លក្ខខណ្ឌការងាររបស់កម្មករដែលទៅធ្វើការនៅប្រទេសកាតា បន្តឱ្យបណ្តាអង្គការក្រៅរដ្ឋាភិបាលមានការព្រួយបារម្ភ ។ យោងតាមរបាយការណ៍មួយចេញផ្សាយដោយគណៈកម្មាធិការសម្របសម្រួលនេប៉ាល់ Pravasi ថាពលករនេប៉ាល់ដល់ទៅជាង៤០០នាក់ត្រូវស្លាប់ក្នុងការដ្ឋានទាំងឡាយនៅកាតា ខណៈប្រទេសនេះ រៀបចំខ្លួនសម្រាប់ទទួលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ។
តួលេខបែបនេះ ក៏ចោទសំណួរផងដែរថា តើមានពលករចំណាកស្រុកប៉ុន្មាននាក់ទៅស្លាប់ក្នុងការដ្ឋានទាំងនោះចាប់តាំងពីកាតា ត្រូវបានជ្រើសរើសកាលពីឆ្នាំ២០១០ជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់អន្តរជាតិមក ។ ដូចការគូសបញ្ជាក់របស់កាសែតអង់គ្លេស The Gardian ដូច្នេះជនជាតិនេប៉ាល់តំណាងឱ្យដល់ទៅ២០%នៃកម្លាំងពលកម្មចំណាកស្រុកនៅកាតា ។
ប្រទេសកាតា រងការរិះគន់ និងថ្កោលទោសរួចហើយចំពោះលក្ខខណ្ឌការងារសម្រាប់ពលករចំណាកស្រុក ។ កាលពីខែកញ្ញា កន្លងមកនេះកាសែត The Gaurdian ធ្លាប់បានលាតត្រដាងរួចហើយ ពីការស្លាប់កម្មករនេប៉ាល់៤៤នាក់ក្នុងការដ្ឋាននានារបស់កាតា ។ គណៈប្រតិភូសហជីពអន្តរជាតិមួយបានទទួលបន្ទុកធ្វើការស៊ើបអង្កេតលើលក្ខខណ្ឌការងាររបស់ពួកពលករចំណាកស្រុក ក្នុងប្រទេសនេះ ៕
ចែករំលែកព័តមាននេះ