រាជធានីភ្នំពេញ ៖ គណៈប្រតិភូនៃប្រទេសប៊ែលហ្សិក បានរួមសហការជាមួយក្រសួងបរិស្ថាននៃប្រទេសកម្ពុជារៀបចំសិក្ខាសាលាទ្វេភាគីមួយស្តីពីបរិស្ថាន និងការអភិវឌ្ឍបៃតង ដែលក្នុងសិក្ខាសាលានោះប៊ែលហ្សិកបានចែករំលែកបទពិសោធន៍ល្អៗដល់មន្ត្រីពាក់ព័ន្ធរបស់កម្ពុជាក្នុងការការពារបរិស្ថាននិងការអភិវឌ្ឍបៃតង។
សិក្ខាសាលាខាងលើនេះបានរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៧-១៩ កុម្ភៈ ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វេ ក្រោមវត្តមានរបស់លោក យឹន គឹមស៊ាន រដ្ឋលេខាធិកាក្រសួងបរិស្ថាន និងលោក Jean-Pierre Heirman អគ្គលេខាធិកានាយកដ្ឋានបរិស្ថាន ធម្មជាតិ និងថាមពលនៃប្រទេសប៊ែលហ្សិក។
ថ្លែងនៅក្នុងឱកាសនៃការបើកសិក្ខាសាលាខាងលើនេះ លោកយឹន គឹមស៊ាន រដ្ឋលេខាធិកាក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សិក្ខាសាលាដែលបានប្រារព្ធធ្វើនាពេលនេះគឺមានតម្លៃធំធេងដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា ឈរលើគោលការណ៍សេដ្ឋកិច្ចបៃតងដែលមានសមធម៌ និងមានតុល្យភាពជាមួយនឹងបរិស្ថាន សង្គម និងវប្បធម៌តាមរយៈកិច្ចសហប្រតិបត្តិការល្អប្រសើរ ការបង្កើនឱកាសវិនិយោគទុន និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ ព្រមទាំងព័ត៌មានទាក់ទងនឹងកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍបៃតងរវាងប្រទេសប៊ែលហ្ស៊ិក និងប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមមួយប្រកបដោយបៃតង បរិស្ថានល្អ និងភាពស្រស់ស្អាត ៕
ចែករំលែកព័តមាននេះ