ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន ស៊ី​ចាន់​ ជួប​​នឿន សាវឌី​ ចំណែក​​ផាន់ គ្រាន់​​ ជួប​ឡៅ ចន្ទ្រា​​ ​នៅ​រេញ ​CTN

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​ ក្នុងប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​នៅ​លើ​សង្វៀន CTN ថ្ងៃ​សៅរ៍ ទី​២២ កុម្ភៈ​ ស្អែក​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣​ហើយ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​ ក្នុងប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​នៅ​លើ​សង្វៀន CTN ថ្ងៃ​សៅរ៍ ទី​២២ កុម្ភៈ​ ស្អែក​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣​ហើយ​ ។​ កីឡា​ករ​ដែល​ជា​បេក្ខ​ភាព​​ឡើងប្រកួត​​នៅ​ពេល​នោះ​មាន​ ខុន​ ស៊ីចាន់​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ ត្រូវ​ជួប​ជា​មួយ​ នឿន​ សាវឌី​ ​មក​ពី​ក្លិប​អេភូថង​កីឡា​ ចំណែក​ ផាន់ គ្រាន់​ មក​ពី​ក្លិប​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជួប​ជា​មួយ​ ឡៅ ចន្ទ្រា​ មក​ពីក្លិប​​ទ័ព​ពិសេស​ឆត្រ​យោង​
៩១១ ។​

កាលពី​សប្តាហ៍​ទី​១ ខុន ស៊ីចាន់​ ប្រកួត​ចាញ់​ពិន្ទុ​ ឡៅ ចន្ទ្រា​ ដាច់​រួច​ម្តង​មក​ហើយ​ តែ​ពេល​មក​ប៉ះ នឿន​ សាវឌី​ លើក​នេះ​បែប​មិន​អី​ទេ ព្រោះ​បើ​ប្រៀប​ធៀប​សមត្ថភាព​ប្រកួត​រវាង​ពួក​គេទាំងពីរ​អាច​ស៊ីសង​គ្នា​បាន​​ ។​ ខុន ស៊ីចាន់​ បើ​ទោះ​ជា​គេ​មិ​នសូវ​ពូកែ​ស្នៀត​កែង​ និង​ជង្គង់មែន តែ​ស្នៀត​ជើង​ទាត់ និង​កណ្តាប់​ម៉ាត់​ពេល​វាយ​ និង​ទាត់​ចេញ​ម្តងៗ​ចំ​គោល​ដៅ​ល្អណាស់​ ថែម​ទាំង​មាន​កម្លាំង​ខ្លាំង​ទៀត​ផង​ ឯ​ចិត្ត​ក៏​សឿង​​ទៀត។​ ជា​ពិសេស​ គេជា​កីឡា​ករ​ដែល​មិន​ចេះ​មើល​ស្រាល​លើ​គូ​ប្រកួត​ឡើយ ។​ ទោះ​បី​យ៉ាង​ណា គេ​​​មិន​ហ៊ាន​អះ​អាង​ទុក​មុន​ថា ឈ្នះ​មួយ​រយ​​ភាគរយ​នោះ​ដែរ គ្រាន់តែ​គេ​មាន​ជំនឿ​ចិត្ត​ច្រើន​ ព្រោះ​ នឿន​ សាវឌី​ អត់​មាន​ស្នៀត​អី​ដែល​ពូកែ​ធ្វើ​ឱ្យ​គេ​ពិបាក​ទប់​ទល់​ឡើយ ។​ នឿន​ សាវឌី​ អន់​ស្នៀត​កែង​និង​ជង្គង់​ ឯចិត្ត​ក៏​មិន​សូវ​សឿង​ទៀត ។​ បើ​និយាយ​ពី​ស្នៀត​ជើង​ និង​ស្នៀត​កណ្តាប់​ដៃ​អាចប្រើ​ការ​បាន​ ទាស់​តែ​មិ​នសូវ​រហ័ស​រហួន​ និង​ពេល​វាយចេញ​ម្តងៗ​មាន​កម្លាំង​ខ្សោយ​បន្តិច​ ទើប​ជួប ខុន ស៊ីចាន់​ លើក​នេះ​គេ​មិ​នសូវ​មាន​ជំនឿ​ចិត្ត​ឈ្នះ​បុ៉ន្មាន​ឡើយ ។​

នឿន​ សាវឌី​ កាល​ពី​ប្រកួត​នៅ​ជុំ​ទី​១​ គេ​បាន​ចាញ់​សន្លប់​ក្រោម​ស្នៀត​ជើង​របស់ ផាន់​ គ្រាន់​ នៅ​ត្រឹម​ទឹក​ទី​៤ ដូច្នេះ​ការ​ស្វែង​រក​៣​ពិន្ទុ​ពី​ការ​ប្រកួត​លើក​​នេះ​បែប​មិន​សូវ​មាន​សង្ឃឹម​ទេ ។​ ផាន់ គ្រាន់​ និង ឡៅ​ ចន្ទ្រា​ សុទ្ធ​តែ​ជា​អ្នក​រក​បាន​៣​ពិន្ទុ​មុន​ដូចគ្នា​ បុ៉ន្តែ​ពួក​គេ​នៅ​តែ​មាន​មហិច្ឆតា​ចង់​បាន​៣​ពិន្ទុបន្ថែម​សម្រាប់​ការ​ប្រកួត​លើក​នេះ ។​ ផាន់ គ្រាន់​ ចាញ់​ប្រៀប​កម្ពស់ ឡៅ ចន្ទ្រា បន្តិច​ បុ៉ន្តែ​គេអាច​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ខ្លាំងណាស់ ។​ ស្នៀត​ជើង​របស់​គេ​អាច​ធ្វើ​ការ​ទាត់​ចេញ​បាន​យ៉ាង​រហ័ស និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង​ រី​ឯ​ស្នៀត​កណ្តាប់​ដៃ និង​ស្នៀត​កែង​ក៏​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដែរ​ បើ​គូ​ប្រកួត​ហ៊ាន​តែ​ប្រ​ហែស​បន្តិច​ច្បាស់​ជា​វីវរ​មិន​ខាន ។​ យ៉ាង​ណា​ក៏​ដោយ​ការ​មក​ប៉ះ​ ឡៅ ចន្ទ្រា​ លើក​នេះ​បើ​ចង់​បាន​៣​ពិន្ទុ​ទៀត​ គឺ​​ជា​រឿង​មិន​ងាយ​ស្រួល​នោះ​ឡើយ​ព្រោះ​ ឡៅ ចន្ទ្រា​ មិន​មែន​ជា​ជើង​អន់​ទេ ។​

ក្រៅ​ពី​មានប្រៀប​ខាង​កម្ពស់​ គេ​ចេះ​ប្រើ​គ្រប់​​ស្នៀត​ទាំង​អស់​កែង-​ជង្គង់​ កណ្តាប់​ដៃ​ម៉ាត់​ និង​ការទាត់​ចេញ​ពោរ​ពេញ​ទៅ​ដោយ​សក្តា​នុពល​បំផុត​ តែ​ឡៅ ចន្ទ្រា​ មិន​ហ៊ាន​អួត​ក្អេង​ក្អាង​ទុក​មុន​ថា​ គេ​ពិត​ជា​អាច​យក​ឈ្នះ ផាន់ គ្រាន់​ បាន​មួយ​រយ​ភាគ​រយ​នោះ​ទេ គ្រាន់​តែ​ក្តី​សង្ឃឹម​របស់​គេ​ច្រើន​ជាងគូ​ប្រកួត​បុ៉ណ្ណោះ​ ៕​