មនុស្សយ៉ាងតិច២៥នាក់ទាំងស៊ីវិលទាំងប៉ូលិស ព្រមទាំងអ្នកកាសែតម្នាក់ផងបានត្រូវស្លាប់កាលពីថ្ងៃទី១៨ កុម្ភៈ ក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅទីក្រុងគៀវរវាងពួកបាតុករ និងប៉ូលិស ។ បាតុករ៤នាក់ត្រូវស្លាប់ជាពិសេសក្នុងការវាយលុកកាលពីយប់ថ្ងៃទី១៨ កុម្ភៈ របស់កងកម្លាំងប៉ូលិសលើទីតាំងរបស់ពួកគេ ។
យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងសុខាភិបាលថា ក្រៅពីអ្នកស្លាប់ មនុស្សប្រមាណជា២៤១នាក់ ត្រូវរបួសបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានប៉ូលិស៧៩នាក់ និងអ្នកកាសែត៥នាក់ ។ ចំណែកអ្នកកាសែតដែលស្លាប់ធ្វើការឱ្យកាសែតអ៊ុយក្រែន VESTI ។
ប៉ូលិសប្រឆាំងកុបកម្មកាលពីយប់ថ្ងៃទី១៨ កុម្ភៈ ចាប់ផ្តើមរុលទៅកាន់ទីលានឯករាជ្យនាកណ្តាលក្រុងគៀវកាន់កាប់ដោយពួកបាតុករចាប់តាំងពីច្រើនសប្តាហ៍មកហើយ ។ ពួកបាតុករបានតតាំងជាមួយប៉ូលិសដោយគប់ដបសាំងដុត ប្រើកាំជ្រួចភ្លើង និងគប់ដុំថ្មប្រឈមមុខនឹងការរុលទៅមុខយឺតៗរបស់ប៉ូលិស ។ ប្រតិបត្តិការរបស់ប៉ូលិសធ្វើឡើងបុ៉ន្មានម៉ោងក្រោយបញ្ចប់ឱសានវាទនៃសន្តិសុខរដ្ឋមួយដែលគំរាមកំហែងចាត់វិធានការក្តៅលើពួកបាតុករដែលកាន់កាប់ទីលានឯករាជ្យហៅទីលានម៉ៃអីុដាន ។
តាមរូបភាពផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍អ៊ុយក្រែន គេឃើញប៉ូលិសប្រឆាំងកុបកម្មបាញ់គ្រាប់បែកធ្វើឱ្យហឹងត្រចៀកលើពួកបាតុករ និងឃើញអណ្តាតភ្លើងដែលឆេះតង់ និងអណ្តាតភ្លើងដោយសារការដុតកង់រថយន្ត និងដុំឈើនានា ។លោកវីតាលី គ្លីតស្កូ មេខ្លោងបាតុកម្មម្នាក់នាពេលល្ងាចបានចូលក្នុងវិមានប្រធានាធិបតីដើម្បីជួបជាមួយប្រធានាធិបតីលោកវិកទ័រ អុីយ៉ានូកូវីត ។ ១ម៉ោងបន្ទាប់ពីនោះមក អតីតកីឡាករប្រដាល់ និងមេដឹកនាំប្រឆាំងម្នាក់ទៀតលោកអាសឺនី អុីយ៉ាតសឺនីអ៊ុក ក៏រង់ចាំជួបជាមួយប្រមុខរដ្ឋដែរ ។
ប៉ុន្មានម៉ោងមុននេះ ដោយខ្លាចការវាយលុកភ្លាមៗរបស់កងកម្លាំងប៉ូលិស លោកវីតាលី គ្លីតស្កូ បានស្នើដល់បណ្តានារី និងកុមារឱ្យចាកចេញពីទីលានម៉ៃអុីដាន ចៀសវាងកុំឱ្យមានជនរងគ្រោះថ្មីៗទៀត ។សហរដ្ឋអាមេរិក និងសហភាពអឺរុ៉បដែលគាំទ្រពួកអ្នកតវ៉ាប្រឆាំង បានព្រមានលោកវិកទ័រអីុយ៉ានូកូវីត ប្រឆាំងការបុ៉នប៉ងបង្ក្រាបដោយកម្លាំងលើចលនាតវ៉ានោះ ។ប្រទេសរុស្សីដែលគាំទ្រដល់រដ្ឋអំណាចបច្ចុប្បន្នបានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអ៊ុយក្រែន ។ រុស្ស៊ីថ្លែងថា ការផ្ទុះអំពើហិង្សាកាលពីថ្ងៃទី១៨ កុម្ភៈ ជាផលវិបាកដោយផ្ទាល់នៃការជ្រេៀតជ្រែកខាងនយោបាយរបស់ពួកលោកខាងលិច និងការបិទភ្នែករបស់ពួកអឺរុ៉បលើបណ្តាសកម្មភាពសាហាវរបស់កងកម្លាំងជ្រុលនិយមក្នុងផ្ទៃពួកប្រឆាំង ។
ចលនាតវ៉ានៅអ៊ុយក្រែនផ្ទុះឡើងពីខែវិច្ឆិកាមក ក្រោយពីលោកអុីយ៉ានូកូវីត បដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយខិតទៅរកសហភាពអឺរុ៉ប ហើយងាកមករករុស្ស៊ីជាអតីតអាណាព្យាបាលដ៏ខ្លាំងកាលពីសម័យសហភាពសូវៀតវិញ ។អំពើហិង្សាដែលកើតមានកាលពីថ្ងៃទី១៨ កុម្ភៈ នៅទីក្រុងគៀវជាអំពើហិង្សាយ៉ាងបង្ហូរឈាមនៅអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះចាកចេញពីសហភាពសូវៀតកាលពីឆ្នាំ១៩៩១ មក ។ រយៈពេលជាច្រើនម៉ោងពួកបាតុករ និងកងកម្លាំងប៉ូលិសបានប៉ះទង្គិចគ្នានៅតាមច្រកចូលទាំងឡាយទៅសភា ។
អ្នកនាំពាក្យម្នាក់របស់បូ៉លិសរាយការណ៍ពីប៉ូលិសស្លាប់៦នាក់ ហើយអ្នកស្លាប់ក្រៅពីនោះជាពួកបាតុករ ។ អង្គការស្តាំនិយមជ្រុលដែលសកម្មបំផុតក្នុងការតវ៉ា គឺក្រុម PRAVIY SEKTOR បានបង្កើនបរិយាកាសតានតឹងថែមទៀតដោយអំពាវនាវដល់ពួកអ្នកមានអាវុធទាំងអស់ឱ្យលើកគ្នាមកកាន់ទីលានឯករាជ្យដើម្បីការពារទីលាននោះប្រឈមមុខនឹងកងកម្លាំងប៉ូលិស ៕
ចែករំលែកព័តមាននេះ