រាជធានីភ្នំពេញ ៖ យើងធ្លាប់ឮពាក្យថា អង្គការសាមគ្គីអូឡាំពិក (OS) តែមិនទាន់ដឹងថា អង្គការមួយនេះជាអ្វី និងបានជួយអ្វីខ្លះដល់វិស័យកីឡា ? ពេលនេះកោះសន្តិភាពសូមផ្តល់ជូននូវនិយមន័យ និងតួនាទីរបស់អង្គការមួយនេះតាមរយៈអត្ថបទដែលផ្តល់ជូនដោយលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។
អង្គការសាមគ្គីអូឡាំពិក (OS) ជានាយកដ្ឋានមួយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងជាប្រភពជំនួយទ្រទ្រង់ និងលើកទឹកចិត្តគ្រប់ប្រភេទកីឡាអូឡាំពិកទាំងអស់។ អង្គការនេះមានភារកិច្ច ៈ ផ្តល់មូលនិធិសម្រាប់អភិវឌ្ឍន៍កីឡាករកម្រិតខ្ពស់រហូតដល់កីឡាករទើបចាប់ផ្តើម, ផ្តល់លទ្ធភាពឱ្យគណៈកម្មាធិការជាតិអូឡាំពិក (NOC) បើកវគ្គសិក្សា បច្ចេកទេស និងរដ្ឋបាលកីឡា, ផ្តល់ជំនួយបច្ចេកទេសដើម្បីផ្សព្វផ្សាយចំណេះដឹងពីបច្ចេកទេសកីឡា និងផ្សព្វផ្សាយពីស្មារតីអូឡាំពិក ពិសេសគឺ FAIR-PLAY និងសហការជាមួយសហព័ន្ធកីឡា និងអង្គការមានទំនាក់ទំនងជាមួយកីឡាជាដើម ។
មូលនិធិអង្គការសាមគ្គីអូឡាំពិកគឺជាវត្ថុសម្រាប់លើកទឹកចិត្តកីឡាករ-កីឡាការិនី ទាំងកីឡាករអូឡាំពិក និងកីឡាករថ្មីដែលមានសក្តានុពល ។ ជួយគាំទ្រគណៈកម្មាធិការជាតិអូឡាំពិក ដែលចង់បង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ផ្សព្វផ្សាយចំណេះដឹង-ស្មារតីអូឡាំពិក និងសហការជាមួយអង្គការពាក់ព័ន្ធជាមួយកីឡា ។ ចំណែកភារកិច្ចរបស់អង្គការសាមគ្គីអូឡាំពិក គឺបំប៉នចំណេះដឹងឱ្យកីឡាករ និងគ្រូបង្វឹក, លើកកម្ពស់កម្រិតបច្ចេកទេសឱ្យកីឡាករ-គ្រូបង្វឹក ដោយផ្តល់អាហារូបករណ៍, បណ្តុះបណ្តាលអ្នករដ្ឋបាលកីឡា (Sport administrator), សហការជាមួយគណៈកម្មការនានារបស់ IOC (គណៈកម្មាធិការអូឡាំពិកអន្តរជាតិ), ស្ថាបនាទីលានកីឡាសាមញ្ញអាចប្រើប្រាស់បាន ចំណាយថវិកាតិច ដោយសហការជាមួយអង្គការជាតិ និងអន្តរជាតិ, គាំទ្រការលេងកីឡាថ្នាក់ជាតិ-តំបន់-ទ្វីប, លើកទឹកចិត្តកម្មវិធីសហប្រតិបត្តិការទ្វេភាគី-ពហុភាគីរវាងគណៈកម្មាធិការអូឡាំពិកដែលមានច្រើនប្រទេស, ជំរុញរដ្ឋាភិបាល-អង្គការអន្តរជាតិឱ្យបញ្ចូលកីឡាក្នុងកម្មវិធីអភិវឌ្ឍន៍, ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដើម្បីឱ្យគណៈកម្មាធិការជាតិអូឡាំពិកអាចចូលរួមកីឡាអូឡាំពិក និងមហាសន្និបាតថ្នាក់ទ្វីប-ពិភពលោក និងការប្រកួតកីឡាផ្សេងៗទៀតដែលស្ថិតនៅក្រោមកិច្ចបរិបាលរបស់គណៈកម្មាធិការជាតិអូឡាំពិក និងផ្តល់ជំនាញការ ឬទីប្រឹក្សាជួយដល់គណៈកម្មាធិការជាតិអូឡាំពិក ។
គណៈកម្មាធិការជាតិអូឡាំពិក (NOC) និងអង្គការសាមគ្គីអូឡាំពិក (OS) មានគម្រោងរួមគ្នាគឺ ផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីចូលរួមបណ្ឌិតសភាអូឡាំពិកនៅប្រទេសហ្ក្រិក, ផ្តល់ជំនួយហិរញ្ញវត្ថុកីឡាសម្រាប់ទាំងអស់គ្នា-ទិវារត់ប្រណាំងអូឡាំពិក, ផ្តល់ជំនួយហិរញ្ញវត្ថុដល់វគ្គសិក្សាវេជ្ជសាស្ត្រកីឡា, ផ្តល់ជំនួយហិរញ្ញវត្ថុដល់កិច្ចការស្ត្រី និងកីឡា, ផ្តល់ជំនួយហិរញ្ញវត្ថុដល់ការងារកីឡា និងបរិស្ថាន ។ ជាមួយគ្នានេះ ក៏មានកម្មវិធីពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរដូចជា ផ្តល់អាហារូបករណ៍ដល់កីឡាករ និងគ្រូបង្វឹក, ឧបត្ថម្ភវគ្គរដ្ឋបាលកីឡា និងអប់រំតាមរយៈអង្គការសាមគ្គីអូឡាំពិក ។
សូមបញ្ជាក់ផងដែរថា សម្រាប់កម្ពុជា អង្គការសាមគ្គីអូឡាំពិកបានផ្តល់នូវការជួយឧបត្ថម្ភជាច្រើនដល់វគ្គសិក្សាកីឡាផ្សេងៗជាច្រើនលើករួចមកហើយ និងទទួលបានជោគជ័យយ៉ាងធំធេងពីការរៀបចំកម្មវិធីផ្សេងៗទៀតផង៕
ចែករំលែកព័តមាននេះ