រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ចុងក្រោយ បន្ទាប់ពីចាប់ក្រុមចោរប្លន់០៣នាក់ កម្លាំងកងរាជអាវុធហត្ថរាជធានី សហការជាអាវុធហត្ថខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ បានចុះឆែកឆេរលំនៅឋានជនសង្ស័យ២កន្លែង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និងមួយកន្លែងទៀតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃដដែល តែគេមិនទាន់ដឹងលទ្ធផលយ៉ាងណានោះនៅឡើយទេ ។
ជនសង្ស័យមុខសញ្ញាចោរប្លន់ប្រដាប់អាវុធ០៣នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌប្ញស្សីកែវ សហការជាមួយអាវុធហត្ថរាជធានី បង្ក្រាបបាន កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៩ កុម្ភៈ ២០១៤ នៅតាមផ្លូវបេតុង ក្បែរជ្រោះព្រាត់ស្នេហ៍ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ខណៈពួកគេកំពុងធ្វើសកម្មភាពដោះដូរគ្រឿងម៉ូតូដែលប្លន់បាន ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពេលចុះបង្ក្រាប ក៏មានការបាញ់តដៃគ្នារវាងសមត្ថកិច្ច និងក្រុមចោរ បណ្តាលឱ្យចោរម្នាក់រងរបួសជើងម្ខាងផងដែរ ។ ជនសង្ស័យចោរប្លន់ត្រូវបានគេស្គាល់ទី១-ឈ្មោះ ហុំ បូរិន ភេទប្រុស អាយុ២៨ឆ្នាំ ជាមេខ្លោង ស្នាក់នៅផ្ទះលេខ១៤៣G ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ ជននេះមានដីកាចាប់ខ្លួន គឺប្លន់ប្រដាប់អាវុធ និងមនុស្សឃាត ។ទី២-ឈ្មោះ យឹម លីវែង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងទី៣-ឈ្មោះ ជា កុម្ភៈ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវរទេះភ្លើង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ បើតាមមន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញាចោរប្លន់ មានដីកាចាប់ខ្លួនយូរមកហើយ ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូ០២គ្រឿង និងកាំភ្លើងខ្លីម៉ាកកា៥៤មួយដើម ហើយជនសង្ស័យត្រូវបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានី ដើម្បីធ្វើការសាកសួរ៕
ចែករំលែកព័តមាននេះ