ ខណៈ​ដែល​នៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់​ថៃ ក៏​មាន​ការ​សរសេរ​វិភាគ​ជា​ច្រើន​ដើម្បី​ស្រង់​យក​ការ​ព្យា​ករណ៍ថា​ តើ​ការ​ប្រកួត​ដ៏​ធំ​របស់​ថៃ​ជាមួយ កែវ រំចង់​ រូប​នេះ កម្ពុជា​ឬ​ថៃ​ជា​អ្នក​ទទួលបាន​មោទន​ភាព ។​ ក្រុម​អ្នក​គាំទ្រ​ កែវ រំចង់​ និយាយ​ថា​ កម្រិត​នៃ​ការ​យក​ឈ្នះ​លើ​ថៃ គឺ​ជា​រឿង​តិច​ណាស់​ដែល​សង្ឃឹម​ បុ៉ន្តែអ្វី​ដែល​ កែវ រំចង់​ ទទួលបាន​តាំងពី​មុន​ប្រកួត​ គឺ​ការ​ចាប់​អារម្មណ៍​ដ៏​ទូលំ​ទូលាយ​ទាំង​ពល​រដ្ឋ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​ ។ យោង​តាម​ការ​វិភាគ​នេះ​មាន​ន័យ​ថា​ កែវ រំចង់​ បាន​រួច​ផុត​ពី​ការ​រិះគន់​របស់​មហា​ជន​ខ្មែរ​បាត់​ទៅ​ហើយ​ បើ​ទោះ​ជា​មិ​នទទួលបាន​ជ័យ​ជម្នះ​ពី​ការ​ប្រកួត​នៅ​ថ្ងៃស្អែក​ត្រឡប់​មក​វិញ។​ ត្រង់​នេះ​ហើយ​ដែល​គេ​ប្រាប់​ថា​ នោះ​ជា​អ្វី​ដែល​ខ្លួន​ទទួលបាន​តាំង​ពី​ជំហាន​ដំបូង​ បន្ទាប់​ពី​ដឹង​ថា​ដៃ​គូ​ដែល​ថៃ​ឱ្យ​ប៉ះ​ គឺ​កីឡាករ​ Yodsanklai ​ដែល​មាន​ឈ្មោះ​ល្បី និង​មានតម្លៃ​ខ្លួន​លំដាប់​លានបាត​ដែល​មិន​មែន​ជា​កីឡា​ករ​ធម្មតា។​ កែវ រំចង់​ ប្រាប់​ថា​ ក្នុង​ជីវិត​ជា​​កីឡា​ករ​របស់​គេ​ចូល​ចិត្ត​ការ​ឡើង​ប្រកួត​ជាមួយ​កីឡា​ករ​ល្បី ។​ អុីចឹង​ហើយ​ ទើប​គេ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធ​ភាព​ដើម្បី​បាន​ផល​វិជ្ជ​មាន​មួយ​ផ្សេ​ង​ទៀត​ពី​កេរ្តិ៍​ឈ្មោះ​ ការ​ចាប់​អារម្មណ៍​ និងបទ​ពិសោធន៍​ប៉ះ​អ្នក​ខ្លាំង​ដែល​មាន​នៅ​ក្នុង​ដៃ​ស្រាប់។ លោក​មិន​សង្ឃឹម​ឈ្នះ​ទេ​ បុ៉ន្តែបើ​អាច​បំបាក់​មុខ​ឱ្យ Yodsanklai ឈ្នះ​ទាំង​វេទនា​ ឬ​ឈ្នះ​ក្នុង​រូប​ភាពប្រផិត​ប្រផើយ​​នោះ​មាន​ន័យ​ថា​ តម្លៃ​ខ្លួ​នរបស់​លោក​ និង​ភាព​ល្បី​ល្បាញ​របស់​លោក​ នឹង​កើន​ឡើង​ជាក់​ជា​មិន​ខាន ។​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ បើ កែវ រំចង់​ ពិត​ជាអាច​ធ្វើ​អ្វី Yodsanklai បាន​មែន​មាន​ន័យថា​ គេ​នឹង​បើក​ប្រវត្តិ​សាស្ត្រ​ធ្វើ​ឱ្យ​ពិភព​លោក​ស្គាល់​គេ​ជា​​អន្តរ​ជាតិ​តែម្តង ដោយ​មិន​ចាំបាច់​ប្រើ​ពេល​ឡើង​​ប្រកួត​ជា​មួយ​កីឡា​ករ​លំដាប់​ពិភពលោក​ច្រើន​នាក់​​នាំ​ឱ្យ​ខាត​ពេល​ច្រើន​ទេ ។​

ទោះ​បី​យ៉ាងណា​ តាម​ការ​អះ​អាង​របស់​កីឡាករ Yodsanklai ​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញ​សារ​ព័ត៌មាន​ថៃ​ថា​ គេ​នឹង​មិន​ធ្វើ​ឱ្យ​ជន​ជាតិ​របស់​គេ​ខក​បំណង​នោះ​ទេ​ ជាមួយ​នឹង​ការ​ប៉ះ​គ្នា​ជា​លើក​ដំបូង​ជា​មួយ​ ​កែវ រំចង់​ ដែល​ល្បី​ថា​ខ្លាំង​ផុត​លេខ​របស់​ប្រទេស​កម្ពុជា​នេះ ។​ កែវ រំចង់ មិន​មែនជា​កីឡាករ​​ដំបូងរបស់​ព្រឹត្តិ​ការណ៍ Thai Fight នោះ​ទេ បុ៉ន្តែ​មហា​ជន​ទាំង​កម្ពុជា​និង​ថៃ​ ​ហាក់​ចាប់​អារម្មណ៍​ចំពោះ​គេ​ខ្លាំង​ខុស​​ពី​វត្ត​មាន​របស់​កីឡាករ​កម្ពុជា​មុនៗ​ ដែល​នេះ​ គឺ​បណ្តាល​មក​ពី​ថៃ​បាន​ដាក់​កីឡាករ​លំដាប់​កំពូល​ Yodsanklai ​ឱ្យ​ប៉ះជា​មួយ​គេ​នោះ​តែ​ម្តង ៕​