ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​ល្បុក្ក​តោ​​ការពារ​​ដំណឹង​​មិន​ជាប់​​លេខ​នៅ​​បារាំង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ចុះ​ផ្សាយ​ព្រោង​ព្រាត​នៅ​លើ​គេហ​ទំព័រ​នានា​ ហាក់​ធ្វើ​ឱ្យ​មន្ត្រី​ល្បុក្ក​តោ​ទាំង​មូល​មិន​សប្បាយ​ចិត្ត​ ក៏​បាន​ចេញ​​មុខ​បញ្ជាក់​ថា​ ការ​មិន​ជាប់​លេខ​ក្នុង​វេទិកា​បង្ហាញ​ជា​អន្តរ​ជាតិ​នៅ​ក្នុង​ប្រទេស​បារាំង កាល​ពី​យប់​ថ្ងៃ​ទី​១៤​ កុម្ភៈ​កន្លងទៅ​ គឺ​ជា​រឿង​មិន​ទទួល​បាន​ទាំង​អស់​គ្នា​សម្រាប់​គ្រប់​ប្រទេស​បុ៉ណ្ណោះ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ចុះ​ផ្សាយ​ព្រោង​ព្រាត​នៅ​លើ​គេហ​ទំព័រ​នានា​ ហាក់​ធ្វើ​ឱ្យ​មន្ត្រី​ល្បុក្ក​តោ​ទាំង​មូល​មិន​សប្បាយ​ចិត្ត​ ក៏​បាន​ចេញ​​មុខ​បញ្ជាក់​ថា​ ការ​មិន​ជាប់​លេខ​ក្នុង​វេទិកា​បង្ហាញ​ជា​អន្តរ​ជាតិ​នៅ​ក្នុង​ប្រទេស​បារាំង កាល​ពី​យប់​ថ្ងៃ​ទី​១៤​ កុម្ភៈ​កន្លងទៅ​ គឺ​ជា​រឿង​មិន​ទទួល​បាន​ទាំង​អស់​គ្នា​សម្រាប់​គ្រប់​ប្រទេស​បុ៉ណ្ណោះ ។​

បន្ថែម​ពី​លើ​នោះ​ ​មន្ត្រី​ដដែល​បាន​ទាំង​ប្រាប់​ដោយ​មោទន​ភាព​ថា ល្បុក្ក​តោ​កម្ពុជាបាន​ទទួល​ការ​ចាប់​អារម្មណ៍​ណាស់​ បើ​ធៀប​នឹង​ការ​បង្ហាញ​​មុខ​នៅ​ក្នុង​ប្រទេស​បារាំង​​មុនៗ ។​ យោងតាម​លទ្ធ​ផល​ចុង​ក្រោយ​ដែល​កោះ​សន្តិ​ភាព​ទទួលបាន​បង្ហាញ​ថា​ ការ​សម្តែង​ក្បាច់​គុន​ល្បុក្ក​តោ​ប្រចាំ​ឆ្នាំ​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រទេស​ចំនួន​៣៤​ នៅ​ក្នុងប្រទេស​បារាំង​​ឆ្នាំ​នេះ​ កម្ពុជា​មិន​ទទួល​បាន​លទ្ធ​ផល​នោះ​ទេ​ បើ​ទោះ​ជា​មុន​ការ​បង្ហាញ​ជា​អន្តរ​ជាតិ​ មន្ត្រី​ប្រចាំ​សហ​ព័ន្ធ​នេះ​ហាក់​មាន​ជំនឿ​ចិត្ត​ថា​ នឹង​បាន​មុខ​មាត់​លេច​ធ្លោ​ត្រឡប់​មក​វិញ​ក្តី ។​ អ្នក​ស្រី​អុ៊ក​ ពង្ស​បុប្ផា​ ភរិយា​របស់​លោក​គ្រូ​តា​ក្រមា​មាស​ សាន​ គឹមស៊ាន​ និង​ជាអ្នក​ចាត់​តាំង​កីឡា​ការិនី​២​រូប​ គឺ​កញ្ញា​អេង​ ស៊ូ​ម៉ាឡា​ និង​កញ្ញា​ខៀវ​ ចិន្តា​រ័ត្ន​ ឱ្យ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេសបារាំង​ បានប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ហាញ​ក្បាច់​គុន​ខ្មែរ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ “Festival Des Arts Martiaux” ដែល​បាន​ធ្វើ​ឡើង​ក្នុង​ខេត្ត​ Bercy របស់​បារាំង កាល​ពីថ្ងៃ​ទី​១៤ កុម្ភៈ​ នោះ​មិន​មែន​ជា​ការ​ប្រកួត​នោះ​ទេ​ គឺ​គ្រាន់​តែ​ជា​ការ​ប្រមូល​ផ្តុំ​ប្រទេស​ដែល​មាន​ក្បាច់​គុន​ចំណាស់ៗ​ពី​បុរាណ​ឱ្យ​ឡើង​មក​បង្ហាញ​គ្នា​ជាសាធារណៈ​ ដែល​មិន​ខុស​​ពីការ​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​ប្រទេស និង​ប្រទេស​នៅ​លើ​ពិភព​លោក​បុ៉ណ្ណោះ​ ដោយ​មិន​មាន​ការ​ផ្តល់​ឱ្យ​ជា​ចំណាត់​ថ្នាក់​អ្វី​ឡើយ ។​

​យោងតាម​វីដេអូ​រយៈ​ពេល​ជិត​៤​នាទី​ គេ​ឃើញ​កីឡា​ករ​-​កីឡា​ការិនី​ល្បុក្ក​តោ​កម្ពុជា​មាន​គ្នា​ចំនួន​៥​នាក់​ឡើង​បង្ហាញ​ក្បាច់​គុន​របស់​ជាតិ​ ដោយ​២​នាក់​ជា​នារី​ គឺ​កញ្ញា​​ខៀវ ចិន្តា​រ័ត្ន​ និង​អេង​ ស៊ូ​ម៉ាឡា​ ដែល​បាន​ឡើង​ទៅ​ពីស្រុក​​ខ្មែរ​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា និង​៣​នាក់​ទៀត​គឺ​ជា​សិស្ស​គុន​រស់​នៅ​ប្រទេស​បារាំង ។​ ក្នុង​ចំណោម​អ្នក​ជំនួយ​ទាំង​៣​នោះ​ ២​នាក់​ជា​កូន​កាត់​ខ្មែរ​ និង​​ម្នាក់​ទៀត​ជា​ជន​ជាតិ​បារាំង​សុទ្ធ ។​ ក្នុង​នោះ​ក៏​មាន​ម្នាក់​ទៀត​ជាអ្នក​លើក​ទង់​ជាតិ​គ្រវី​ចុះ​ឡើងៗ​ ជួយ​ឱ្យ​ការ​បង្ហាញ​របស់​អ្នក​ទាំង​៥​ មាន​ភាព​អ៊ូ​អរ​ មិន​សោះ​កក្រោះ​នៅ​លើ​វេទិកា​ផង​ដែរ ។​ ក្នុង​ការ​បង្ហាញ​នោះ​ កីឡាករ និង​កីឡាការិនី​កម្ពុជា បាន​សម្តែង​​នូវ​គុន​ដំបង​ និង​គុន​ដៃ​ច្រើន​ក្បាច់​ បុ៉ន្តែ​ចំពោះ​ការ​រស់​រវើក​ និង​ភាព​ទាក់​ទាញ​មិន​ដូច​កាល​កម្ពុជា​ចេញ​ទៅ​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មុនៗ​ ដែល​​ទទួល​បាន​ចំណាត់​ថ្នាក់​ត្រឡប់​មក​វិញ​នោះ​ទេ ។​ នោះ​អាច​បណ្តាល​មក​ពី​ការ​បង្ហាញ​ក្បាច់​គុន​លើក​នេះ​មិន​មាន​ការ​ដឹក​នាំ​ពី​គ្រូ​តា​ក្រមា​មាស សាន គឹម​ស៊ាន​ ដែលជា​គ្រូ​ក្បាច់​គុន​ទៅ​ជួយ​រៀប​ក្រឡា​ឱ្យ ។​

អ្នក​ស្រី​អ៊ុក​ ពង្ស​បុប្ផា​ បញ្ជាក់​ថា​ ការ​បង្ហាញ​របស់​កម្ពុជា​ពិត​ជា​មិនសូវ​មាន​ភាព​គគ្រឹក​គគ្រេង​នៅ​លើវេទិកា​ ប៉ុន្តែ​ចំពោះ​ការ​ចាប់​អារម្មណ៍​គឺ​មាន​ច្រើន ។​ ជាក់​ស្តែង គ្រាន់​តែ​ការ​បង្ហាញ​របស់​ប្រទេស​ទាំង​៣៤​ចប់​សព្វ​គ្រប់​ភ្លាម​ មាន​គេទាក់​ទង​ឱ្យ​កម្ពុជា​បន្ត​បង្ហាញ​ក្បាច់​គុន​ល្បុក្ក​តោ​បែប​នេះ​​ទៀត​ភ្លាម​ បើ​ទោះ​ជា​ក្នុង​រយៈ​ពេល​១​ខែ​មុន​ព្រឹត្តិ​ការណ៍​បង្ហាញ​ សិស្ស​គុន​របស់​អ្នក​ស្រី​ ​ដើរ​ស្ទើរ​តែ​ទូទាំង​ប្រទេស​បារាំង​ដើម្បី​បង្ហាញ​ក្បាច់​គុន​នេះ​រួចទៅ​ហើយ​ក្តី ។​ អ្នក​ស្រី​ប្រាប់​ថា​ ការ​បង្ហាញ​នោះ​មិន​មាន​ការ​ផ្តល់​ចំណាត់​ថ្នាក់​ទេ​ គេ​គ្រាន់​តែ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ និង​កោត​សរ​សើរ​ចំពោះ​ក្រុម​ណា​ដែល​បាន​បង្ហាញ​ហើយ​មាន​ភាព​កន្ត្រាក់​អារម្មណ៍​ចំពោះ​អ្នក​ទស្សនា​បុ៉ណ្ណោះ។​ ក្នុង​នោះ​ការ​បង្ហាញរបស់​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​ចំណុច​ទាក់​ទាញ​ដែល​អ្នក​ស្រី​បញ្ជាក់​ថា គឺ​ទទួលបាន​មោទន​ភាព​ខ្លាំង​ណាស់ ។​

យោង​តាម​វីដេអូ​ដែល​បាន​បង្ហោះ​ឡើង​នៅ​ក្នុង​ Profile Facebook របស់​កម្មវិធី Festival Des Arts Martiaux បាន​បង្ហាញ​ថា​ ក្បាច់​គុន​បណ្តា​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​បាន​បង្ហាញ​នូវ​ភាពទាក់​ទាញ​របស់​ខ្លួន​ដោយ​ឡែក​ពីគ្នា​ទាំង​អស់។​ ប្រទេស​ខ្លះ​​ត្រូវគេ​ឃើញ​បង្ហាញ​ក្បាច់​គុន​តាម​លំនាំ​រូប​ភាព​ជា​សៀក​រហស្ស​កម្ម​ដែល​មាន​ទិដ្ឋ​ភាព​បែប​រន្ធត់​ និង​បែប​សាហាវ​ដូច​ជា​យក​ដាវ​ចាក់​គ្នា​ដូច​មែន​ទែន​ និង​ប្រើ​កម្លាំង​ដៃ​វាយ​បំបែក​ថ្ម​ច្រើន​ជាន់​ជា​ដើម​ ។​ នៅ​លើ​គេហ​ទំព័រ​របស់​បារាំង​ដដែល​ គេ​ឃើញ​បង្ហោះ​ក្បាច់​គុន​ដែល​មាន​ភាព​រស់​រវើក និង​មាន​អ្នក​បោះ​ឆ្នោត​ឱ្យ​ច្រើន​ជាង​តាម​លំដាប់​លំដោយ ដោយ​ល្បុក្ក​តោ​ខ្មែរ​ស្ថិត​នៅ​លំដាប់​កៀក​នឹង​លេខ​រៀង​ទី​២០ ។​ អុីចឹង​ទើប​គេ​យល់​ថា​ ការ​អះ​អាង​ថា​ កម្ម​វិធី​នោះ​មិន​មាន​ផ្តល់​នូវ​ចំណាត់​ថ្នាក់​ ហាក់​ខុសគ្នា​ទាំង​ស្រុង​នឹង​​កម្ម​វិធី​ដែល​ព្រឹត្តិ​ការណ៍​នេះ​ធ្លាប់​ធ្វើ​មុនៗ។

ជាក់​ស្តែង ក្នុងការ​បង្ហាញ​ក្បាច់​គុន​​នេះ​ដូចគ្នា​ នៅ​ទីក្រុង​ហូជី​មិញ​កាលពី​ឆ្នាំ​២០១២​ ល្បុក្ក​តោ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ចំណោម​២៣​ប្រទេស​, ឆ្នាំ​២០០៥​ ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ នៅ​ហ្វ៊ី​លី​ពីន​, ឆ្នាំ​២០១២​ ជាប់​ចំណាត់​ថ្នាក់​លេខ​២ នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ និង​ចំណាត់​ថ្នាក់​លេខ​៣​ម្តង​ទៀត​ក្នុងព្រឹត្តិ​ការណ៍​ MMA នៅ​ប្រទេស​ម៉ាឡេ​ស៊ី​ លើក​លែង​តែ​ក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ​នេះ​ទេ​ ដែល​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ដែរ​ តែ​មិន​ទទួល​បាន​ផ្លែ​ផ្កា ៕​