សារព័ត៌មានក្នុងស្រុករាយការណ៍កាលពីថ្ងៃទី១៨ កុម្ភៈថា សណ្ឋាគារមួយស្ថិតនៅទីក្រុងជាប់មាត់សមុទ្រនាភាគអាគ្នេយ៍កូរ៉េខាងត្បូង បានបាក់ក្រោមទម្ងន់ធ្ងន់នៃព្រិល បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១០នាក់ ហើយមនុស្សជាង១០០នាក់ទៀតត្រូវរបួស ។
ទូរទស្សន៍ក្នុងស្រុក YTN និងទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP បានដកស្រង់សម្តីប៉ូលិស និងពួកអ្នកជួយសង្គ្រោះថា ដំបូលនៃទីតាំងហាត់ប្រាណរបស់សណ្ឋាគារ MAUNA OCEAN RESORT នៅក្រុង GYEONGJU ស្ថិតនៅចម្ងាយប្រមាណជា៣៧០គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងសេអ៊ូល បានបាក់នាវេលាម៉ោង២១និង១៥នាទី ម៉ោងក្នុងស្រុកថ្ងៃទី១៧ កុម្ភៈ ដោយសារទម្ងន់សង្កត់របស់ព្រិលដែលគរពីលើ ។ ពេលទីតាំងហាត់ប្រាណនោះបាក់មាននិស្សិត៥៦៥នាក់នៃសាកលវិទ្យាល័យសិក្សាបរទេសក្រុងប៊ូសាន ចូលរួមក្នុងពិធីជប់លៀងមួយសម្រាប់ពួកនិស្សិតឆ្នាំទីមួយ ។នាវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៨ កុម្ភៈ គេរាប់ឃើញនិស្សិត៩នាក់ និងអ្នករៀបចំពិធីជប់លៀងនោះម្នាក់ត្រូវស្លាប់ ចំណែកនិស្សិត១០១នាក់ទៀតត្រូវរបួស ក្នុងនោះ១៧នាក់របួសធ្ងន់ ។
និស្សិត៣នាក់ និងអ្នករៀបចំ១១នាក់អាចកប់ជាប់ក្រោមគំនរបាក់បែក ។អ្នកជួយសង្គ្រោះប្រមាណជា៤០០នាក់ ក្នុងនោះរួមមានប៉ូលិស កងកម្លាំងម៉ារីន និងកងកម្លាំងជើងគោក ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ក៏ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះជួបការលំបាកខ្លាំង ព្រោះអគារនេះស្ថិតនៅលើកំពូលភ្នំ ហើយដីក្រាលដោយស្រទាប់ព្រិលយ៉ាងក្រាស់ ៕
ចែករំលែកព័តមាននេះ