រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ស្រាបៀរភ្នំពេញនៅលើសង្វៀន CTN ថ្ងៃព្រហស្បតិ៍ ទី២០ កុម្ភៈខាងមុខនេះបានឈានចូលដល់សប្តាហ៍ទី២ ហើយ ។ កីឡាករដែលជាបេក្ខភាពឡើងប្រកួតនៅថ្ងៃនោះមាន ខឹក សុខឿន មកពីក្លិបកងពលតូចឆត្រយោង៩១១ ត្រូវជួបជាមួយ ហេង សត្រា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន និង ជន សាវុធ មកពីក្លិបពោធិ៍ជ័យកីឡា ជួបជាមួយ ខុន សីហា មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ។
កាលពីសប្តាហ៍មុនគេបានរកឃើញកីឡាករ ទឹម សុជាតិ មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកែវ សុផានិត មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង រកបាន៣ពិន្ទុម្នាក់មុនគេ បុ៉ន្តែសម្រាប់សប្តាហ៍នេះគេនៅមិនទាន់ដឹងថា កីឡាកររូបណាមានសំណាងរកបាន៣ពិន្ទុទៀតនោះទេ ។ រវាង២គូខាងលើនេះសុទ្ធតែជាជើងថ្មីទាំងអស់ មិនសូវលេចមុខនៅលើសង្វៀននោះទេ ដូច្នេះអ្នកណាក៏មិនអាចធ្វើការវាយតម្លៃទុកមុនពីលទ្ធផលចុងក្រោយបានដែរ ។ ខឹក សុខឿន ក៏មានជំនឿចិត្តឈ្នះច្រើនក្នុងការប្រកួតលើកនេះដែរ ទោះបីគេមិនទាន់ដឹងពី សមត្ថភាពប្រកួតរបស់ ហេង សត្រា ច្បាស់លាស់នៅឡើយក៏ដោយ ដោយសារពួកគេមិនធ្លាប់ជួបគ្នាពីមុនមក ។
ចំណែកឯ ហេង សត្រា វិញ ក៏មិនហ៊ានមើលស្រាលលើ ខឹក សុខឿន នោះដែរ តែគេបានកំណត់គោលដៅថា ត្រូវតែយកឈ្នះគូប្រកួតមួយនេះឱ្យបានដើម្បីបង្កើនក្រេឌីតរបស់ខ្លួន ។ ជន សាវុធ និងខុន សីហា គឺជាអ្នកប្រដាល់ជើងខ្លាំងដូចគ្នា បុ៉ន្តែ ជន សាវុធ បានបាត់មុខពីលើសង្វៀនប្រកួតអស់រយៈពេលជាយូរមកហើយ ទើបគេមិនដឹងថា កីឡាកររូបនេះនៅខ្លាំងដូចមុនទៀតឬអត់ ។ ចំណែកឯ ខុន សីហា វិញ មួយរយៈមកនេះគេឃើញលេចមុខនៅលើសង្វៀនញឹកញាប់គួរសម បុ៉ន្តែគេក៏មិនហ៊ានអះអាងទុកមុនពីលទ្ធផលចាញ់-ឈ្នះបានដែរ ។ ម្យ៉ាងវិញទៀត ទាំងសងខាងសុទ្ធតែមានមហិច្ឆតារៀងៗខ្លួន ក្នុងការស្វែងរក៣ពិន្ទុជាលើកដំបូងនាពេលនេះដូច
គ្នា ។ ចាំមើល គូនេះនរណាឈ្នះ ហើយការប្រកួតនោះទៀតសោតនឹងបង្កការជក់ចិត្តដល់ទស្សនិកជនបានកម្រិតណា សូមរង់ចាំតាមដានទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ