រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តិចតួចមួយ ដែលបណ្តាលមកពីបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូសង់កូរ៉េមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុកគូទរថយន្តមិនស្គាល់ម៉ាក បណ្តាលឱ្យដួលនៅចំណុចមុខក្រុមហ៊ុនបារីរំដោះ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥ កុម្ភៈ ២០១៤ ហើយបុរសម្នាក់នោះបានលើកម៉ូតូបណ្តើរឆ្លងផ្លូវ ក៏ត្រូវទាក់ដៃចង្កូតនឹងម៉ូតូសេ១២៥ របស់យុវជនដែលកំពុងជិះពីក្រោយដួលគរគ្នា រួចភាគីទាំង២នាក់ ឈ្លោះប្រកែកគ្នា រហូតបង្កទំនាស់ដេញវាយគ្នាយ៉ាងអនាធិបតេយ្យ បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅជុំវិញ ហេតុការណ៍ខាងលើនេះ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់វ័យជាង២០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះដល់ចំណុចខាងលើក៏បានជ្រុលទៅបុកចំគូទរថយន្តមួយគ្រឿងកំពុងបើកបរពីមុខពេញទំហឹង បណ្តាលឱ្យដួលខ្លួនឯង ហើយក្រោយមកដោយសារម្ចាស់រថយន្តឃើញបុរសខាងលើ ដួលនៅលើថ្នល់ដូច្នេះខ្ជិលរករឿងក៏បន្តបើករថយន្តទៅបាត់ស្រមោលតែម្តងទៅ ។
ប្រភពដដែលបន្តថា ភ្លាមៗនោះ បុរសបង្កខាងលើបានលើកម៉ូតូរបស់ខ្លួនបណ្តើរទៅលើចិញ្ចើមផ្លូវបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែចៃដន្យក៏បានទាក់ចង្កូតជាមួយនឹងម៉ូតូសេ១២៥ ពណ៌ខ្មៅ ជិះដោយយុវជនម្នាក់ក្នុងទិសដៅស្របគ្នាបណ្តាលឱ្យដួល ហើយភាគីទាំង២បានជជែកគ្នា រហូតមានទំនាស់ក៏បានទូរស័ព្ទហៅបងប្អូនទាំងសងខាងមកអន្តរាគមន៍ ។ ដោយជជែកគ្នាមិនត្រូវភាគីទាំងពីរបានផ្ទុះហិង្សាដេញវាយគ្នាយ៉ាងប្រសាចពេញដងផ្លូវជាតិលេខ២ រហូតបណ្តាលឱ្យបុរសជាជនជាតិវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ។ ប៉ុន្តែភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ផងដែរ ដែលសង្ស័យពាក់ព័ន្ធនឹងការប្រើអំពើហិង្សារហូតមានមនុស្សស្លាប់ ។
បុរសដែលស្លាប់បាត់បង់ជីវិតខាងលើនេះ មានឈ្មោះវែង យ៉ាងជាង ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅជិតចំណុចកើតហេតុ ចំណែកបុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះប៊ុន ចាន់រដ្ឋា ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវឪពុករបស់ម្ចាស់ម៉ូតូសេ១២៥ ។
ទាក់ទិនករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ថា ភាគីបង្កមានគ្នាប៉ុន្មាននាក់ និងភាគីរងគ្រោះមានគ្នាប៉ុន្មាននាក់នោះទេ ហើយករណីនេះ ក៏មិនទាន់ច្បាស់ថា បង្កឡើងដោយសារមូលហេតុអ្វីឡើយ ដូច្នេះសមត្ថកិច្ចក៏សម្រេចឃុំខ្លួនឈ្មោះប៊ុន ចាន់រដ្ឋា នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាបណ្តោះអាសន្នសិន ៕
ចែករំលែកព័តមាននេះ