ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​កោះ​​ហៅបុរស​ពិការ​​ចូលបំភ្លឺ​​តុលា​ការ​លើក​ទី2

11 ឆ្នាំ មុន

ខេត្ត​​តាកែវ​ ៖ សាលាដំបូង​ខេត្ដ​នឹង​លើក​សំណុំ​រឿង​បុរស​ពិការ​ដែល​ទៅ​ឃាត់គេ​កុំ​ឱ្យ​ឆក់​ត្រី​ក្នុង​ប្រឡាយ​របស់ខ្លួន​ ត្រូវ​គេ​ឆក់​សន្លប់​ក្នុង​ទឹក​ ហើយត្រូវ​គេ​ប្ដឹង​នោះ​​មក​សួរ​នាំ​ជា​លើក​ទី​២​ នៅ​ថ្ងៃ​ទី​១៨​ កុម្ភៈ​ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ខាង​មុខ​នេះ​ ដែល​សំណុំ​រឿង​នេះ​បាន​ធ្លាក់​មក​លើចៅ​ក្រម​​សាលា​ដំបូង​ខេត្ដ​លោក​ ប្លង់​ ឆ្លាម ។

ខេត្ត​​តាកែវ​ ៖ សាលាដំបូង​ខេត្ដ​នឹង​លើក​សំណុំ​រឿង​បុរស​ពិការ​ដែល​ទៅ​ឃាត់គេ​កុំ​ឱ្យ​ឆក់​ត្រី​ក្នុង​ប្រឡាយ​របស់ខ្លួន​ ត្រូវ​គេ​ឆក់​សន្លប់​ក្នុង​ទឹក​ ហើយត្រូវ​គេ​ប្ដឹង​នោះ​​មក​សួរ​នាំ​ជា​លើក​ទី​២​ នៅ​ថ្ងៃ​ទី​១៨​ កុម្ភៈ​ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ខាង​មុខ​នេះ​ ដែល​សំណុំ​រឿង​នេះ​បាន​ធ្លាក់​មក​លើចៅ​ក្រម​​សាលា​ដំបូង​ខេត្ដ​លោក​ ប្លង់​ ឆ្លាម ។

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៩​ មករា​ ២០១៣​វេលាម៉ោង​៨​និង​៣០​នាទី​យប់​មានករណី​លួច​ឆក់ត្រី​ក្នុង​ប្រឡាយ​ជីក​ក្នុង​ដី​ស្រែ​មួយ​កន្លែង​ហើយខណៈ​ពេលម្ចាស់​ទៅឃាត់​មិនឱ្យឆក់​ ក៏​ត្រូវ​ជន​ល្មើស​យក​ឧបករណ៍​ឆក់​ត្រី​នោះ​ឆក់​ដួល​សន្លប់​តែ​ម្ដង​ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​ប្រឡាយ​មួយ​បែកចេញ​ពី​ប្រឡាយមេ​លេខ​៩២​ ស្ថិត​ក្នុង​ឃុំ​រមិញ​ ស្រុកកោះ​អណ្ដែត​ ។​ ក្នុង​សភាព​ទ្រុឌទ្រោម​ទាំងខ្លួន​ពិការ​ជើង​ម្ខាង​ ជនរង​គ្រោះ​បានរៀប​រាប់​ថា​ គាត់ឈ្មោះ​ សា វុធ​ អាយុ​ ៤១​ឆ្នាំ​ បានចូល​ហ៊ុន​គ្នា​៣​នាក់​ទិញ​ប្រឡាយ​ទឹក​មួយ​ពី​ឪពុក​ក្មេក​ មាន​ទីលំនៅ​ភូមិ​ចំបក់​អែម​ ឃុំរមិញ​ ស្រុក​កោះអណ្ដែត​ ។​

នៅ​យប់​ថ្ងៃកើត​ហេតុ​ គាត់​បាន​ទទួលដំណឹង​ពី​បង​ប្អូន​ដែល​ស្នាក់​នៅ​លើ​ភ្លឺ​ប្រឡាយ​នោះ​ទូរស័ព្ទ​ប្រាប់​ថា​ មាន​គេ​លួច​ឆក់ត្រី​ក្នុង​ប្រឡាយ​ ភ្លាម​នោះ​គាត់​បាន​បបួល​ប្អូន​ថ្លៃ​ប្រុស​២​នាក់​ដែល​ចូល​ហ៊ុន​ជា​មួយ​គ្នា​ជិះ​ម៉ូតូ​ទៅ​មើល​ ។​ ដោយ​សារ​ស្ថាន​ភាព​ផ្លូវ​មិនអាច​ជិះ​ម៉ូតូ​ទៅ​ដល់​ ក៏ទុក​ម៉ូតូ​រួច​ដើរ​កាត់​ទឹក​បន្ដ​ ទើប​ទៅ​ដល់​ប្រឡាយ​របស់​ខ្លួន​ ខណៈពេល​ទៅ​ដល់​មាត់​ប្រឡាយ​ ស្រាប់​តែ​ឃើញ​មនុស្ស​ម្នាក់​កំពុង​ឆក់ត្រី​ដូច​ដែលបងប្អូន​បាន​ទូរស័ព្ទ​ប្រាប់​មែន​ ភ្លាម​នោះ​គាត់​ក៏​ចុះ​ទៅឃាត់​កុំ​ឱ្យ​ឆក់​ ស្រាប់​តែ​ត្រូវ​ជន​នោះ​យក​ឧបករណ៍​ឆក់ត្រី​មក​ឆក់​គាត់​បណ្ដាល​ឱ្យ​ដួល​ផ្កាប់​មុខ​ទៅ​ក្នុងទឹកតែម្ដង​ ។​

ក្នុង​ស្ថានភាព​នោះ​ ឈ្មោះ​ ង៉ែត​ បញ្ញា​ ត្រូវ​ជា​ប្អូនថ្លៃ​បាន​យក​ដង​ឈឹប​វាយ​ផ្ដាច់​ខ្សែ​អាគុយ​ ហើយ​ជួយ​លើក​រូប​គាត់​ ស្រាប់តែ​មានជន​ម្នាក់​ទៀត​ចេញ​ពី​ក្នុង​ស្រែ​ប្រាំង​ស្ទុះ​មក​កៀក​.ក​ឈ្មោះ​ ង៉ែត បញ្ញា​ តែត្រូវ​ប្អូន​ថ្លៃ​របស់​គាត់​វាយ​មួយ​ដៃ​ចំ​មុខ​​ ទើប​បែកចេញ​ពី​គ្នា​រៀង​ខ្លួន​ ។​ ពេល​នោះ​ជន​ល្មើស​ទាំង២​នាក់​ក៏​គេច​ខ្លួន​បាត់​ ហើយ​ប្អូន​ថ្លៃ​បាន​ស្ទុះ​លើក​គាត់​ ដែល​ត្រូវ​ជនល្មើស​ឆក់ដួល​ផ្កាប់មុខ​ក្នុង​ទឹក​យក​មក​ផ្ទះ​ រួច​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កោះអណ្ដែត​ ។​ លុះព្រឹក​ឡើង​ មន្ដ្រី​នគរ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រមិញ​ បាន​ចុះ​ទៅពិនិត្យ​កន្លែង​កើត​ហេតុ​ និង​ស្រាវ​ជ្រាវ​ករណី​នេះ​ដែរ​ ស្រាប់តែ​រំលង​បាន​២-៣​ថ្ងៃ​ក៏ឃើញ​លោក​អធិការ​ស្រុក​កោះអណ្ដែ​ត​មក​កោះ​ហៅ​រូប​គាត់​ដែលជាជនរងគ្រោះ​ និង​កំពុងព្យា​បាល​ក្នុង​មន្ទីរពេទ្យ​ទៅ​វិញ​ ដោយ​មាន​ពាក្យ​បណ្ដឹង​ពី​ឈ្មោះ​ ភឹម​ អឿន​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ រស់​នៅ​ភូមិ​ប្រឡាយមាស​ ឃុំ​រមិញ​ ស្រុក​កោះអណ្ដែត​ បាន​ប្ដឹង​រូប​គាត់​ពី​ករណី​វាយ​តប់​នៅ​ក្នុង​ប្រឡាយ​បណ្ដាល​ឱ្យ​ជាំ​ភ្នែក​ និង​ក្ដោង​ច្រមុះ​ ដោយ​ឈ្មោះ​ ង៉ែត​ បញ្ញា​ ជា​អ្នក​វាយ​ ។​

ចំណែក​មន្ដ្រី​នគរ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំរមិញ​បាន​បញ្ជាក់​ប្រាប់​ថា​ ពេលលោក​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ ពិតជា​មានស្នាម​ជើង​នៅ​មាត់​ប្រឡាយ​ខាង​កើត​មែន​ តែ​ពេល​លោក​សួរ​ឈ្មោះ​ ឡឹម​ តុង​ នៅ​កន្លែង​កើតហេតុ​ គេឆ្លើយ​ថា​ ខ្លួន​ពុំ​មែន​ឆក់​ត្រី​នៅ​ខាង​កើត​ប្រឡាយ​ទេ​ គឺ​គេ​ឆក់​នៅ​ក្នុង​ទឹក​ពី​ខាង​លិច​ប្រឡាយ​ ។​ អ្នក​តាម​ដាន​កំពុង​រង់ចាំ​មើល​ពី​ចំណាត់​ការ​របស់សាលាដំបូង​ខេត្ដ​លើសំណុំរឿង​នេះ​ ហើយ​សង្ឃឹមថា​ លោក​តុលាការ​នឹងរកដំណោះស្រាយ​ជូន​ភាគី​ទាំងពីរ​ឱ្យ​ទទួលបានយុត្ដិធម៌​រៀង​​ៗខ្លួន និង​បញ្ចប់​រឿង​ក្ដី​ដោយ​តម្លាភាព​ ៕