ខេត្តឧត្តរមានជ័យ ៖ ស្ត្រីវ័យក្មេងមួយរូបដែលបានធ្វើអត្ដឃាតចងកសម្លាប់ខ្លួន បន្ទាប់ពីគូដណ្ដឹងរបស់នាងស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់មកពិតជាធ្វើឱ្យមានការចាប់អារម្មណ៍ជាទូទៅមួយដែលអ្នកខ្លះបានបង្ហាញនូវការភ្ញាក់ផ្អើកស្មានមិនដល់មួយដែលថានារីជាគូដណ្ដឹងស្មោះស្ម័គ្រមិនព្រមទទួលយកបុរសណាផ្សេងទៀតមកធ្វើជាគូគាប់ជំនួសបុរសគូដណ្ដឹងដែលស្លាប់ទៅនោះទេ ហើយបានចងកសម្លាប់ខ្លួនស្លាប់ទៅតាមគូដណ្ដឹង ។
ទង្វើរបស់នាងនោះមិនខុសពីនាងទាវដែលមានចិត្តភក្ដីពេលឃើញនេនទុំជាប្ដីត្រូវគេសម្លាប់ក៏បានចាក់សម្លាប់ខ្លួនស្លាប់តាមនេនទុំដែរ ។ ដូច្នេះហើយទើបអ្នកភូមិហៅរឿងរ៉ាវនេះថា នាងកាន គឹមយ៉ា អាយុ២១ឆ្នាំ (តាមការផ្ដល់ព័ត៌មានមុននេះថាអាយុ១៨ឆ្នាំ )ដែលចងកសម្លាប់ខ្លួនតាមគូដណ្ដឹងគឺជានាងទាវស្រុកត្រពាំងប្រាសាទ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ កុម្ភៈ គឺមុនថ្ងៃបុណ្យក្ដីស្រឡាញ់ចូលមកដល់ ក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។ ពេលនេះសពរបស់នាងត្រូវបានឪពុកម្ដាយនិងសាច់ញាតិព្រមព្រៀងគ្នាដង្ហែយកទៅបញ្ចុះរួមគ្នាជាមួយផ្នូរគូដណ្ដឹងកាលពីរសៀលថ្ងៃទី១៤ កុម្ភៈ ។ អ្នកស្រីមុំ រឿន អាយុ៤៣ឆ្នាំ និងលោក ង៉ែត ឆន អាយុ៦២ឆ្នាំ ដែលត្រូវជាឪពុកម្ដាយខាងកូនប្រុសបានរៀបរាប់ថា កូនប្រុសរបស់គាត់ឈ្មោះងិន រតនា អាយុ២៣ឆ្នាំ ជាយោធានៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ។
ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធចូលស្ដីដណ្ដឹងភ្ជាប់ពាក្យនាងកាន គឹមយ៉ា អាយុ២១ឆ្នាំ កាលពីដើមខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ លុះនៅថ្ងៃសុក្រ ទី២១ ធ្នូ ឆ្នាំ២០១៣ ដដែលកូនប្រុសរបស់គាត់ជិះម៉ូតូទៅបុករថយន្តដែលគេចតស្ងៀមបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតចោលនាងជាគូដណ្ដឹង ។ លោក ង៉ែត ឆន ជាឪពុកបញ្ជាក់ថា បន្ទាប់ពីកូនប្រុសរបស់គាត់ស្លាប់ទៅនាងកាន គឹមយ៉ា ជាគូដណ្ដឹងបានមកដេកនៅផ្ទះគាត់ហើយដើរទៅយំឱបផ្នូរសពកូនប្រុសគាត់ជាញឹកញាប់រៀបរាប់ថា នាងមិនចង់រស់ទេនាងនឹងសម្លាប់ខ្លួនទៅតាមគូដណ្ដឹងហើយបានផ្ដាំថា បើនាងស្លាប់សុំយកសពនាងដាក់រួមផ្នូរតែមួយជាមួយកូនប្រុសរបស់គាត់ដែលបានស្លាប់ទៅនោះ ។ ដោយសារតែការផ្ដាំផ្ញើពេលនាងនៅរស់ទើបត្រូវបានឪពុកម្ដាយទាំងសងខាងព្រមព្រៀងគ្នានាំយកសពនាងកាន គឹមយ៉ា មកបញ្ចុះរួមគ្នាក្នុងផ្នូរគូដណ្ដឹងរបស់នាងទៅតាមអ្វីដែលនាងប៉ងប្រាថ្នា ។ នេះជារឿងមួយគួរឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលស្រ្តីវ័យក្មេងមួយរូបដោយគ្រាន់តែគូដណ្ដឹងរបស់នាងស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏បានចងកធ្វើអត្ដឃាតស្លាប់ទៅតាមគូដណ្ដឹង ។
តាមក្រុមគ្រួសាររបស់នាងបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា មុនពេលចងកធ្វើអត្តឃាតគឺនាងមានឥរិយាបថធម្មតា ប៉ុន្តែនិយាយហាក់ប្លែកខុសពីធម្មតា ដូចជាសុំមើលរឿងភាគថៃជាលើកចុងក្រោយជាដើម ។ ពេលដែលនាងចងកសម្លាប់ខ្លួន គឺក្រុមគ្រួសារទៅចម្ការនៅសល់មនុស្សក្នុងផ្ទះតែប៉ុន្មាននាក់ប៉ុណ្ណោះ ហើយក៏គ្មានអ្នកណានឹកស្មានថា នាងហ៊ានធ្វើដល់ថ្នាក់នេះដែរ ។ ក្រោយហេតុការណ៍កើតឡើងក្រុមគ្រួសារបានបញ្ជូននាងទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទ តែដោយអាការធ្ងន់ធ្ងរពេកណាស់ទៅហើយនាងក៏បានស្លាប់តែម្តង ។ ក្រុមគ្រួសារនិយាយថា នាងកាន គឹមយ៉ា ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យវេស្ទើន ឪពុកឈ្មោះហ៊ា កាន អាយុ៦៥ឆ្នាំ ម្តាយឈ្មោះ ស៊ុន សឿន អាយុ៥៦ឆ្នាំ ។ នាងមានបងប្អូន៤នាក់ ហើយនាងជាកូនពៅ ។ ចាប់តាំងពីគូដណ្តឹងស្លាប់ចោលទៅ នាង កាន គឹមយ៉ា មានអារម្មណ៍មិនសូវល្អ ជួនកាលមកយំឱបផ្នូរគូដណ្តឹង ហើយពេលខ្លះបានប្រាប់ក្រុមគ្រួសារថា បើនាងស្លាប់សូមយកសពនាងទៅកប់រួមផ្នូរគូដណ្តឹងផង ។
តាមប្រវត្តិស្នេហារវាងពួកគេទាំងពីរបានឱ្យដឹងថា ពួកគេបានស្រឡាញ់គ្នាពេលរៀនជាមួយគ្នា ។ ទោះបីរៀនចប់ហើយ ងិន រតនា បានចូលធ្វើយោធា ហើយនាងទៅរៀននៅភ្នំពេញក្តី ក៏និស្ស័យស្នេហ៍នេះនៅតែវេញត្របាញ់ជាប់ស្អិតជាមួយគ្នាដដែលរហូតដល់ ងិន រតនា ឱ្យឪពុកម្តាយចូលស្តីដណ្តឹងនាង កាន គឹមយ៉ា តាមប្រពៃណី ហើយក៏ត្រូវបានព្រមព្រៀងរៀបចំមង្គលការរវាងអ្នកទាំងពីរនៅក្នុងខែកុម្ភៈ តែជាគ្រោះអកុសល ងិន រតនា ក៏ត្រូវស្លាប់យ៉ាងអាណោចអាធ័មដោយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២១ ធ្នូ ២០១៣ ចោលនាង កាន គឹមយ៉ា ឱ្យរស់កណ្តោចកណ្តែងនឹកអាឡោះអាល័យគ្មានពេលល្ហែឡើយ ទីបំផុតនាងក៏ធ្វើអត្តឃាតនៅថ្ងៃទី១៣ កុម្ភៈ ។ លំនៅឋានពួកគេទាំងពីរមានចម្ងាយ៧គីឡូម៉ែត្រពីគ្នាដូច្នោះសពនាងក៏ត្រូវបានដង្ហែក្នុងចម្ងាយផ្លូវ៧គីឡូម៉ែត្រដែរ ។
អ្វីដែលមានការកត់សម្គាល់នោះ គឺថ្ងៃដែលស្លាប់របស់ពួកគេគឺថ្ងៃសុក្រដូចគ្នា និងពេលម៉ោងដូចគ្នា ។ នៅមុខផ្នូរកប់សពរួមគ្នាត្រូវបានលោកង៉ែត ឆន ឱ្យដឹងថា មុននេះផ្នូរតូចទេ ព្រោះកប់តែកូនប្រុសរបស់គាត់ តែពេលត្រូវបន្ថែមមឈូសមួយទៀត ផ្នូរក៏ត្រូវបានពង្រីកធំ ហើយនៅមុខផ្នូរក៏បានចារិកពីមរណភាពពួកគេ និងរំលេចរូបថតពួកគេទាំងពីរនាក់ដែលបានថតនៅថ្ងៃភ្ជាប់ពាក្យដាក់ជាតឹកតាងផងដែរ ។ សូមឱ្យវិញ្ញាណក្ខន្ធពួកគេទាំងពីរបានជួបគ្នាកុំបីឃ្លៀងឃ្លាតឡើយ ៕
ចែករំលែកព័តមាននេះ