ខេត្តកំពង់ចាម ៖ អ្នកធ្វើដំណើរតាមម៉ូតូនិងរថយន្តឆ្លងកាត់ស្ពានគីហ្សុ៊ណា បាននាំគ្នាភ្ញាក់ផ្អើលឈូឆរឈប់មើលស្ត្រីម្នាក់ដែលលោតទឹកទន្លេមេគង្គធ្វើអត្តឃាត កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ កុម្ភៈ ត្រង់ចន្លោះសសរប៉េ១៤និងប៉េ១៥ និងបានលិចបាត់ទៅក្នុងទឹក ។ ក្រោយមកក្រុមគ្រួសារសាច់ញាតិបានជួលទូកម៉ាស៊ីនរបស់ខ្មែរអ៊ិស្លាម៣គ្រឿង តាមរករហូតដល់វេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃដដែល ទើបរកសពឃើញ និងបានទ្រហោយំយ៉ាងសោកសង្រេង ។
លោកអនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានគោលដៅ ការពារស្ពានគីហ្សុ៊ណា ប្រាប់ឱ្យដឹងថា ពេលដែលកម្លាំងនគរបាលក្រោមឱវាទ កំពុងយាមប្រចាំការនៅលើស្ពាននាព្រឹកនោះ មានអ្នកធ្វើដំណើរបានឃើញស្ត្រីម្នាក់ដើរឡើងស្ពានពីកើតទៅលិច លុះដល់ត្រង់ចន្លោះសសរប៉េ១៤និងប៉េ១៥ ក៏ឡើងលើបង្កាន់ដៃស្ពាន រួចលោតទឹកធ្វើអត្តឃាតតែម្តង។ លោកប្រធានគោលដៅការពារស្ពាន បានបន្តថា ក្រោយពីអ្នកដំណើរឃើញមានមនុស្សលោតទឹក ក៏ប្រញាប់មកប្រាប់មន្ត្រីនគរបាលដែលកំពុងប្រចំាការនៅប៉ុស្តិ៍លើស្ពាន ។ ភ្លាមៗនោះ សមត្ថកិច្ចបានរត់ទៅកន្លែងលោតឃើញបន្សល់ទុកស្បែកជើងផ្ទាត់ ពណ៌សមួយគូ តែពេលសម្លឹងទៅក្រោមមិនឃើញស្ត្រីដែលលោតនោះផុសឡើងទេ ហើយរូបលោកក៏ប្រាប់ឱ្យខ្មែរអ៊ិស្លាមដែលកំពុងនេសាទត្រីនៅម្តុំក្រោមស្ពានជួយតាមរក តែរកមិនឃើញ ។
នៅវេលាម៉ោង៧ព្រឹក ទើបសាច់ញាតិមកតាមរក លុះពេលប្រាប់ពីភិនភាគស្លៀកពាក់ខោអាវនិងស្បែកជើងផ្ទាត់ទើបដឹងថា ស្ត្រីដែលលោតទឹកនេះឈ្មោះ តន់ ស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មានកូន៣នាក់ និងប្តីធ្វើទាហាន ។ តាមស្ត្រីឈ្មោះ តន់ ប៊ុណ្ណា អាយុ៥២ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់អ្នកលោតទឹក ប្រាប់ឱ្យដឹងថា កាលពី២ខែមុននេះ ប្អូនស្រីគាត់ត្រូវជំងឺសរសៃប្រសាទរើឡើងវិញ ហើយរត់ចូលទៅក្នុងព្រៃ នាំគ្នាតាមហៅមកផ្ទះវិញ ។ លុះនៅរសៀលថ្ងៃទី១៧ កុម្ភៈ ប្អូនស្រីគាត់ឈ្មោះ តន់ ស្រី បានជិះម៉ូតូឌុប ចេញពីភូមិឆ្ពោះមកក្រុងកំពង់ចាម ថែមទាំងមានទឹកមុខឡើងខ្មៅ ខុសប្លែកពីធម្មតា ។ បន្ទាប់មកគាត់និងប្តីរបស់ប្អូនស្រី បានជិះម៉ូតូចេញមកតាមក្រោយស្វែងរក តែរកមិនឃើញសោះមិនដឹងទៅដល់ណា រហូតមកដល់ព្រឹកថ្ងៃទី១៨ កុម្ភៈ ក៏តាមរកទៀតទើបជួបនឹងអ្នករត់ម៉ូតូឌុបម្នាក់ប្រាប់ថា ប្អូនស្រីឈ្មោះ តន់ ស្រី លោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូ៊ណាហើយ ។
គាត់ក៏បានជួលទូកម៉ាស៊ីនខ្មែរអ៊ិស្លាមតាមរាវរក ក៏ប្រទះឃើញសពប្អូនស្រី និងបានដាក់អង្រឹងសែងមកដាក់លើរុឺម៉កម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ