រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ស្តីពីបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសរបស់ក្រសួងមហាផ្ទៃ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ ដែលរៀបចំធ្វើនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
តាមរបាយការណ៍កាលពីរសៀលថ្ងៃទី១៨ កុម្ភៈ បានឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌរួមក្នុងឆ្នាំ២០១៣ កើតឡើងចំនួន២.៧១៦លើក បើប្រៀបធៀបឆ្នាំ២០១២ កើនឡើង២៧លើក ស្មើនឹង១ភាគរយ បុ៉ន្តែកំណើនមានតែនៅរាជធានីភ្នំពេញ ព្រះវិហារ មណ្ឌលគិរី និងកោះកុង ដោយហេតុផលនយោបាយ និងកំណើននៃការចេញចូលរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរ ។ ក្នុងរបាយការណ៍បានបង្ហាញថា បទល្មើសឧក្រិដ្ឋមាន៧៩០លើក បើប្រៀបធៀបនឹងឆ្នាំ២០១២ ដែលកើតឡើង៨៣៨លើក គឺថយចុះ៤៨លើក ស្មើនឹង៦%។ គួរកត់សម្គាល់ថា ឃាតកម្មថយចុះ៥៦លើក ស្មើនឹង១៩% រំលោភសេពសន្ថវៈថយចុះ៦៤លើក ស្មើនឹង២៣% បុ៉ន្តែបទល្មើសប្លន់កើនឡើង៧៥លើក ស្មើនឹង៣១% ។ បទល្មើសមជ្ឈិមកើតមាន១.៩២៦លើក បើប្រៀបធៀបនឹងឆ្នាំ២០១២ ដែលកើតឡើង១.៨៥១លើក គឺកើនឡើង៧៥លើក ស្មើនឹង៤%។ សភាពការណ៍បទល្មើសមានការប្រែប្រួលស្មុគស្មាញ ជាពិសេសអំពើលួចប្លន់ ។
ចំពោះលទ្ធផលនៃការបង្ការទប់ស្កាត់គ្រឿងញៀន គិតដោយឡែកតែកងកម្លាំងនគរបាលជាតិបង្ក្រាបបាន៦៦៨ករណី ឃាត់ខ្លួនជនល្មើស១.៤០៥នាក់ (ស្រី២៤៨នាក់) ក្នុងនោះមានជនបរទេស១០៣នាក់ (ស្រី៤២នាក់) និងបង្ក្រាបតាមដីកា៤៦នាក់ (ស្រី៤នាក់) ។ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ មានចំនួន៩៣ករណី ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ១១៦នាក់ (ជនបរទេស១១នាក់) រំដោះជនរងគ្រោះ២៥៦នាក់ (អនីតិជន៨៩នាក់) ក្នុងនោះបទល្មើសជួញដូរមនុស្ស៣២ករណី ឃាត់ខ្លួន៤០នាក់ (ជនបរទេស៧នាក់) រំដោះជនរងគ្រោះ៨១នាក់ និងអាជីវកម្មផ្លូវភេទ៦១ករណី ឃាត់ខ្លួន៧៦នាក់ (ជនបរទេស៤នាក់) រំដោះជនរងគ្រោះ១៧៥នាក់ ។ បង្ក្រាប១២ករណី ឃាត់ខ្លួន២០នាក់ (ជនជាតិចិន៤នាក់) ពីបទបង្ខាំងមនុស្សទៅរៀបអាពាហ៍ពិពាហ៍ខុសច្បាប់នៅប្រទេសចិន រំដោះជនរងគ្រោះ៣៥នាក់ ។ ទប់ស្កាត់ចំណាកស្រុក១០១លើក មានមនុស្សចំនួន៦.៤៨២នាក់ (ស្រី២.៣៦៦នាក់) ។
របាយការណ៍បញ្ជាក់ថា តាមរយៈនេះធ្វើឱ្យលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបមានភាគរយខ្ពស់ ៧០,៣៦% (១.៩១១ / ២.៧១៦ករណី) ចាប់ឃាត់ខ្លួនជនសង្ស័យ២.៦៩៥នាក់បញ្ជូនទៅតុលាការ ក្នុងនោះបទឧក្រិដ្ឋ៤៦១ករណី ឃាត់ខ្លួន៦៨៥នាក់ បទមជ្ឈិម១.៤៥០ករណី ឃាត់ខ្លួន២.០១០នាក់ ៕
ចែករំលែកព័តមាននេះ