រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីណូ ១គ្រឿង បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច បើកប៉ះ និងកៀររថយន្ត ២គ្រឿង រួចព្យាយាមបើករត់ ក៏ទៅបុកម៉ូតូ ១គ្រឿងទៀត បណ្តាលឲ្យនារីមា្នក់រងរបួសធ្ងន់ធ្ងរ និងបុរសម្នាក់របួសស្រាល ហើយនៅតែបន្តបើករត់គេចខ្លួនរហូតមកដល់រង្វង់មូលតាខ្មៅ ទើបត្រូវគេស្ទាក់ចាប់បានវាយអ្នកបើកបរឡើងទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៨ កុម្ភៈ ២០១៤ នៅចំណុចក្រុមហ៊ុនបារីសេក ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ រថយន្តម៉ាកហ៊ីណូ ពណ៌ចម្រុះ ១គ្រឿង ពាក់ស្លាលលេខ ព្រះសីហនុ 3A-1679 បើកបរដោយបុរសម្នាក់ស្រវឹងស្រា ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច ក៏បានកៀររថយន្តអូឌី ពណ៌ខ្មៅ ១គ្រឿង អត់មានស្លាកលេខ ដែលបើកស្របទិសគ្នា ហើយព្យាយាមបើករត់។
លុះមកដល់រង្វង់មូលតាខ្មៅ បានវ៉ារថយន្តឡង់គ្រីស័រ ១គ្រឿង តែវ៉ាមិនផុត ក៏ជ្រុលទៅប៉ះរថយន្តឡិចស៊ីស470 ពណ៌ខ្មៅ ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2B-2222 បណ្តាលឲ្យបែកស្តុកក្រោយផ្នែកខាងឆ្វេង រួចរថយន្តបង្កបន្តរត់គេចបានប្រមាណជា ៥០០ម៉ែត្រ មកដល់មុខវត្តព្រៃឬស្ស៊ី ក៏ជ្រុលបុកម៉ូតូគុប ១គ្រឿង ជិះដោយបុរសស្រ្តី ២នាក់ បណ្តាលឲ្យនារីជិះពីក្រោយរងរបួសធ្ងន់ធ្ងរ ចំណែកបុរសអ្នកបើកបររងរបួសស្រាល។
បន្ទាប់មក រថយន្តបង្កត្រូវបានរថយន្តរងគ្រោះទាំង ២គ្រឿង ដេញតាមស្ទាក់ចាប់បាន ចំណែកអ្នកបើកបរត្រូវប្រជាពលរដ្ឋចោមវាយឡើងទ្រោមខ្លួន ត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ និងបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ៕
ចែករំលែកព័តមាននេះ