រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលគេស្គាល់ថាជាកូនប្រុសរបស់ម្ចាស់គ្លីនិក និងសម្ភពសុភាបានបើករថយន្តចេញពីក្នុងគ្លីនិកវាក់ជាមួយរថយន្តមួយគ្រឿងទៀតបង្កជាជម្លោះ ហើយព្យាយាមបើករថយន្តព័ទ្ធមួយជុំត្រឡប់មកវិញបុករះរថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿងបណ្តាលឱ្យមានមនុស្សរងរបួសស្រាល ហើយរត់ចូលគ្លីនិកបាត់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១៦ កុម្ភៈ ២០១៤ នៅតាមផ្លូវលេខ១៣៤ មុខសុភាគ្លីនិក និងសម្ភព ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តបង្កម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២L៦៩០៦ បើកដោយយុវជនម្នាក់ដែលគេស្គាល់ថាជាម្ចាស់គ្លីនិក និងសម្ភពសុភាបានបើករថយន្តចេញពីគ្លីនិកក្នុងទិសដៅពីកើតទៅលិចបានវាក់ជាមួយរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្លែ មិនចាំស្លាកលេខបើកពីលិចទៅកើតបណ្តាលឱ្យជល់គ្នា ប៉ុន្តែមិនទាន់បុកទេស្រាប់តែភាគីទាំង២បានដំឡើងអំណាចដាក់គ្នាធ្វើឱ្យមានអន្តរាគមន៍ទើបអ្នកបើករថយន្តបង្កបានបើកថយក្រោយទៅប៉ះម៉ូតូមួយគ្រឿងបណ្តាលឱ្យដួលរបួសស្រាល ខណៈនោះអ្នកឃើញហេតុការណ៍ខឹងពេកបានយកដុំថ្មគប់បែកកញ្ចក់រថយន្ត ទើបរថយន្តបើកព័ទ្ធមួយជុំមកដល់ចំណុចកើតហេតុខាងលើវិញក្នុងល្បឿនលឿនពេកជ្រុលទៅបុកម៉ូតូស្មាសជិះគ្នា៣នាក់ជាសន្តិសុខឯកជនដួលផ្លោងម៉ូតូទៅលើពំនូកខ្សាច់នៅជិតគ្លីនិករងរបួសស្រាលទាំង៣នាក់ ។
សាក្សីបន្តថា បន្ទាប់ពីបុកម៉ូតូស្មាសហើយ រថយន្តបានជ្រុលទៅបុកទ្វារផ្ទះនៅជាប់នឹងគ្លីនិក និងសម្ភពសុភាកៀររថយន្តឡិចស៊ីស RX300 ពណ៌ស ចតនៅក្នុងផ្ទះធ្វើឱ្យដាច់ស្លាកលេខរថយន្ត ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុករថយន្តម៉ាកមីតស៊ុយប៊ីស៊ីពណ៌ស ពាក់ស្លាកលេខរាជការចតនៅមុខផ្ទះធ្វើឱ្យក្រពឹតកាងមុខរុញរថយន្តមីតស៊ុយប៊ីស៊ីទៅបុកម៉ូតូ២គ្រឿងទៀតម៉ាកសង់កូរ៉េ និងម៉ាកវ៉េវដែលចតនៅមុខភោជនីយដ្ឋានអង្គរថ្មីដួលគរលើគ្នា។
ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានរត់ចូលក្នុងគ្លីនិកបាត់ស្រមោលបន្សល់ទុករថយន្ត ជាមួយម៉ូតូ៣គ្រឿងទៀតត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅអធិការដ្ឋានខណ្ឌទួលគោក៕
ចែករំលែកព័តមាននេះ