ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ម្កាក់ ធ្វើការឃាត់ខ្លួនពីបទប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចទំនប់តាចិនខាងលិច ក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
ប្រភពបានឱ្យដឹងថា បុរសខាងលើឈ្មោះមុំ នី អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានអាំភ្លីឆក់ត្រី១ ដងឆក់២ អាគុយ៤០អំពែ១គ្រឿង តាកាដាក់ត្រី២ ទូក១គ្រឿង និងម៉ូតូម៉ាកវ៉េវ១គ្រឿង ។
លោកវរសេនីយ៍ត្រីស៊ីវ សុជាតិ អធិការក្រុងសិរីសោភ័ណបានឲ្យដឹងថា យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចរបស់លោកខិតខំយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់បទល្មើស និងឈានទៅដល់ការឃាត់ខ្លួនចោទប្រកាន់ពីបទប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ។
ចែករំលែកព័តមាននេះ