ខេត្តពោធិ៍សាត់ ៖ មកដល់ពេលនេះមានរយៈពេលមួយសប្តាហ៍ហើយដែលអ្នកភូមិតវ៉ារឿងដីធ្លី ប្រមាណជាង៧០គ្រួសារបានមកដេកត្រាំត្រែងនៅមុខសាលាដំបូងខេត្ត ដើម្បីសុំឱ្យអាជ្ញាធរប្រគល់ដីឱ្យពួកគាត់និងដោះលែងស្ត្រីឈ្មោះស៊ិន សៀន ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី១២ កុម្ភៈ នោះវិញ ។
ទោះបីអាជ្ញាធរនិងតុលាការលើកហេតុផលយ៉ាងណាក៏ពួកគាត់នៅតែក្រាញននៀលមិនព្រមទៅណាទាល់តែសោះ ។ ពួកគាត់នៅតែសំអាងថាដីដែលពួកគាត់រស់នៅចំណុចអូរធំចម្ការចេកស្ថិតក្នុងភូមិសំឡាញក្រោម ឃុំក្រពើពីរ ស្រុកវាលវែងនោះ បានអាស្រ័យផលរយៈពេល៥ឆ្នាំមកហើយ ។ ឯដីដែលអាជ្ញាធរឱ្យរស់នៅម្តុំវត្តកែវជុំទួលគ្រួសនោះគ្មានជីជាតិមិនអាចដាំដុះអ្វីកើតនោះទេ ។ ដោយសារនិយាយគ្នាលេងស្តាប់បានពួកគាត់មិនព្រមទៅណា ចេះតែបន្តដេកនៅមុខសាលាដំបូងខេត្ត ពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គមនិងបរិស្ថាននោះ ទើបនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ កុម្ភៈ សមត្ថកិច្ចបានប្រើធម៌ក្តៅល្មមៗបង្ខំឱ្យចាកចេញតែម្តង ។
ខណៈនោះក្រុមអ្នកតវ៉ានៅតែក្រាញននៀលទៀត ប៉ុន្តែដោយសារកម្លាំងសមត្ថកិច្ចច្រើន មិនអាចទប់ទល់បានក៏ចាកចេញទាំងស្រែកយំ ខ្លះពរកូន ខ្លះលីកន្ទេល ចានឆ្នាំង និងបង្វិចខោអាវដោយនិយាយថាតើឱ្យពួកគាត់ទៅនៅឯណា ? បើឱ្យពួកគាត់ជាប់គុកល្អជាងព្រោះមានបាយហូប ។ បើដេញឱ្យត្រឡប់ទៅវិញគ្មានបាយហូបទេ ។ បើមិនដូច្នេះសុំដីនៅទីនោះម្នាក់តែមួយហិកតាក៏បានដែរ ដើម្បីដាំដំណាំចិញ្ចឹមជីវិតទៅថ្ងៃអនាគត ។
លោកឆេ ឈីវ អភិបាលស្រុកវាលវង់ លោកឆៃ សារ៉ាន់ ខណ្ឌរដ្ឋបាលព្រៃឈើនិងលោកតន់ សីហតេជះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រកាសថាដីចំណុចអូរធំចម្ការចេកដែលក្រុមអ្នកតវ៉ាខាងលើទៅកាប់ទន្ទ្រានរស់នៅនោះគឺជាដីព្រៃស្រោងសុទ្ធសាធ ដែលច្បាប់ហាមឃាត់មិនអាចប្រគល់ឱ្យវិញបានទេ ។ ចំពោះស្ត្រីឈ្មោះស៊ិន សៀន ដែលអាជ្ញាធរចោទថា ជាមេខ្លោងហើយរារាំងសមត្ថកិច្ចទៀតនោះជាសមត្ថកិច្ចរបស់តុលាការត្រូវផ្តន្ទាទោសតាមមាត្រា៩៧ ចំណុច៦នៃច្បាប់ស្តីពីព្រៃឈើ ប៉ុន្តែបងប្អូនអាចរកមេធាវីការពារតាមផ្លូវច្បាប់បាន។ មន្ត្រីអាជ្ញាធរនិយាយថា តាមពិតកាលពីឆ្នាំ២០១២ អាជ្ញាធរបានដោះស្រាយប្រគល់ដីឱ្យពួកគាត់រស់នៅម្តុំវត្តកែវជុំទួលគ្រួស រួចហើយដោយមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ។ លុះឆ្នាំ២០១៤នេះស្រាប់តែមានមេខ្យល់ញុះញង់បំផុសបំផុលឱ្យមកយកវិញទាំងបំពានច្បាប់ ។
គួររំលឹកថា កាលពីថ្ងៃទី១២ កុម្ភៈ ក្រុមការងារចម្រុះរបស់ខេត្តបានចុះទៅបង្ក្រាបការកាប់ទន្ទ្រានដីព្រៃស្រោងនៅចំណុចអូរធំចម្ការចេកភូមិសំឡាញក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ដោយបានរុះរើជម្រកជាខ្ទមៗទើបនឹងសង់ថ្មីៗចំនួន៧២ខ្ទម និងបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះស៊ិន សៀន អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិពោង ឃុំសំបូរមាស ស្រុកកោះធំ ខេត្តកណ្តាល ជាមេខ្លោងនិងជាអ្នករារាំងសមត្ថកិច្ចយកមកដាក់ពន្ធនាគារផងដែរ ។ លុះស្អែកឡើងថ្ងៃទី១៣ កុម្ភៈ ស្រាប់តែប្រជាពលរដ្ឋនៅទីនោះមកតវ៉ាដេកនៅមុខសាលាដំបូងខេត្ត សុំដោះលែងស្ត្រីឈ្មោះស៊ិន សៀន និងសុំឱ្យអាជ្ញាធរប្រគល់ដីនៅកន្លែងនោះមកឱ្យពួកគាត់វិញ ។ ដោយសារលោកឆាយ ម៉ាទីណាស់ អភិបាលក្រុងពោធិ៍សាត់ខិតខំសម្របសម្រួលប្រាប់ឱ្យពួកគាត់ត្រឡប់ទៅវិញមិនព្រមទៅនោះ ទើបនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ កុម្ភៈ នេះកម្លាំងអាវុធហត្ថនិងនគរបាលបានចាត់វិធានការបង្ក្រាបឱ្យខាងតែបានគឺចាប់បង្ខំឱ្យចេញតែម្តង ។
ប្រភពព័ត៌មានពីអាជ្ញាធរដដែលឱ្យដឹងថា ក្រុមអ្នកតវ៉ាខាងលើនេះមកពីខេត្តផ្សេងៗនិងខ្លះមកពីថៃ នាំគ្នាមកកាប់ទន្ទ្រានដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ហើយពួកគេនេះបើទោះជាអាជ្ញាធរដោះស្រាយដីឱ្យ ក៏នៅតែគ្មានដីនៅដដែល ព្រោះពេលណាបានដីគាត់លក់ឱ្យអ្នកដទៃ ហើយទៅកាប់ទន្ទ្រាននៅកន្លែងផ្សេងទៀតមិនចេះឆ្អែតឡើយ ។ ទោះបីជាបែបណាការលក់ដូរដីធ្លីប្រហែលជាមិនងាយដូចបកចេកទេ ប្រសិនបើអាជ្ញាធរកុំទទួលស្គាល់កុំពុករលួយជាមួយការលក់ដីធ្លីដោយល្មើសនឹងបម្រាមនោះ ៕
ចែករំលែកព័តមាននេះ