ខេត្តស្ទឹងត្រែង ៖ គំនរឈើប្រណីតដ៏មហាសាលដែលគេសង្ស័យថា មានរហូតដល់រាប់ពាន់ម៉ែត្រគុប និងមានតម្លៃរាប់លានដុល្លារដែរនោះ បច្ចុប្បន្នមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង កំពុងបន្តគាស់កកាយយ៉ាងសកម្មនៅក្នុងដីសម្បទានសេដ្ឋកិច្ចមួយកន្លែងស្ថិតក្នុងភូមិស្រែគរ ឃុំក្បាលរមាស ស្រុកសេសាន របស់ក្រុមហ៊ុនសុីវហ្គេច អុីនវេសមែន ។
ដំណើរការនៃការចុះអនុវត្តច្បាប់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី១៤ កុម្ភៈ ចុងសប្តាហ៍មុនដែលរហូតមកដល់ថ្ងៃទី១៨ កុម្ភៈ គ្រឿងចក្របានគាស់កកាយនៅក្នុងបរិវេណដីក្រុមហ៊ុនមួយនេះ ។ ជាក់ស្តែងមានរណ្តៅចំនួន១០ ដែលគេបានកប់ឈើ ប៉ុន្តែគិតត្រឹមថ្ងៃទី១៨ កុម្ភៈ គាស់កកាយបានតែចំនួន៧រណ្តៅសិន និងរកឃើញមានឈើប្រណីត និងឈើប្រភេទលេខ១ បានជាង៤០០ម៉ែត្រគូប ហើយក៏កំពុងធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើច្រប់ ។ នៅសល់ចំនួន៣រណ្តៅទៀតដែលជារណ្តៅធំៗ នៅមិនទាន់បានគាស់កកាយនៅឡើយទេ ។ ប្រភពព័ត៌មានបានឱ្យដឹងថា រណ្តៅមានជម្រៅចាប់ពី៤ទៅ៧ម៉ែត្រ និងទំហំមាត់រណ្តៅជាង១០ម៉ែត្រ មានប្រវែងរហូតដល់ទៅជិត៤០ម៉ែត្រ ចំនួន១០រណ្តៅ ត្រូវបានជីកដោយគ្រឿងចក្រធំៗ ។ គេឃើញឈើប្រណីតមានតូចមានធំ មិនក្រោមពីមួយមុឺនកំណាត់នោះទេ ទៅទម្លាក់ក្នុងរណ្តៅទាំងនោះរួចបញ្ជាគ្រឿងចក្រកាយដីកប់វិញ ។ ឈើប្រណីតដែលត្រូវគេជីករណ្តៅកប់ទុកក្នុងដីនោះ គឺភាគច្រើនបានប្រមូលទិញពីប្រជាពលរដ្ឋចាប់តាំងពីខែវស្សារហូតដល់ខែប្រាំងកន្លងមក ។
ប្រភពដដែលបន្តថា មូលហេតុដែលគេជីករណ្តៅកប់នេះ គឺដោយសារដឹកយកចេញមិនទាន់ ស្របពេលដែលរដ្ឋាភិបាលនិងក្រសួងកសិកម្ម បង្កើតគណៈកម្មការចុះកំណត់ព្រំប្រទល់បាតអាងស្តុកទឹកវារីអគ្គិសនីសេសានក្រោម២ និងដោយសារតែខ្លាចក្រុមមន្ត្រីជំនាញឃើញគំនរឈើគរដូចភ្នំ ទើបជីកដីកប់ទុកបណ្តោះគ្រោះ តែមិននឹកស្មានថាត្រូវបែកធ្លាយនៅពេលនេះ ។ មន្ត្រីរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានបញ្ជាក់ប្រាប់កោះសន្តិភាពថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហ្វ័រ យូ គ្រុប (កម្ពុជា) ស៊ីវហ្គេចអុីនវេសមេន ខូអិលធីឌី ទទួលសិទ្ធិសម្បទានពីរដ្ឋរយៈពេល៩០ឆ្នាំ លើទំហំផ្ទៃដី១មុឺនហិកតា ដើម្បីដាំដំណាំកសិ-ឧស្សាហកម្មដើមកៅស៊ូ ។ មន្ត្រីដដែលនិយាយថា ចាប់តាំងពីឆ្នាំ២០០៥ គ្រប់គ្រងដោយឧកញ៉ា អាន ម៉ារឌី ។ ក្រោយពីសម្អាតឈើអស់ស្រួលបួលក្នុងឆ្នាំ២០០៨ លោកឧកញ៉ា អាន ម៉ារឌី បានផ្ទេរភាគហ៊ុនទៅឱ្យជនជាតិចិនជាអ្នកបន្តការអភិវឌ្ឍវិញ ។ ចំណែកការចុះអនុវត្តច្បាប់របស់មន្ត្រីជំនាញ គឺធ្វើទៅតាមថ្នាក់លើបញ្ជាឱ្យគាស់កកាយរកបទល្មើសនេះ យកទៅរក្សាទុករង់ចាំតតាំងផ្លូវច្បាប់រវាងក្រុមហ៊ុនជាក្រោយ ។
លោក បាក់ ត្រាយ ជាអ្នកបកប្រែឱ្យជនជាតិចិនបានចេញមុខអះអាង និងយកច្បាប់បង់ពន្ធសួយសារអាករជូនរដ្ឋ ថា ឈើដែលកប់ដីនេះមានឈើប្រណីតខ្លះ និងប្រភេទឈើលេខ១ខ្លះ បានបង់ពន្ធជូនរដ្ឋ២លើក អស់ប្រាក់ជាង៣៥ម៉ឺនដុល្លារ ។ ហើយឈើទាំងនេះបានជាយកទៅកប់ដី ព្រោះទុកចោលកណ្តាលថ្ងៃ វាអាចប្រេះ ទើបជីកកប់ទុកបណ្តោះអាសន្នសិន ។ គេសង្កេតឃើញថា ចាប់តាំងពីឆ្នាំ២០០៥មក ឧកញ៉ាម្ចាស់ដើម មិនបានអភិវឌ្ឍន៍អ្វីគួរឱ្យកត់សម្គាល់ទេ គឺបានត្រឹមតែកាប់ប្រមូលយកឈើធ្វើទុន ហើយបង្កកដីលក់ទៅឱ្យឈ្មួញបរទេស នៅក្នុងឆ្នាំ២០០៨ យកទៅធ្វើអីធ្វើទៅ អញប្រមូលកើបខ្លាញ់អស់ហើយ ។ ក្រោយពីជនជាតិចិន ទទួលបានសិទ្ធិកាន់កាប់នោះរួចមក ចាប់ពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៤នេះ ឃើញដាំដំណាំកៅស៊ូបានតែ១.៥០០ហិកតាប៉ុណ្ណោះ លើទំហំផ្ទៃដី១ម៉ឺនហិកតា ។
ចំនួនឈើដែលគេយកទៅកប់ដីយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ គេសង្ស័យថា គ្រាន់តែយកឈ្មោះក្រុមហ៊ុនកំបាំងមុខសម្រាប់ទិញឈើលក់ឈើប៉ុណ្ណោះ ដោយត្រូវជាមួយជំនាញនៅតំបន់នោះ សង្ស័យកើបលុយចែកគ្នា ។ បើមិនទិញឈើ លក់ឈើ តើបានឈើមកពីណាច្រើនម៉្លេះ ។ ម៉្យាងវិញទៀត គេនៅមានការសង្ស័យថា ឈើទាំងអស់នោះ មានខ្លះមិនបានបង់ពន្ធជូនរដ្ឋនោះទេ ៕
ចែករំលែកព័តមាននេះ