ខេត្តព្រះវិហារ ៖ មនុស្ស០៣នាក់ បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធម័ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសាំយ៉ុងដឹកអ្នកដំណើរ បុករះម៉ូតូ០២គ្រឿង កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៦ កុម្ភៈ ២០១៤ លើកំណាត់ផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសាំយ៉ុង ពណ៌សម្បកឪឡឹក ដឹកអ្នកដំណើរ បើកបរមកពីប្រាសាទព្រះវិហារ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចបានបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះវិហារ 1A-5890 ជិះស្របទិសគ្នា ទិសដៅពីលិចទៅកើត ពីក្រោយ ហើយរថយន្តក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសេស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1C-8285 បើកបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឱ្យអ្នកជិះ០៣នាក់ស្លាប់ភ្លាមនៅនឹងកន្លែង ។
អ្នកស្លាប់ត្រូវបានគេស្គាល់ទី១-ឈ្មោះ សុខ លាន ភេទស្រី អាយុ២៩ឆ្នាំ ,ទី២-ឈ្មោះ ម៉ុក ឡែម ភេទស្រី អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះ ធុង ធិះ ភេទប្រុស អាយុ០៦ឆ្នាំ ទាំង០៣នាក់មានទីលំនៅភូមិភូមិក្បាលខ្លា ឃុំត្បែង ស្រុកសង្គមថ្មី ។ ចំណែកអ្នកបើកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១១ បន្ទាប់ពីកើតហេតុ គេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ