បាតុករជាច្រើនពាន់នាក់ដឹកនាំដោយលោកស៊ូថេប ធឿកស៊ូបាន ដែលទាមទារចាប់តាំងពីច្រើនខែមកហើយឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ សីុណាវ៉ាត្រា លាលែងចេញពីតំណែងនោះ កាលពីថ្ងៃទី១៧ កុម្ភៈ បានលើកគ្នាមកឡោមព័ទ្ធវិមានរដ្ឋាភិបាលទៀត ទោះបីនាពេលថ្មីៗនេះមានប្រតិបត្តិការប៉ូលិសដើម្បីបោសសម្អាតតំបន់នោះក្តី ។
មេខ្លោងបាតុកម្មលោកស៊ូថេប ធឿកស៊ូបាន ដែលមានដីកាចាប់ខ្លួនពីបទបង្កការបះបោរនោះថ្លែងនៅមុខពួកបាតុករថា លោកស្រីយីងឡាក់ នឹងគ្មានវាសនាធ្វើការជាថ្មីក្នុងវិមានរដ្ឋាភិបាលឡើយ ។ យើងនឹងមិនបណ្តោយឱ្យរដ្ឋាភិបាលវិលចូលធ្វើការវិញទេ ។
ពួកបាតុករចាប់ផ្តើមកសាងជញ្ជាំងស៊ីម៉ងត៍មួយនៅមុខរបងដែកនៃវិមានរដ្ឋាភិបាល ជាកន្លែងដែលលោកស្រីយីងឡាក់ និងបណ្តារដ្ឋមន្ត្រីរបស់លោកស្រីពុំអាចមកធ្វើការនៅទីនោះបានចាប់តាំងពីជិត២ខែមកហើយ ។
កាលពីថ្ងៃទី១៤ កុម្ភៈ កន្លងមកនេះ ប៉ូលិសប្រឆាំងកុបកម្មជាច្រើនរយនាក់បានលើកគ្នាមករុះរើតង់ទាំងឡាយចេញ ក្រោយពួកបាតុករចាកចេញពីជុំវិញវិមានរដ្ឋាភិបាល ។ ក៏បុ៉ន្តែក្រោយអន្តរាគមន៍នោះដែលពុំមានការប៉ះទង្គិចគ្នា ឬ ការចាប់ខ្លួនមនុស្ស ពួកបាតុករប្រឆាំងបានវិលត្រឡប់វិញកសាងទីតាំងពួកគេដោយយកសម្បកកង់រថយន្ត និងបាវខ្សាច់ដាក់រាំង ។ប្រតិបត្តិការនោះហាក់ដូចជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលតាំងពីចាប់ផ្តើមវិបត្តិមកមានការប្រឈមមុខដាក់គ្នាខ្លាំងរវាងប៉ូលិស និងពួកបាតុករដើម្បីកម្រិតអំពើហិង្សាដែលបណ្តាលឱ្យមនុស្សស្លាប់១១នាក់ហើយ ។ បុ៉ន្តែពេលដែលអាជ្ញាធរប្រកាសពីការដណ្តើមកាន់កាប់វិញ ទីតាំងដទៃៗច្រើនទៀតកាន់កាប់ដោយពួកបាតុករនោះ អាជ្ញាធរហាក់ផ្តោតលើការចរចាជាមួយពួកបាតុករវិញ ដែលសម្រាប់ពេលនេះពុំទាន់មានលទ្ធផល ។
លោកអានូចា រ៉ូមីយ៉ាណាន អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិនិយាយជាថ្មីកាលពីថ្ងៃទី១៧ កុម្ភៈថា ពេលនេះយើងនឹងផ្តោតលើការចរចាដើម្បីកាន់កាប់តំបន់ទាំងឡាយវិញ។អាជ្ញាធរសម្រាប់ពេលនេះផ្តោតលើបណ្តាទីតាំងពួកបាតុករដែលរាំងខ្ទប់អគាររដ្ឋទាំងឡាយ និងពុំសំដៅលើបណ្តាជំរំដែលបោះនៅតាមផ្លូវបំបែកសំខាន់ៗនៃក្រុងបាងកកចាប់តាំងពីការបើកធ្វើប្រតិបត្តិការរាំងខ្ទប់ក្រុងបាងកកពីពាក់កណ្តាលខែមករាមកឡើយ ។ ពួកបាតុករដែលចំនួនមានការចុះថយយ៉ាងខ្លាំងរយៈពេលបុ៉ន្មានសប្តាហ៍ចុងក្រោយនេះទាមទារចាប់តាំងពី៣ខែមកហើយ ក្រៅពីបណ្តេញលោកស្រីយីងឡាក់ ចេញ គឺការបញ្ចប់ឥទ្ធិពលរបស់បងប្រុសលោកស្រីគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ត្រូវផ្តួលរំលំដោយសាររដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ រួចទទួលការចោទប្រកាន់ផ្សេងៗចាប់តាំងពីលោករស់នៅនិរទេសឯក្រៅស្រុកមក ។
ចាប់តាំងពីក្រោយរដ្ឋប្រហារនោះមក ប្រទេសថៃធ្លាក់ក្នុងវិបត្តិនយោបាយយ៉ាងជ្រៅនាំឱ្យមានបាតុកម្មរបស់ពួកប្រឆាំងលោកថាក់ស៊ីន និងរបស់ពួកអ្នកគាំទ្រលោក ពិសេសក្រុមអាវក្រហម ។ ការបោះឆ្នោតសភាមុនកាលកំណត់កាលពីថ្ងៃទី២ កុម្ភៈ នៅតែពុំអាចនាំប្រទេសថៃឱ្យចាកចេញផុតពីភាពទ័លច្រក ។ ពួកបាតុកម្មដែលទាមទារជំនួសរដ្ឋាភិបាលបច្ចុប្បន្នដោយក្រុមប្រឹក្សាប្រជាជនមួយ ពុំបាច់មានការបោះឆ្នោតពិតជាធ្វើឱ្យមានការរាំងស្ទះខ្លាំងដល់ការបោះឆ្នោតនេះ ដែលពុំទាន់មានការប្រកាសលទ្ធផលណាមួយនៅឡើយ ដោយរង់ចាំថ្ងៃបោះឆ្នោតថ្មី២ទៀតនាដំណាច់ខែមេសា ៕
ចែករំលែកព័តមាននេះ