ខេត្តកំពង់ឆ្នាំង ៖ ត្រីចម្លែកមួយក្បាលមានប្រវែង១,២៧ម៉ែត្រ និងទម្ងន់៧,២០គីឡូក្រាមត្រូវប្រជាពលរដ្ឋម្នាក់ជាជនពិការបង់សំណាញ់បានកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ កុម្ភៈ ២០១៤ នៅក្នុងទំនប់ចាក់ទឹម ភូមិកោះខ្ទម ជុំជៀប ស្រុកទឹកផុស។
ត្រីចម្លែកនោះមានក្បាលដូចសត្វអន្ទង់ មានដុះខាងមុខធំៗដូចចែ រាងដូចត្រីរ៉ស់ តែគ្មានស្រការដូចត្រីអណ្តែង មានព្រុយខាងដូចស្លឹកត្រចៀក និងមានកន្ទុយខាងក្រោយមិនដូចត្រីទេ គឺកំបុតឆ្កុយ។
ទាក់ទិននឹងត្រីចម្លែកនេះ បុរសចំណាស់ម្នាក់ជាមន្ត្រីបរិស្ថានក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់បានឱ្យដឹងថា មិនមែនជាត្រីចម្លែកនោះទេ ត្រីនេះឈ្មោះត្រីទក់ ដែលរស់នៅតែក្នុងទឹកជ្រោះព្រៃភ្នំប៉ុណ្ណោះ គាត់ធ្លាប់ឃើញមានទម្ងន់រហូតដល់ទៅ៣០គីឡូក្រាមឯណោះ។ តាមការពិនិត្យជាក់ស្តែងត្រីនេះមានរូបរាងដូចសត្វអន្ទង់ តែខុសគ្នាត្រង់ត្រីនេះមានព្រុយដូចត្រី ដុះសាច់នៅសងខាងមាត់ដូចចែ។
ត្រីនេះបានងាប់ហើយ ហើយត្រូវគេសន្និដ្ឋានថា បណ្តាលមកពីអ្នកមើលចាប់យកមកថតចុះឡើងច្រើនពេកធ្វើឱ្យវាអស់រំអិល ម្យ៉ាងទៀតអ្នកចិញ្ចឹមត្រីនេះដាក់ក្នុងទឹកពាងគ្មានអុកស៊ីសែនត្រឹមត្រូវ។ ការបាត់បង់ត្រីដ៏កម្រនេះគឺជាការសោកស្តាយមួយដែលអាជ្ញាធរ ប្រជាពលរដ្ឋក្នុងមូលដ្ឋានគួរតែយល់ដឹង និងមានបទពិសោធន៍ក្រោយៗទៀត បើមានចាប់បានដូចខាងលើនេះគួរតែឆាប់លែងទៅក្នុងកន្លែងធម្មជាតិវិញដើម្បីរួមគ្នាអភិរក្សកុំឱ្យបាត់បង់ពូជត្រីដ៏កម្រនេះ៕
ចែករំលែកព័តមាននេះ