ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់កើតជំងឺសរសៃប្រសាទ មកស្នាក់នៅក្នុងវត្ត ដើម្បីឱ្យព្រះសង្ឃព្យាបាលជំងឺបាត់២ថ្ងៃ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្រះ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៥ កុម្ភៈ ២០១៤ ស្ថិតក្នុងវត្តបរមនិវេសន៍ ភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរី បានឱ្យដឹងថា បុរសដែលស្លាប់ខាងលើឈ្មោះសម្បត្តិ អាយុ៣៤ឆ្នាំ មានទីលំនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា តាមការសាកសួរព្រះសង្ឃគង់នៅវត្តនោះ បានមានសង្ឃដីកាថា កាលពីយប់ថ្ងៃទី១៣ កុម្ភៈ ២០១៤ ឈ្មោះសម្បត្តិ បានមកស្នាក់នៅក្នុងកុដិជាមួយព្រះសង្ឃព្រះនាម ចៅ វណ្ណខុន ដែលមានព្រះជន្ម៣២ព្រះវស្សា ដើម្បីព្យាបាលជំងឺ ហើយបានបាត់មិនដឹងជាដើរទៅទីណា ។ លុះព្រឹកថ្ងៃទី១៤ កុម្ភៈ ព្រះសង្ឃព្រះនាម ចៅ វណ្ណខុន បានឱ្យឈ្មោះខៀវ កុយហេង ភេទប្រុស អាយុ១៦ឆ្នាំ ជាកូនសិស្សរបស់ព្រះអង្គ រួមទាំងព្រះសង្ឃក្នុងវត្តចុះទឹកស្រះ ដើម្បីរាវរក ព្រោះខ្លាចក្រែងលង់ទឹកស្លាប់ តែរកមិនឃើញ។ លុះរសៀលម៉ោង៣និង១០នាទី ថ្ងៃទី១៥ កុម្ភៈ មានប្រជាពលរដ្ឋដែលទៅឱ្យព្រះសង្ឃព្រះនាម ចៅ វណ្ណខុន ស្រោចទឹករំដោះគ្រោះនោះ បានប្រទះឃើញសាកសពបុរសនេះអណ្តែតក្នុងទឹកស្រះក៏បានរាយការណ៍ប្រាប់លោកឱ្យមកមើល ទើបដឹងថា សពដែលស្លាប់នោះ គឺជាសពឈ្មោះសម្បត្តិ ។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន ។
ចែករំលែកព័តមាននេះ