រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា សំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញមានចំនួន៥២៣ ក្នុងនោះមានសំណង់បេតិកភណ្ឌត្រូវបានចាត់ជាចំណាត់ថ្នាក់ មានចំណាត់ថ្នាក់លេខ១ ចំនួន៣៤ទីតាំង (បើប្រៀបធៀបស្មើឆ្នាំមុន) ,ចំណាត់ថ្នាក់លេខ២ ចំនួន២៤ទីតាំង (ស្មើឆ្នាំមុន), ចំណាត់ថ្នាក់លេខ៣ ចំនួន១៧ទីតាំង (ស្មើឆ្នាំមុន) ។ ចំណែកឯចំណាត់ថ្នាក់លេខ៤គឺ សំណង់លំនៅឋានមានលក្ខណៈជាប្រវត្តិសាស្ត្រមានចំនួន៤៤៨ទីតាំង ។
ទាក់ទិនទៅនឹងរបាយការណ៏ខាងលើនេះ មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ១៧ កុម្ភៈ ២០១៤ នេះថា អាជ្ញាធររាជធានីភ្នំពេញ ដោយមានកិច្ចសហការពីក្រុមអ្នកជំនាញឯកទេសបារាំងបានធ្វើការសិក្សាស្រាវជ្រាវ និងវាយតំលៃទៅលើសំណង់ បេតិកភណ្ឌ និងសំណង់ប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ ហើយការសិក្សាស្រាវជ្រាវ និងវាយតំលៃនោះ យើងបានអនុវត្តន៏ទៅតាមច្បាប់ស្តីពីកិច្ចការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ឆ្នាំ១៩៩៦ ។
មន្ត្រីមន្ទីរវប្បធម៌ឲ្យដឹងទៀតថា អ្វីដែលច្បាប់បានកំណត់មានពីរ ទី១គឺស្នាដៃរបស់មនុស្ស ឬធម្មជាតិដែលមានតំលៃជាប្រវត្តិសាស្ត្រ ជាសិល្បៈ សាសនា វិទ្យាសាស្ត្រ ហើយបានបង្ហាញឲ្យឃើញអំពី វប្បធម៌របស់សង្គម ។ ទី២ គឺអាយុកាលចាប់ពី៥០ឆ្នាំ ទៅ១០០ឆ្នាំឡើង តែក្នុងនោះត្រូវនិយាយអំពីសម័យកាល ដែលចែកជា៤ គឺ សម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ ពីសតវត្សរ៍ទី១ ដល់ចុងសតវត្សរ៍ទី៨ សម័យអង្គរចាប់ពី សតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥ និងសម័យក្រោយអង្គរពីសតវត្សរ៍ទី១៥ រហូតដល់បច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ