យោងតាមគេហទំព័រសិល្បៈចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា កូនភ្លោះស្រីបានជួបជុំគ្នាវិញ បន្ទាប់ពីបែកគ្នាអស់រយៈពេល២៦ឆ្នាំ ។ កត្តាដែលបណ្តាលឱ្យពួកនាងបានជួបគ្នាវិញនេះ គឺតាមរយៈបណ្តាញសង្គម Youtube និង Facebook ។ កូនភ្លោះទាំង២នាក់ កើតនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ១៩៨៧ ក្នុងតំបន់ Port City ទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
៣ខែក្រោយមកអ្នកទាំង២នាក់ ត្រូវបានខណ្ឌចែកព្រេងវាសនា រៀងៗខ្លួនដោយនាង Samantha Futherman ត្រូវក្រុមគ្រួសារជនជាតិអាមេរិកយកទៅចិញ្ចឹម ចំណែកប្អូនស្រីរបស់នាង ត្រូវក្រុមគ្រួសារផ្សេងទៀតយកទៅចិញ្ចឹមក្នុងប្រទេសបារាំង ។ នាង Futherman រីកធំធាត់ទ្បើងក្នុងរដ្ឋញូវ ចេស៊ី សហរដ្ឋអាមេរិក និងបានបញ្ចប់ការសិក្សាផ្នែកសិល្បៈសម្តែងសម័យទំនើបពីសាកលវិទ្យាល័យ បូស្តុន ។ នាងជាតួសម្តែងម្នាក់ក្នុងរឿង «Memories of a Geisha» ផងដែរ ។
ដោយទ្បែកប្អូនស្រីរបស់នាង Futherman បានចម្រើនវ័យធំទ្បើងក្នុងប្រទេសបារាំង ។ នាងបានសិក្សាជំនាញរចនាម៉ូដសម្លៀកបំពាក់ក្នុងទីក្រុងប៉ារីស និងទីក្រុងទ្បុងដ៍ ។
បន្ទាប់ពីទាក់ទងគ្នាតាមបណ្តាញសង្គមបងប្អូនអភ័ព្វ២នាក់នេះ ងឿងឆ្ងល់កាន់តែ ខ្លាំងទ្បើងៗ ចំពោះមុខមាត់របស់ពួកនាង ដែលដូចគ្នាស្ទើរតែទាំងស្រុង ។ ដូច្នេះហើយអ្នកទាំង២សម្រេចចិត្តណាត់ជួបគ្នានៅក្នុងទីក្រុងទ្បុងដ៍ កាលពីខែឧសភា ឆ្នាំ២០១៣ ។ តាមរយៈការជួបគ្នានោះ ពួកនាងទាំង២នាក់បានសម្រេចចិត្តពិនិត្យDNA ហើយលទ្ធផលបង្ហាញថា ពួកនាងគឺជាបងប្អូនបង្កើត ដែលមានសរីរាង្គលូតលាស់ និងតំណពូជ (ហ្សែន) ដូចគ្នា ។
នាង Futherman មានគម្រោងនិពន្ធរឿង ពាក់ព័ន្ធនឹងខ្សែជីវិតរសាត់អណ្តែត និងការជួបជុំគ្នាវិញ ប្រកបដោយអត្ថន័យជ្រាលជ្រៅរបស់បងប្អូនភ្លោះនាង ។ គម្រោងមួយនេះ ត្រូវមហាជនជាច្រើននាក់ចូលរួមឧបត្ថម្ភប្រាក់ ព្រមទាំងអបអរសាទរចំពោះការជួបជុំគ្នាវិញរបស់ពួកនាង ។ គម្រោងនេះ ត្រូវចំណាយទឹកប្រាក់ចំនួន៨ម៉ឺនដុល្លារ ហើយរហូតមកដល់ពេលនេះ នាង Futherman ប្រមូលប្រាក់បានចំនួន៦៨.០០០ដុល្លារហើយ ៕
ចែករំលែកព័តមាននេះ