ខេត្តព្រះសីហនុ ៖ ជនសង្ស័យ០៣នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាបបានកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៤ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ចម្ងាយពីផ្លូវជាតិប្រមាណ០២គីឡូម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ។
ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីពួកគេឃុបឃិតគ្នា លួចយករថយន្តកុងតឺន័រមួយគ្រឿង ម៉ាកNISSAN ពាក់ស្លាកលេខភ្នំពេញ 3A-7522 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន សុខ កន ដឹកទំនិញរបស់ក្រុមហ៊ុនធីវ៉ាយ ធ្វើដំណើរពីភ្នំពេញ មកខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យបានបើករថយន្តចុះទៅខាងស្តាំដៃ ចូលទៅចំណុចខាងលើ ដោយមានរថយន្តតូចចំនួន០៣គ្រឿងទៀត ដើម្បីវៈកាត់កុងតឺន័រលួចយកទំនិញ ។
ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ សុខ ជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ ,ទី២-ឈ្មោះ លី ប៉ូលីន ភេទប្រុស អាយុ២៣ឆ្នាំ និងទី៣-ឈ្មោះ ឌី សុខណា ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង៣មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានរថយន្ត០៤គ្រឿង ក្នុងនោះមានរថយន្តកុងតឺន័រ(ដឹកទំនិញ) ម៉ាកNISSAN ពាក់ស្លាកលេខភ្នំពេញ3A-7522 ,រថយន្តម៉ាកTOYOTA COROLLA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2A-0527 ,រថយន្តម៉ាកTOYOTA PREVI ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2B-5092 និងរថយន្តម៉ាកTOYOTA CAMRY ស្វិត ពណ៌ស ពាក់ស្លាកលេខ ឆ៣៣៩៤ ភព២ រួមទាំងសម្ភារមួយចំនួនទៀត ជាឧបករណ៍សម្រាប់ធ្វើសកម្មភាពល្មើស ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ