ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យ​​មាឃ​​បូជា​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ក្រុម​ស្ត្រី​បឹង​កក់​នាំគ្នា​លក់​ផ្កា​​មុខ​សាលា​រាជធានី

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ថ្ងៃ​១៤​ កុម្ភៈ​ ឆ្នាំ​នេះ​ ចំ​ថ្ងៃ​បុណ្យ​មាឃ​បូជា​ដែល​ប្រជាពល​រដ្ឋ​​ខ្មែរ​កាន់​ព្រះ​ពុទ្ធសាសនា​គោរព​បូជា​គ្រប់ៗ​គ្នា​ ហើយ​ថ្ងៃ​នេះ​ក៏​ចំ​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រឡាញ់​​ផង​ដែរ ។ អ្វីដែល​​មាន​ការ​កត់​សម្គាល់​នាថ្ងៃ​នេះ​ ក្រៅ​ពី​ទិដ្ឋភាព​ជា​ទូទៅ​នោះ​ ក្រុម​ស្ត្រី​អ្នក​តវ៉ា​ដី​ធ្លី​ដ៏​សកម្ម​ និង​ស្វិត​បំផុត​ នៅ​បឹង​កក់​ប្រមាណ​ជា​១០​នាក់​ដឹក​នាំ​ដោយ​អ្នក​ស្រី​ទេព​ វន្នី​ បាន​នាំគ្នា​យក​​ចិញ្ចើម​មហា​វិថី​ព្រះ​មុនីវង្ស មុខ

រាជ​ធានី​ភ្នំពេញ​ ៖ ថ្ងៃ​១៤​ កុម្ភៈ​ ឆ្នាំ​នេះ​ ចំ​ថ្ងៃ​បុណ្យ​មាឃ​បូជា​ដែល​ប្រជាពល​រដ្ឋ​​ខ្មែរ​កាន់​ព្រះ​ពុទ្ធសាសនា​គោរព​បូជា​គ្រប់ៗ​គ្នា​ ហើយ​ថ្ងៃ​នេះ​ក៏​ចំ​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រឡាញ់​​ផង​ដែរ ។  អ្វីដែល​​មាន​ការ​កត់​សម្គាល់​នាថ្ងៃ​នេះ​ ក្រៅ​ពី​ទិដ្ឋភាព​ជា​ទូទៅ​នោះ​ ក្រុម​ស្ត្រី​អ្នក​តវ៉ា​ដី​ធ្លី​ដ៏​សកម្ម​ និង​ស្វិត​បំផុត​ នៅ​បឹង​កក់​ប្រមាណ​ជា​១០​នាក់​ដឹក​នាំ​ដោយ​អ្នក​ស្រី​ទេព​ វន្នី​ បាន​នាំគ្នា​យក​​ចិញ្ចើម​មហា​វិថី​ព្រះ​មុនីវង្ស មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ លក់​ផ្កា​ ព្រម​ទាំង​ស្រែក​តាម​មេក្រូ​អំពាវ​នាវ​ឱ្យ​​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជួយ​ទិញ​ផ្កា ព្រម​ទាំង​​អះ​អាង​ថា​ ជួយ​ទិញ​ផ្កា​ ក៏​ដូច​ជា​ជួយ​ដល់​សហ​គមន៍​បឹង​កក់​ដែល​កំពុង​មាន​បញ្ហា​ ។​

មន្ត្រី​សាលា​ខណ្ឌដូន​ពេញ​មួយ​រូប​និយាយ​ថា​ នេះ​ជា​ឆ្នាំទី​១​ ហើយ​ ដែល​ក្រុម​ស្ត្រី​អ្នក​តវ៉ា​នៅ​តំបន់​បឹង​កក់​នាំគ្នាដាក់​តាំង​លក់​ផ្កា​កុលាប និង​ផ្កា​ឈូក​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ ព្រម​ទាំង​ស្រែក​ឃោសនា​សុំ​ឱ្យ​អ្នក​ធ្វើដំណើរ​ឆ្លង​កាត់​ជួយ​ទិញ​ផ្កា​ ​របស់​ពួក​គាត់ ។ បញ្ហា​នេះ​ក៏បាន​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ​ ដោយសារតែ​អ្នក​ធ្វើ​ដំណើរ​ដែល​ជិះ​រថយន្ត​ និង​ម៉ូតូ​នាំគ្នា​បង្អង់​រថ​យន្ត​​ និង​ម៉ូតូ​មើល​មុខ​ក្រុម​ស្ត្រី​ដែល​​ខ្លះ​អង្គុយ​ ខ្លះ​ឈរ​​ ព្រម​ទាំង​មាន​សម្រស់​ដោយ​សារ​ស្លៀក​ពាក់​ស្អាត​បាត​ ក្លាយ​ជា​អ្នក​លក់​ផ្កា​ឈូក​ និង​ផ្កា​កុលាប ។​ ​
មន្ត្រី​ដដែល​​និយាយ​ប្រាប់​អ្នក​កាសែត​ថា​  ពួកគេ​ធ្វើ​បែប​នេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ ក៏​ដូច​ជា​ធ្វើ​លិខិត​ជូន​ដំណឹង​នោះ​ឡើយ ​គឺ​ពួក​គេ​មុខ​ដដែលៗ​ ធ្វើ​តាម​ចិត្ត​នឹក​ឃើញ ។​

ក្រុម​ស្ត្រី​អ្នក​តវ៉ា​ដី​ធ្លី​នៅ​បឹង​កក់​ម្នាក់​បាន​ស្រែក​តាម​មេក្រូ​ថា​ ការ​លក់​ផ្កា​នៅថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នា​ព្រឹក​ថ្ងៃសុក្រ​ ១៤ កុម្ភៈ​នេះ​ គឺ​ដើម្បី​យក​ថវិកា​ទៅ​ឧបត្ថម្ភ​ដល់​ប្រជាពល​រដ្ឋ​សហ​គមន៍​បឹង​កក់​ ដែល​រង​ទុក្ខ​វេទនា​ដោយ​សារ​ការ​រំលោភ​យក​ដី និង​បណ្តេញ​ចេញ​ដោយ​អយុត្តិ​ធម៌​រហូត​ដល់​ថ្ងៃ​នេះ​ ។ ហើយ​ផ្កា​ដែល​លក់​នេះ​មិន​ដាក់​តម្លៃ​ទេ​ ស្រេច​តែ​បង​ប្អូន​ប្រជាពលរដ្ឋ​ផ្តល់​ការ​អាណិត​អាសូរ​តាម​ទឹក​ចិត្ត​បុ៉ណ្ណោះ ។

​លោក​គឹម​ វុត្ថា​ ប្រធានសណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​និយាយ​ថា​ សាលា​រាជ​ធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ដី​ធ្លី​នៅ​បឹង​កក់​យក​ចិញ្ចើម​ផ្លូវ​សាលា​រាជ​ធានី​ភ្នំពេញ​ តាំង​ផ្កា​លក់​បែប​នេះ​ឡើយ ព្រោះ​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​ ជា​ពិសេស​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​តែ​ម្តង ។ ដូច្នេះ​សមត្ថ​កិច្ច​បាន​សំណូម​ពរ​ឱ្យ​គាត់​​ចាកចេញ​​ដោយ​សន្តិ​វិធី​ជា​បន្ទាន់​ទៅ​កន្លែង​ផ្សេង​ទៀត​ បើ​រឹង​ទទឹង​នឹង​ចាត់​វិធាន​ការ​ជាក់​ស្តែង ។​

ក្រោយ​ពី​ស្តាប់​ការ​ណែ​នាំ​របស់​ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌដូន​ពេញ​រួច​ ពួក​​គាត់​ក៏​នាំគ្នា​ដើរ​ស្រែក​លក់​ផ្កា​តាម​ផ្លូវ​លេខ​៩៤​ មុខ​ស្ថាន​ទូត​អាមេរិក​ ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ដោយ​មាន​ក្រុម​អ្នក​ជិះ​រ៉ឺម៉ក​ម៉ូតូ​តាម​ពី​ក្រោយ​ ដែល​ទំនង​ចាំ​ជួយ​ដឹក​ជញ្ជូន​ពេល​ណា​ហត់​ ។ មន្ត្រី​សាលា​​ខណ្ឌ​ដូន​ពេញ​និយាយ​ទៀត​ថា​ ​ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​នៅ​បឹង​កក់​ទាំង​នេះ​​មុខ​ដដែល​បង្ក​បញ្ហា​ដល់​សមត្ថ​កិច្ច​មិន​ចេះ​អស់​នោះ​ទេ ។ ជាក់​ស្តែង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​​ថ្ងៃទី​១៤ កុម្ភៈ​ មិន​មែន​ជា​ថ្ងៃ​បុណ្យ​ជន​ជាតិ​ខ្មែរ​យើង​ឡើយ ហើយ​​ស្ត្រី​ខ្មែរ​មាន​តម្លៃ​​ខ្លាំង​ណាស់ ពោល​គឺ​តម្លៃស្ត្រី​ខ្មែរ​មិន​ស្ថិត​នៅ​លើ​ផ្កា​កុលាប​មួយ​ទង​ដែល​បុរស​​ប្រគល់​ឱ្យ​នៅ​ថ្ងៃទី​១៤​ កុម្ភៈ​ នោះ​ទេ៕​