ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង ស្រឿ​ន និង​ធឿ​ន វិ​ថា​ក់ ឡើង​កូដ​ប៉ះ​បរទេស​លើ​សង្វៀន​តែ​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១០ សីហា ឆ្នាំ​២០១៩ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​បន្ត​បើក​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​បរទេស​២​រូប​ប៉ះ​គ្នា​ទៀត​ហើយ ដោយ​កីឡាករ សេង…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១០ សីហា ឆ្នាំ​២០១៩ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​បន្ត​បើក​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​បរទេស​២​រូប​ប៉ះ​គ្នា​ទៀត​ហើយ ដោយ​កីឡាករ សេង ស្រឿ​ន ឡើង​ប្រកួត​ជា​គូ​ឯក និង​កីឡាករ ធឿ​ន វិ​ថា​ត់ ដែល​មានឈ្មោះ​កំណើត​ថា ធឿ​ន ឡៃ​អៀង ឡើង​ប្រកួត​ជា​គូ​រង​ឯក​ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​កីឡាករ​កំពុង​ឡើង​កូដ​ដូច​គ្នា ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​២​រសៀល​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​មាន​អ្នក​ទស្សនា​ច្រើន​កកកុញ​ស្រាប់​មិន​ថា​ចំ​ថ្ងៃ​សម្រាក​រួច​ទៅ​ហើយ ព្រោះតែ​ស្ថានភាព​ទីតាំង​ស្ថិត​ក្នុង​តំបន់​មនុស្ស​រស់នៅ​ច្រើន ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ សេង ស្រឿ​ន គឺជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន ដ្បិតថា​មិន​ទាន់​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង ។ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។

គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ ថៃ​ឈ្មោះ Kolap Dam ក្នុង​នាម​ជា​គូ​ឯក​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ដោយ​ជំនួប​រវាង​ពួក​គេ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ខណៈ​ដែល​អ្នក​ណា​ឈ្នះ គឺ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​ច្រើន​ដង ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត គឺ​មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​មានការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។

លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយនឹង​មិន​ប្រកាន់​លាក់​ដៃ ធ្វើ​ឱ្យ​មានការ​រិះគន់​ណាមួយ​កើតឡើង​នោះ​ទេ ទើប​លោក​យល់​ថា ជំនួប​រវាង​ជើង​ខ្លាំង សេង ស្រឿ​ន ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិន
ធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​៨៩​លើក ឈ្នះ​៦៩​លើក ចាញ់​១៩​លើក និង​ស្មើ​១​ប៉ុណ្ណោះ ខណៈ​ដែល​កីឡាករ​ថៃ ប្រកួត​បាន​ដល់​៩៩​ដង ឈ្នះ​៨៤​លើក ចាញ់​១៤​លើក និង​ស្មើ​២​លើក​។

សម្រាប់​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ទៀត គឺ​ធឿ​ន វិ​ថា​ត់ ដែល​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ស្គាល់​ថា​ជា​កីឡាករ​មាន​សមត្ថភាព​មួយ​រូប ក៏​ត្រូវ​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Orp Sai ក្នុង​នាម​ជា​គូ​រង​ឯក​។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។ លោក​យល់​ថា កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​ប្រហាក់ប្រហែល​គ្នា​។

កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៥៩​លើក ឈ្នះ​៥០​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក ខណៈ​កីឡាករ​ថៃ​ប្រកួត​បាន​ដល់​៦៧​លើក ឈ្នះ​៥៩​លើក ចាញ់​៨​លើក និង​មិន​ធ្លាប់​ស្មើ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ