យោងតាមសេចក្ដីប្រកាសផ្លូវការមួយរបស់ក្រុមប្រឹក្សាយោធាជាន់ខ្ពស់ CMS របស់ក្រុមចម្រុះនៃពួកប្រឆាំងស៊ីរីថា នាយសេនាធិការកងទ័ពស៊ីរីសេរី ASL លោក សេលីម អីុឌ្រីស ត្រូវបានដកហូតតំណែង កាលពីថ្ងៃទី១៦ កុម្ភៈ ។ ក្នុងវីដេអូមួយផ្សាយតាមអីុនធើរណេត វរសេនីយ៍ឯក កាសេម សាអាដ ដេដឌីន អមដោយសមាជិកឯទៀតៗរបស់ CMS ប្រកាសថា CMS បានសម្រចជាឯកច្ឆ័ន្ទក្នុងកិច្ចប្រជុំរបស់ខ្លួន កាលពីថ្ងៃទី១៦ កុម្ភៈ ដកតំណែងលោក សេលីម អីុឌ្រីស ពីនាយសេនាធិការហើយដាក់ជំនួសវិញដោយឧត្ដមសេនីយ៍ អាប់ដែល អាល់អីុឡាហ៍ អាល់បាសៀ ។
លោកសេលីម ទទួលការរិះគន់ថា ធ្វើឱ្យស្ទះក្នុងផ្ទៃសេនាធិការរយៈពេលប៉ុន្មានខែចុងក្រោយនេះ ព្រមទាំងបានលើកឡើងពីការចាំបាច់នៃការកែទម្រង់ និងត្រួសត្រាយការលំបាកទាំងឡាយដែលបដិវត្ដន៍ស៊ីរីជួបប្រទះប្រឈមមុខនឹងរបបលោកប្រធានាធិបតី បាចា អាល់អាសាដ ។ ប្រភពមួយក្នុងផ្ទៃពួកប្រឆាំងស៊ីរីអះអាងកាលពីថ្ងៃទី១៦ កុម្ភៈ ប្រាប់សារព័ត៌មានពីការដកតំណែងឧត្ដមសេនីយ៍ សេលីម អីុឌ្រីស ដោយបញ្ជាក់ថា មូលហេតុនៃការដកឧត្ដមសេនីយ៍រូបនេះដែលតែងតាំងកាលពីខែធ្នូ ឆ្នាំ២០១២ គឺការចែកចាយអាវុធដល់ពួកឧទ្ទាមនៅលើទីលានពុំបានល្អ ហើយលើសពីនេះទៀតមកពីលោកប្រព្រឹត្ដការខុសឆ្គងនានា និងការធ្វេសប្រហែសក្នុងការប្រយុទ្ធ ព្រមទាំងធ្វើមិនដឹងមិនឮចំពោះការបារម្ភទាំងឡាយរបស់ពួកបះបោរ ។
កងទ័ពស៊ីរីសេរី ជាក្រុមចម្រុះឧទ្ទាមមួយបង្កើតឡើងពេលការបះបោរនៅស៊ីរី ក្លាយទៅជាការតស៊ូដោយអាវុធប៉ុនប៉ងផ្ដួលរំលំរបបលោក បាចា អាល់អាសាដ ។ កងទ័ពនេះក្រោយមកកាន់តែចុះខ្សោយមកពីការបែកបាក់គ្នា ផ្ទៃក្នុង និងការលេចមុខពួកជីហាដនិយម និងក្រុមចម្រុះឧទ្ទាមឯទៀតៗ ពិសេសក្រុមរណសិរ្សអ៊ិស្លាមដែលមានឥទ្ធិពលខ្លាំងមក ៕
ចែករំលែកព័តមាននេះ