រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀន CTN កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ កុម្ភៈ សុខ សុវណ្ណ មកពីក្លិបកងពលតូចលេខ៣១ បញ្ជាការដ្ឋានកងទ័ពជើងទឹក បានយកឈ្នះពិន្ទុ ឆាយ មាស មកពីក្លិបសំរោងកោង ខេត្តបាត់ដំបង ទាំងប្រផិតប្រផើយ ខណៈយស់ សំអាល់ មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ បានផ្តួលជ័យ ប៊ុនសង់ មកពីក្លិបខេមរិន្ទមានឫទ្ធិឱ្យសន្លប់ត្រឹមទឹកទី១ ប៉ុណ្ណោះ ។
រវាង សុខ សុវណ្ណ និងឆាយ មាស ប្រកួតគ្នាក្នុងស្ថានភាពស្វិតស្វាញបំផុត ចាប់តាំងពីទឹកទី១មកម៉្លេះ ។ គ្រាន់តែបើកឆាកភ្លាមគេឃើញ សុខ សុវណ្ណ ដើរចូលបម្រុងចាប់ក្រៀកវាយជង្គង់ ប៉ុន្តែត្រូវ ឆាយ មាស ធាក់ចេញ និងទាត់ជើងក្រោមឱ្យដួលជាច្រើនលើកច្រើនសា ។ ទោះបីយា៉ងណា សុខ សុវណ្ណ មិនបានដកថយដោយងាយនោះឡើយ គេនៅតែដើរចូលចាប់ក្រៀកវាយជង្គង់ទៅលើ ឆាយ មាស បានដដែល ។ និយាយរួមតាំងពីទឹកទី១មកម៉្លេះ ទាំងសងខាងមិនសូវមានឱកាសវាយប្រយោលនោះទេ គឺពួកគេតែងតែចូលកៀកចាប់ក្រៀកវាយកែង និងជង្គង់ជាប់រហូត ។ សុខ សុវណ្ណ ដោយសារមានកម្លាំងខ្លាំងជាង ទើបនៅពេលឈានចូលដល់ទឹកទី៣ និងទី៤ គេហាក់មានប្រៀបលើ ឆាយ មាស ដោយមានឱកាសប្រើជង្គង់បុកចូលពោះទឹក ឆាយ មាស ពេញៗតែម្តង ។ ទោះបីយ៉ាងណា ឆាយ មាស នៅតែព្យាយាមដើរចូលដដែល ក្នុងគោលបំណងចាប់វាយជង្គង់ និងកែងសងវិញ តែមិនអាចទៅរួចនោះឡើយ ។ ទោះបី ឆាយ មាស សង្ខើញដើរចូលវាយយា៉ងណាក៏ដោយក៏មិនអាចធ្វើអ្វី សុខ សុវណ្ណ បានដែរ ផ្ទុយទៅវិញគេបែរជាទទួលរងនូវផ្លែកែង និងជង្គង់របស់ សុខ សុវណ្ណ ចូលចំគុម្ពថ្គាម និងពោះទឹកពេញៗតែម្តង ។ ឆាយ មាស នៅតែតស៊ូប្រកួតយា៉ងស្វិតស្វាញបំផុតរហូតដល់ចប់ទឹកទី៥ ទើបសុខ សុវណ្ណ បានត្រឹមតែឈ្នះពិន្ទុគេទាំងវេទនាបំផុត។
យស់ សំអាល់ បានធ្វើឱ្យជ័យ ប៊ុនសង់ លើកទង់ជ័យសសុំចុះចាញ់ការប្រកួតនៅត្រឹមទឹកទី១ប៉ុណ្ណោះ ។ ជ័យ ប៊ុនសង់ មិនជាអន់ខ្សោយប៉ុន្មាននោះទេ គ្រាន់តែបើកឆាកប្រកួតទឹកទី១ភ្លាមគេបានវាយកែង និងជង្គង់យ៉ាងសន្ធាប់ទៅលើ យស់ សំអាល់ ដែលមិនទាន់មានការប្រុងប្រយ័ត្នខ្ពស់នៅឡើយ ធ្វើឱ្យយស់ សំអាល់ ខឹងក៏បើកការវាយវិញយ៉ាងចាស់ដៃ ។ ទើបមិនទាន់បានពាក់កណ្តាលទឹកទី១ស្រួលបួលផង គេត្រូវយស់ សំអាល់ ទាត់ឱ្យខូចជើងឆ្វេង និងត្រូវអាជ្ញាកណ្តាលរាប់៣ដង មុននឹងឈានទៅដល់ការបញ្ឈប់លែងឱ្យប្រកួត ។ ពេលនេះ យស់ សំអាល់ គឺជាអ្នកទី៤ហើយដែលរកបាន៣ពិន្ទុមុនគេ នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបើកឆាកដំបូងនៃវគ្គជម្រុះវិលជុំដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ ៕
ចែករំលែកព័តមាននេះ