ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង ទាំងលោកអាចារ្យ និងអ្នកភូមិបណ្តាលមកពីបុរសម្នាក់ដែលស្លាប់រយៈពេល២យប់៣ថ្ងៃទៅហើយ លុះរៀបលើកដាក់ក្នុងក្តារមឈូស ស្រាប់តែបើកភ្នែកលើកដៃសំពះធ្វើឱ្យលោកអាចារ្យ ក្រុមគ្រួសារ និងអ្នកភូមិដែលមកចូលរួមបុណ្យសពភ័យខ្លាចផ្អើលរត់ចេញប្រសាចព្រោះស្មានថាខ្មោចលង តាមពិតមនុស្សស្លាប់ហើយរស់ឡើងវិញ ។
ករីណមនុស្សស្លាប់ហើយរស់ឡើងវិញ នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ កុម្ភៈ នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។ បើតាមស្ត្រីឈ្មោះអឹម ធីតា អាយុ៣៧ឆ្នាំ ជាប្រពន្ធបុរសដែលស្លាប់ ហើយរស់ឡើងវិញ នេះ បានរៀបរាប់ទាំងទឹកភ្នែកថា ប្តីរបស់គាត់ឈ្មោះងួន សៅ អាយុ៣៧ឆ្នាំ ជាកម្មកររោងចក្រ នៅក្រុងបាវិត បានចាប់ដៃគ្នាជាប្តីប្រពន្ធជាង១០ឆ្នាំ មកហើយ និងមានកូន៣នាក់ (ស្រីម្នាក់) ជាចំណងដៃ ហើយដោយជីវភាពក្រីក្រ ក៏ចូលធ្វើការនៅរោងចក្រទាំងពីរនាក់ប្តីប្រពន្ធ ។ មកដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៤ ប្តីគាត់មានជំងឺនៅប្រដាប់ភេទ ឡើងកន្ទួលក្រហមពងដូចជាបូស ប៉ុន្តែពុំហា៊នឈប់សម្រាកទេ នៅតែខំប្រឹងទៅធ្វើការរហូតដល់មានសភាពធ្ងន់ធ្ងរ ទើបសុំឈប់សម្រាកដើម្បីព្យាបាល ក៏ប៉ុន្តែដោយគ្មានប្រាក់ ព្រោះពុំទាន់បើកប្រាក់ខែ ក៏ទ្រាំព្យាបាលនៅផ្ទះ ។ ការព្យាបាលនៅផ្ទះអស់រយៈពេល៣ថ្ងៃពុំបានធូរស្រាលសោះ ដោយជំងឺកាន់តែធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យ ក៏ប៉ុន្តែពេលក្រុមគ្រូពេទ្យពិនិត្យហើយមិនហា៊នទទួលព្យាបាល ក្រុមគ្រួសារក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឯរាជធានីភ្នំពេញទៀត។
ស្ត្រីជាប្រពន្ធបន្តថា ពេលនៅក្នុងមន្ទីរពេទ្យ ក្រុមគ្រូពេទ្យពុំបានព្យាបាលភ្លាមៗឡើយ ដោយតម្រូវឱ្យបង់ប្រាក់ព្យាបាលសិន ទោះបីគាត់បង្ហាញប័ណ្ណក្រីក្រក្តី ក៏ប៉ុន្តែបានឱ្យដេកនៅលើគ្រែក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃ ។ លុះរហូតដល់ប្រដាប់ភេទហើមធំឈឺចាប់ស្រែកទ្រាំលែងបានទើបគ្រូពេទ្យមកពិនិត្យយកទៅវះកាត់ ដើម្បីឱ្យខ្ទុះចេញរួចបញ្ជូនទៅសម្រាកនៅអគារព្យាបាលជំងឺមហារីក ។ ក្រុមគ្រូពេទ្យបានប្រាប់ក្រុមគ្រួសារឱ្យរកប្រាក់ចំនួន៥០០ដុល្លារ ដើម្បីព្យាបាលដោយការបាញ់កាំរស្មី ហើយដោយពុំមានលទ្ធភាពរកប្រាក់បានក៏សម្រេចចិត្តយកប្តីមកស្រុកកំណើត គឺសុខចិត្តស្លាប់រស់តាមយថាកម្ម ។ លុះដល់ថ្ងៃទី១៣ កុម្ភៈ ប្តីគាត់ក៏ស្លាប់ និងបានអញ្ជើញតាអាចារ្យមករៀបចំធ្វើបុណ្យតាមប្រពៃណី តែដោយគ្មានប្រាក់ធ្វើក្តារមឈូសក៏ទុកសព២យប់៣ថ្ងៃ ហើយអ្នកភូមិបានរៃប្រាក់គ្នាធ្វើក្តារមឈូស និងលើកសពដាក់ក្តារមឈូស ។ នៅថ្ងៃទី១៥ កុម្ភៈ ខណៈសាច់ញាតិនិងក្រុមគ្រួសារយាយតា គ្រូអាចារ្យ កំពុងសូត្រធម៌នាវេលាទៀបភ្លឺ ស្រាប់តែសពបើកភ្នែកនិងលើកដៃសំពះ រួចកម្រើកជើង ហើយនិយាយថា ជួយផងជួយខ្ញុំផង ធ្វើឱ្យតាអាចារ្យ និងចាស់ទុំរត់ចេញផ្អើលប្រសាចព្រោះគិតថាខ្មោចលង ។ រីឯរូបគាត់ជាប្រពន្ធបានរត់ទៅស្ទាបប្តីគឺពិតជានៅមានដង្ហើម ក៏ស្រែកប្រាប់តាអាចារ្យ និងអ្នកភូមិថាប្តីខ្ញុំនៅរស់ទេ ទើបនាំគ្នាមកវិញ ក៏ប៉ុន្តែមិនដឹងថាអាចរស់បានប៉ុន្មានថ្ងៃទៀតឡើយ ពីព្រោះប្តីគាត់មានជំងឺធ្ងន់ធ្ងរ គ្មានលទ្ធភាពយកប្តីទៅព្យាបាលដោយបាញ់កាំរស្មីទេ ព្រោះគ្រូពេទ្យប្រាប់ថា ជាជំងឺមហារីកលិង្គ ។
ពេលនេះគាត់ក៏ឱ្យបងប្អូនរុះរោងបុណ្យចេញ និងសុំអំពាវនាវរកសប្បុរសជួយផង ព្រោះបើពុំមានសប្បុរសជនជួយទេ មានតែដេកចាំថ្ងៃស្លាប់ម្តងទៀតប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ