ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​​រាប់​​ពាន់​ម៉ែត្រ​គូប ​ត្រូវ​បាន​​ជីក​ដី​កប់​ក្នុង​ក្រុម​ហ៊ុន​ដី​សម្បទាន​​សេដ្ឋ​កិច្ច​ខេត្ត​ស្ទឹង​ត្រែង

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ជំនាញ​​រដ្ឋ​​បាល​ព្រៃ​ឈើ​ថ្នាក់​កណ្តាល​រួម​សហ​ការ​ជា​មួយ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង ​និង​មាន​ការចូល​រួម​ពី​កម្លាំង​​នគរ​បាល​​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ក្នុង​ដី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋ​កិច្ច​មួយ​កន្លែង​ ស្ថិត​​នៅ​តាម​បណ្តោយ​ផ្លូវ​៧៨A ចាស់ ក្នុង​ភូមិ​ស្រែ​គរ ឃុំ​​ក្បាល​រមាស ស្រុក​សេសាន ។ ឈើ​ប្រណីត​ប្រភេទ​ធ្នង់ នាង​នួន ជាង​១​ពាន់​ម៉ែត្រ​គូប ត្រូវ​បាន​គេ​ជីក​ដី​កប់​នៅ​ក្នុង​ក្រុម​

ខេត្ត​ស្ទឹង​ត្រែង ៖ ជំនាញ​​រដ្ឋ​​បាល​ព្រៃ​ឈើ​ថ្នាក់​កណ្តាល​រួម​សហ​ការ​ជា​មួយ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង ​និង​មាន​ការចូល​រួម​ពី​កម្លាំង​​នគរ​បាល​​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ក្នុង​ដី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋ​កិច្ច​មួយ​កន្លែង​ ស្ថិត​​នៅ​តាម​បណ្តោយ​ផ្លូវ​៧៨A ចាស់ ក្នុង​ភូមិ​ស្រែ​គរ ឃុំ​​ក្បាល​រមាស ស្រុក​សេសាន ។ ឈើ​ប្រណីត​ប្រភេទ​ធ្នង់ នាង​នួន ជាង​១​ពាន់​ម៉ែត្រ​គូប ត្រូវ​បាន​គេ​ជីក​ដី​កប់​នៅ​ក្នុង​ក្រុម​ហ៊ុន ហ្វ័រ យូ គ្រុប (កម្ពុជា) ស៊ីវ ហ្គេច​អិុនវេស​មេន ខូ អិល ធី ឌី ។

ប្រភព​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា រណ្តៅ​មាន​ជម្រៅ​​ចាប់​ពី​៤ទៅ​៧​ម៉ែត្រ និង​ទំហំ​ជាង​១០​ម៉ែត្រ រហូត​ទៅ​ដល់​ជិត​៤០​ម៉ែត្រ ចំនួន​៦​រណ្តៅ ត្រូវ​បាន​ជីកដោយ​គ្រឿង​ចក្រ​ធំ ។ ហើយយក​ឈើ​ប្រណីត​មាន​តូច​ មាន​ធំ​ មិន​ក្រោម​ពី​មួយ​ម៉ឺន​កំណាត់​ ទៅ​ទម្លាក់​ក្នុង​រណ្តៅ​ទាំង​នោះ រួច​បញ្ជា​គ្រឿង​ចក្រ​ទាំង​នោះ​កាយ​ដី​កប់​លុប​វិញ ។ ឈើ​ប្រណីត​ដែល​ត្រូវគេ​​ជីក​រណ្តៅ​កប់​​ទុក​ក្នុង​ដី​នោះ គឺ​ភាគ​ច្រើន​បាន​ប្រមូល​ទិញពី​ប្រជា​ពល​រដ្ឋ​ចាប់​តាំង​ពី​ខែ​វស្សា រហូត​ដល់​ខែ​ប្រាំង​មក​ម៉្លេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា មូល​ហេតុ​ដែល​គេ​ជីក​រណ្តៅ​កប់​នេះ គឺ​ដោយ​សារ​ដឹក​យក​ចេញ​ទៅ​មិន​ទាន់ ស្រប​ពេល​ដែល​រដ្ឋា​ភិបាល និង​ក្រសួង​កសិ​កម្ម​បង្កើត​គណៈ​កម្មាធិការ​ចុះ​កំណត់​​ព្រំ​ប្រទល់​បាត​​អាង​ស្តុក​​ទឹក​វារី​អគ្គិសនី​​សេសាន​ក្រោម​២ ដោយ​សារ​តែ​ខ្លាច​ជំនាញ​ឃើញ​គំនរ​ឈើ​គរ​ដូចភ្នំ ទើប​ជីក​ដី​កប់​ទុក​បណ្តោះ​គ្រោះ តែ​មិន​​នឹក​ស្មាន​ថា ត្រូវ​បែក​ធ្លាយ​រឿង​បែប​នេះ​សោះ ។

ជំនាញ​រដ្ឋ​​បាល​ព្រៃ​​ឈើ​​ស្ទឹង​ត្រែង បាន​បញ្ជាក់​ប្រាប់​កោះសន្តិ​ភាព​នៅ​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៤ ឱ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន​ព្រៃ​សម្បទាន​​សេដ្ឋ​កិច្ច ហ្វ័រ យូ គ្រុប (កម្ពុជា) ស៊ីវ ហ្គេច​អិុនវេស​មេន ខូ អិល ធី ឌី ទទួលសិទ្ធិ​សម្ប​ទាន​ពី​រដ្ឋ​​រយៈ​ពេល​៩០​ឆ្នាំ​លើ​ទំហំ​ផ្ទៃ​ដី​១​ម៉ឺន​ហិកតា ដើម្បី​ដាំ​ដំណាំ​កសិ-ឧស្សាហ​កម្ម ដើម​កៅស៊ូ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ គ្រប់​គ្រង​ដោយ​លោក​ឧកញ៉ា អាន មារឌី ប៉ុន្តែ​ស្ថិត​ក្រោម​ការ​អភិ​វឌ្ឍន៍​រយៈ​ពេល​៣​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​២០០៨ លោក​ឧកញ៉ា អាន មារឌី បាន​ផ្ទេរ​ភាគ​ហ៊ុន​ទៅ​ឱ្យ​​ជន​ជាតិ​ចិន ជា​អ្នក​បន្ត​ការ​អភិ​វឌ្ឍន៍​វិញ ។ ចាប់​តាំង​ពី​ទទួលសិទ្ធិ​តាំង​ពីឆ្នាំ​២០០៥ រហូត​​មកដល់​បច្ចុ​ប្បន្ន​ក្រុម​ហ៊ុន​បាន​ដាំ​ដំណាំ​កៅស៊ូ​បាន​១.៥០០​ហិកតា លើ​ទំហំ​ផ្ទៃ​ដី​១​ម៉ឺន​ហិកតា​នោះ ។

ប្រជា​ជន​ដែល​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្ម​ករ​នៅ​ក្នុង​ក្រុម​ហ៊ុន​ខាង​លើ​នេះ ធ្លាប់​ធ្វើ​បាតុ​កម្ម​តវ៉ា​ចំពោះ​ការ​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ចិន​ដែល​ទទួលសិទ្ធិ​បន្ត​នោះ​ បាន​បង្ខិត​បង្ខំ​ឱ្យ​ពួក​គាត់​ធ្វើការ​លើស​ម៉ោង​កំណត់​ និង​បើក​ប្រាក់​ខែ​មិន​ទៀង​ទាត់​​ថែម​ទៀត និង​ព្រមទាំង​ដាក់​ទោស​​ទៅ​​លើ​កម្ម​ករ​​រូបណា​​ដែល​ចូល​ធ្វើ​ការ​យឺត​ពេល​តែ​បន្តិច គឺ​ត្រូវ​ប្រឈម​​នឹង​ការ​បណ្តេញ​ចេញ​ និង​មិន​បើក​ប្រាក់​ខែ​ឱ្យ​។ លោក​បាក់ ត្រាយ អះអាង​ថា ខ្លួន​ជា​អ្នក​បក​ប្រែ​ភាសា​ចិន​ឱ្យ​ជន​ជាតិ​ចិន​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​បន្ត​នោះ បាន​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរថា ឈើ​ទាំង​នោះ​គឺបាន​បង់​ពន្ធ​ជូន​រដ្ឋ​​អស់​ទៅ​ហើយ ហើយ​មិន​មែន​ជា​​ឈើ​ប្រណីត​ទេ គឺ​ជា​ឈើ​ប្រភេទ​លេខ​១ មានផ្ចិក ត្រាច សុក្រំ ។ លោក​បាក់ ត្រាយ បន្តថា ដោយ​សារ​ទុក​ក្នុង​ឃ្លាំង​វា​ប្រេះ​ ទើប​យក​ទៅ​កប់​ក្នុង​ដី​ ប៉ុន្តែ​វា​ជា​កំហុស​ត្រង់​យក​ទៅ​កប់​ដី ។ គេ​មាន​ចម្ងល់​ថា បើ​ជា​ឈើ​ទាំង​នោះ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​រួច​រាល់​អស់​ទៅ​ហើយ ចុះ​មូល​ហេតុ​អ្វី​មិន​ដឹក​ចេញ​ចាំ​បាច់​យក​ទៅ​កប់​ដី​ធ្វើ​អ្វី ហើយ​បើ​តាម​ការ​ពិនិត្យ​ទៅ​ឈើ​ដុំ​នីមួយៗ​ ប្រសិន​ជា​មាន​ការ​បង់​ពន្ធ​ជូន​រដ្ឋ គឺ​ត្រូវ​ឆ្លង​កាត់​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ចុះ​ធ្វើ​ការ​វាស់​វែង និង​វាយ​ត្រា​សម្គាល់​​នៅ​លើ​ដុំ​ឈើ​នីមួយៗ​ តែ​ផ្ទុយ​ទៅវិញ​នៅ​លើ​​កន្ទុយ​​ឈើ​នីមួយៗ​មាន​តែ​អក្សរ​សម្គាល់ថា HYH ប៉ុណ្ណោះ ។

មន្ត្រី​ជំនាញ​​​បាន​និយាយថា ក្រោយ​ការ​ដាក់​គ្រឿង​ចក្រ​គាស់​កកាយ​ចេញពី​រណ្តៅ​ដី​ទាំង​នោះ ឈើ​ដែល​ឃើញ​ជាក់​ស្តែង​ជា​​ប្រភេទ​ឈើ​ធ្នង់ នាង​នួន តែ​មិន​ទាន់​ប្រាកដ​ថា ​ជា​ប្រភេទ​ឈើ​ប្រណីត​ទាំង​អស់​នោះ​ទេ ដោយ​រង់​ចាំ​​រហូត​គាស់​ចេញពី​រណ្តៅ​ដី​មក​អស់​ធ្វើ​ការ​ពិនិត្យ​បន្ត ។ ទាក់​​ទិន​ក្នុង​ករណីខាងលើ​ភ្នាក់ងារ​កោះ​សន្តិ​ភាព​នៅ​បន្ត​ការ​តាម​ដាន​ថា តើ​​ករណី​ខាង​លើ មន្ត្រី​ជំនាញ​អនុវត្ត​ការ​ងារ​ដល់​កម្រិត​ណា ហើយ​ឈើ​ដែល​គេ​សង្ស័យថា មានចំនួនរាប់​ពាន់​ម៉ែត្រ​គូប​នោះ ពិតជា​ច្រើន​ដល់ថ្នាក់​ហ្នឹង​មែន​ឬទេ?