គ្រាប់បែកមួយគ្រាប់ដែលវាយប្រហារសំដៅលើរថយន្តបឺសមួយគ្រឿងដឹកពួកអ្នកទេសចរជនជាតិកូរ៉េខាងត្បូង បានសម្លាប់មនុស្ស៤នាក់កាលពីថ្ងៃទី១៦ កុម្ភៈ នៅតំបន់ស៊ីណៃអុី ដែលនោះជាការវាយប្រហារភេរវកម្មលើកដំបូងប្រឆាំងពួកបរទេសនៅអេហ្ស៊ីបចាប់តាំងពីកងទ័ពផ្តួលរំលំប្រធានាធិបតីអ៊ិស្លាមនិយមលោកម៉ូហាម៉េដ ម័រស៊ី មក ។
លោកខាឡេដហ្វូដា អភិបាលតំបន់ស៊ីណៃអុី និយាយថា ការវាយប្រហារនេះដែលបណ្តាលឱ្យស្លាប់ជនជាតិកូរ៉េខាងត្បូង៣នាក់ ព្រមទាំងអ្នកបើករថយន្តជាជនជាតិអេហ្ស៊ីបកើតមាននៅបុ៉ស្តិ៍ព្រំដែនតាបាជាទីក្រុងជាប់មាត់សមុទ្រមួយស្ថិតនៅព្រំដែនជាមួយអុីស្រាអែល ។
រថយន្តបឺសរងការវាយប្រហារនេះដឹកសមាជិក៣១នាក់នៃព្រះវិហារគ្រិស្តខេត្ត JINCHEON ភាគខាងត្បូងកូរ៉េខាងត្បូង ព្រមទាំងមគ្គុទ្ទេសក៍ពួកគេ ។ យោងតាមក្រសួងសុខាភិបាលអេហ្ស៊ីបថា ការវាយប្រហារនេះក៏បណ្តាលឱ្យមនុស្ស១៥នាក់ត្រូវរបួសផងដែរ ។
ការវាយប្រហារភេរវកម្មកើតមានជាញឹកញាប់នៅអេហ្ស៊ីប ចាប់តាំងពីកងទ័ពទម្លាក់ ហើយចាប់ខ្លួនលោកម័រស៊ី កាលពីថ្ងៃទី៣ កក្កដាមក ក៏បុ៉ន្តែពីមុនៗមកសំដៅតែលើកងកម្លាំងសន្តិសុខអេហ្ស៊ីបប៉ុណ្ណោះ ។
ការវាយប្រហារភាគច្រើនប្រកាសទទួលខុសត្រូវដោយក្រុម ANSAR BEIT AL-MAQDESS ជាក្រុមជីហាដមួយមានមូលដ្ឋាននៅស៊ីណៃអុី ហើយក្រុមនេះមានទំនាក់ទំនងជាមួយអាល់កៃដា ។ ក្រុមនោះអះអាងថា ការវាយប្រហាររបស់គេជាការសងសឹកចំពោះការបង្ក្រាបដោយបង្ហូរឈាមរបស់រដ្ឋអំណាចដឹកនាំដោយកងទ័ពប្រឆាំងពួកអ្នកគាំទ្រលោកម័រស៊ី ៕
ចែករំលែកព័តមាននេះ