អ្នកទេសចរភាគច្រើនដែលមកទស្សនានៅទីក្រុងហ្លួងព្រះបាងកំពុងផ្លាស់ប្តូរជើងហោះហើររបស់គេទៅប្រទេសកម្ពុជា និងវៀតណាមវិញដើម្បីបញ្ចៀសវិបត្តិជ្រួលច្របល់នៅទីក្រុងបាងកក ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយតាមកាសែតបាងកកប៉ុស្ដិ៍ ។
កាសែតរាយការណ៍ថា អ្នកទេសចរអន្តរជាតិអាចមានអារម្មណ៍ភ័យខ្លាចចំពោះសុវត្ថិភាពរបស់គេនៅប្រទេសថៃ នេះបើយោងតាមអ្នកស្រីស៊ូដាផុន ខុមថាវង្ស អគ្គនាយករងនាយកដ្ឋានព័ត៌មាន វប្បធ៌ម និងទេសចរណ៍ទីក្រុងហ្លួងព្រះបាង ។ អ្នកស្រីនិយាយថា យើងមានជើងហោះហើរពីររវាងទីក្រុងហ្លួងព្រះបាង និងទីក្រុងហាណូយ ហើយក៏មានជើងហោះហើរពីរទៀតរវាងទីក្រុងហ្លួងព្រះបាង និងក្រុងសៀមរាបរបស់កម្ពុជា និងជើងហោះហើរភាគច្រើនពេញអស់ហើយ ។
នៅក្នុងត្រីមាសទីមួយឆ្នាំសារពើពន្ធ២០១៣-១៤ ចំនួនអ្នកទេសចរបរទេសដែលមកដល់ទីក្រុងហ្លួងព្រះបាងបានកើនឡើង២៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ បើទោះបីជាមានភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅថៃក៏ដោយ ។
យោងតាមមន្ត្រីអន្តោប្រវេសន៍នៅឯអាកាសយាន្តដ្ឋានអន្តរជាតិហ្លួងព្រះបាងបានឲ្យដឹងថា អ្នកទេសចរមកពីប្រទេសថៃបានធ្លាក់ចុះពីរង្វង់៣០០នាក់ក្នុងមួយថ្ងៃមក២៥០នាក់ក្នុងមួយថ្ងៃនៅក្នុងឆ្នាំនេះ ។ ចំពោះអ្នកទេចរដែលធ្វើដំណើរមកពីថៃគឺភាគច្រើនជាជនជាតិថៃមិនសូវមានអ្នកទេសចរបរទេសទេ ។
កាលពីឆ្នាំ២០១៣ អ្នកទេសចរបរទេសដែលបានមកដល់ប្រទេសឡាវមានចំនួន៣,៧៨លាននាក់។ ក្នុងនោះ២,០៦លាននាក់មកពីប្រទេសថៃ៩១០.១៦៤នាក់ មកពីវៀតណាម និង២៤៥.០០៣នាក់ មកពីចិន ។
អ្នកស្រីសូដាផុន បានបន្ថែមថា មានអ្នកទេសចរថៃជាច្រើនកំពុងចូលមកលេងហ្លួងព្រះបាងនៅក្នុងឆ្នាំនេះ បន្ទាប់ពីការបើកសម្ពោធស្ពានមិត្តភាពឡាវ-ថៃទីបួនដោយមានរថយន្តក្រុងតភ្ជាប់រវាងទីក្រុងបេតិកភណ្ឌពិភពលោក និងខេត្តភាគឦសាន និងភាគខាងជើងថៃរួមមាន ខេត្តឈៀងរ៉ៃ និងខេត្តលើយ ៕
ចែករំលែកព័តមាននេះ