ខេត្តក្រចេះ៖ សត្វផ្សោតឈ្មោលមួយក្បាលមានទម្ងន់ជាង១០០គីឡូក្រាម បានត្រូវប្រជាពលរដ្ឋប្រទះឃើញងាប់អណ្តែតទឹក បង្កឲ្យមានការភ្ញាក់នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១៤ នៅចំណុចភូមិស្រែព្រែកជិ ឃុំសោប ស្រុកព្រែកប្រសព្វ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីមន្រ្តីជំនាញឲ្យដឹងថា សត្វផ្សោតដែលងាប់ជាច្រើនថ្ងៃមកហើយនេះ អាចបណ្តាលមកពីជាប់មងប្រជាពលរដ្ឋ ។
យោងតាមការធ្វើជំរឿនសត្វផ្សោតរបស់អង្គការ WWF កាលពីឆ្នាំ ២០១០ បានឲ្យបង្ហាញថា សត្វផ្សោតនៅទន្លេមេគង្គមានចន្លោះពី ៧៨ ទៅ ៩១ ក្បាល ។ របាយការណ៏អង្កេតបានបញ្ជាក់ទៀតថាចំនួនផ្សោតបានថយចុះជាលំដាប់ ចាប់តាំងពីឆ្នាំ២០១០មក ហើយផ្សោតសរុបចំនួន ២៣ ក្បាលបានងាប់ ក្នុងនោះ ៣ក្បាលងាប់ក្នុងឆ្នាំ ២០១៣ ។
មូលហេតុចម្បងនៃការងាប់សត្វផ្សោតគឺជាប់មង បើទោះបីជារដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយកាលពីឆ្នាំ២០១២កន្លងទៅ ដើម្បីហាមឃាត់មិនឲ្យមានការប្រើប្រាស់មងនៅក្នុងតំបន់ដែលមានផ្សោតនោះក៏ដោយ៕
ចែករំលែកព័តមាននេះ