ខេត្តកំពង់ឆ្នាំង ៖ ដីចំនួន៧២ហិកតា នៅចំណុចព្រៃគីឡូ ស្ថិតក្នុងភូមិត្រដក់ពង ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ជាដីសមូហភាពភូមិ ត្រូវបានឈ្មួញចលនាប្រជាពលរដ្ឋក្នុងភូមិនេះលក់ទៅឱ្យខ្លួន ដែលក្នុងមួយគ្រួសារទទួលបាន២០០ដុល្លារ ។ ប៉ុន្តែក្រោយពេលទទួលប្រាក់ពីឈ្មួញរកស៊ីដីរួចហើយ ស្រាប់តែមានប្រជាពលរដ្ឋជាង៦០០គ្រួសារទៀត ដែលអាស្រ័យផល និងចង់រក្សាដីនោះទុកជាប្រយោជន៍ភូមិទៅថ្ងៃមុខ ចេញមុខផ្តិតមេដៃប្តឹងជំទាស់ដាក់ជូនទៅលោកអភិបាលខេត្តសំណូមពររក្សាដីនោះទុកជាសម្បត្តិសាធារណៈទៅថ្ងៃអនាគត ។
រឿងរ៉ាវដ៏ចម្រូងចម្រាសនេះ បានអូសបន្លាយជិត២ខែមកហើយដោយសារការទិញលក់របស់ប្រជាពលរដ្ឋ និងឈ្មួញត្រូវបានមើលឃើញថាមិនស្របតាមច្បាប់អ្វីទាំងអស់ ហើយប្រជាពលរដ្ឋមួយចំនួនហាក់ភ្ញាក់ខ្លួនក្រោយពីទទួលលុយចំនួន២០០ដុល្លារ ។
លោកគង់ សុន ជំទប់ទី១ឃុំខ្នារឆ្មារបានរៀបរាប់ថា ជាយូរណាស់មកហើយមានក្រុមអ្នករកស៊ីទិញលក់ដីបានមកទាក់ទងទិញដីសមូហភាពភូមិចំនួន៧២ហិកតានៅចំណុចព្រៃគីឡូ ក្នុងភូមិត្រដក់ពងនេះជាច្រើនដង ប៉ុន្តែប្រជាពលរដ្ឋមិនព្រម ព្រោះចង់រក្សាដីនោះទុកជាប្រយោជន៍ក្នុងភូមិទៅថ្ងៃអនាគត ឧទាហរណ៍ធ្វើជាមណ្ឌលសុខភាពភូមិ ធ្វើជាសាលារៀន ឬកសិដ្ឋានផ្សេងៗក្នុងភូមិ ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះក៏ប្រជាពលរដ្ឋមិនថាតែអ្នកភូមិត្រដក់ពងទេ ដែលអាស្រ័យផលដោយជីកដំឡូង បោចវល្លិ លែងគោ និងរកអុសនៅក្នុងព្រៃគីឡូនេះ តែក៏មានអ្នកភូមិខ្នារឆ្មារកណ្តាល ភូមិជ្រៃកោងកើត និងភូមិថ្មស ដែរ ចំណែកការអាស្រ័យផលដោយប្រយោលមានភូមិវត្ត ភូមិត្រពាំងស្រងែ និងភូមិជ្រៃកោងលិច។
លោកជំទប់ទី១បានបន្តថា ដោយសារតែចលនាពីប្រជាពលរដ្ឋទិញដីនៅចំណុចខាងលើនេះមិនបាន ស្រាប់តែកាលពីរសៀលថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំរបស់សាលាឃុំខ្នារឆ្មារ មានបើកកិច្ចប្រជុំវិសាមញ្ញមួយរបស់សមាជិកក្រុមប្រឹក្សាឃុំខ្នារឆ្មារ ដែលមានលោក ទា កុំ ជាមេឃុំជាប្រធានអង្គប្រជុំ ។ ក្នុងកិច្ចប្រជុំបានផ្តោតជាសំខាន់គឺក្រុមហ៊ុនកុល សារឿន បានសុំទិញដីព្រៃកសិកម្មពីប្រជាពលរដ្ឋនៅចំណុចព្រៃគីឡូ ក្នុងភូមិត្រដក់ពង ដោយឱ្យក្នុងមួយគ្រួសារចំនួន២០០ដុល្លារ ដែលក្នុងភូមិត្រដក់ពងនេះមានចំនួន៣៥០គ្រួសារ ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឃុំនេះដែរ ខ្លះថាព្រម ខ្លះថាមិនព្រម ខ្លះថាចាំសួរប្រជាពលរដ្ឋ ។
ក្រោយកិច្ចប្រជុំ លោកទា កុំ ប្រធានក្រុមប្រឹក្សាឃុំ បានលើកឡើងប្រាប់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ថា បើប្រជាពលរដ្ឋលក់លោកក៏មិនជំទាស់ដែរ តែលោកសុំឆ្លងយោបល់ថ្នាក់លើសិន ។ ប្រភពដដែលបន្តថា ស្រាប់តែព្រឹកឡើងថ្ងៃទី១៤ ធ្នូ ២០១៣ លោក កុល សារឿន ដែលជាឈ្មួញទិញដីបានបើកប្រាក់ឱ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារចំនួន២០០ដុល្លារ ដោយឱ្យប្រជាពលរដ្ឋផ្តិតមេដៃទទួលយកលុយជាបន្តបន្ទាប់ រហូតដល់ជាង៣០០គ្រួសារដែលបានទទួលលុយ សព្វថ្ងៃនៅសល់តែ២០ទៅ៣០គ្រួសារប៉ុណ្ណោះ ដែលមិនទាន់បានទទួលយកលុយ ។ ប៉ុន្តែក្នុងនោះផងដែរ អ្នកបានទទួលលុយខ្លះគឺបានតែ១០០ដុល្លារដោយអ្នកទិញនៅជំពាក់សិន និងខ្លះទៀតបានស្ទួនក៏មានដែរ ។
លោកទា កុំ មេឃុំខ្នារឆ្មារថ្លែងថា នៅរសៀលថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៣ ពិតជាបានប្រជុំក្រុមប្រឹក្សាឃុំនៅសាលាឃុំមែន ហើយបានឯកភាពគ្នាថាចាំព្រឹកឡើងជួបជាមួយប្រជាពលរដ្ឋសិន ប៉ុន្តែស្រាប់តែព្រឹកឡើងឈ្មោះ កុល សារឿន បានដាក់កន្លែងបើកលុយឱ្យប្រជាពលរដ្ឋ ៣កន្លែងឯណោះ ដែលគ្រាន់តែមួយថ្ងៃប្រជាពលរដ្ឋមកបើកលុយជិត២០០គ្រួសារ ។ ដល់តែអីុចឹងទៅលោកក៏មិនដឹងថាម៉េចដែរ ព្រោះប្រជាពលរដ្ឋលោកព្រមលក់ ។ ចំពោះរឿងប្រជាពលរដ្ឋជិត៦០០គ្រួសារប្តឹងសុំរក្សាដីនោះទុកលោកអត់ដឹងទេ ។
លោកចាន់ វឿន អភិបាលស្រុកសាមគ្គីមានជ័យ មានប្រសាសន៍ថា ដីនៅចំណុចព្រៃគីឡូ ស្ថិតនៅភូមិត្រដក់ពង ត្រូវបានប្រជាពលរដ្ឋក្នុងភូមិនេះរក្សាទុកតាំងពីឆ្នាំ១៩៩៣មកម្លេ៉ះ កាលណោះមានជិត១០០ហិកតា ប៉ុន្តែក្រោយមកត្រូវប្រជាពលរដ្ឋដែលមានក្បាលដីជាប់នឹងដីនោះនាំគ្នាកាប់រានព្រៃម្នាក់បន្តិចម្នាក់បន្តិចអស់មួយចំនួន បច្ចុប្បន្ននៅសល់តែ៧២ហិកតា ។ ចំពោះរឿងលក់ទិញដីនោះលោកអត់បានដឹងទេ ។ ឯមន្ត្រីភូមិបាលស្រុកសាមគ្គីមានជ័យនិយាយថា ដីនោះគ្មានប្លង់ គ្មានជាប់គម្របព្រៃអ្វីទាំងអស់និងមានចំនួន៧២ហិកតា កាលវាស់ឆ្នាំ២០១០ ។
ជុំវិញករណីឈ្មួញទិញដីពីប្រជាពលរដ្ឋធ្វើឱ្យមានទំនាស់ខាងលើនេះ លោក ឈួរ ចន្ទ័ឌឿនអភិបាលខេត្តមានប្រសាសន៍ថា រឿងនេះលោកបានជ្រាបហើយ មានការលំបាកណាស់ គឺផ្តើមចេញពីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ម្ខាងលក់ម្ខាងមិនព្រមលក់ ។ អ្នកព្រមលក់បានទទួលលុយពីគេហើយមួយគ្រួសារ២០០ដុល្លារ ម្ខាង ទៀតភាគច្រើនអ្នកមិនបានលុយ ដែលអាស្រ័យផលនឹងដីនោះដែរ ប្រឆាំងមិនឱ្យលក់ ។ ពេលនេះបើមិនលក់ តើប្រជាពលរដ្ឋដែលទទួលប្រាក់គេហើយ គិតយ៉ាងម៉េច ប្រមូលលុយឱ្យគេវិញ ឬយ៉ាងណា ? បើលក់វិញ តើដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលប្រឆាំងមិនព្រមលក់នោះយ៉ាងម៉េច ។ សម្រាប់ទស្សនៈរបស់លោកមិនលក់ទេ ទុកជាសម្បត្តិរួមរបស់ភូមិបន្តទៀត ព្រោះជាប្រយោជន៍ថ្ងៃក្រោយច្រើនណាស់ ។ ពេលនេះលោកកំពុងគិតនឹងកោះអញ្ជើញអាជា្ញាធរមកពិភាក្សាគ្នា ថាគួរធ្វើបែបណា ? ។
ចំពោះសំណួរសួរថា តើការទិញ-លក់រវាងលោក កុល សារឿន និងប្រជាពលរដ្ឋស្របច្បាប់ដែរ ឬទេ? លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា ពិតណាស់គឺវាមិនត្រឹមត្រូវតាមច្បាប់ឡើយ ព្រោះជាដីរបស់រដ្ឋ តែបើចង់ឱ្យដីហ្នឹងជាដីរបស់ប្រជាពលរដ្ឋស្របច្បាប់ គឺត្រូវធ្វើអនុប្រយោគសុំរាជរដ្ឋាភិបាលជាមុនសិន ។ រាជរដ្ឋាភិបាលសម្រេចហើយ ដីនោះក្លាយជាដីឯកជនរបស់រដ្ឋហើយ ក្រោយមកសុំធ្វើប្រទានកម្មមួយទៀត ទើបក្លាយជាដីឯកជន ដែលអាចចែកគ្នាបាននេះ គឺតាមច្បាប់ ។ ឯពួកគាត់ធ្វើនេះ គឺមិនស្របច្បាប់ឡើយ ។ លោកក៏បានធ្វើការស្តីបន្ទោសដល់អាជ្ញាធរមូលដ្ឋានផងដែរ ពីការប្រជុំរបស់ក្រុមប្រឹក្សាឃុំរឿងលក់ដីព្រៃគីឡូនេះ ។
លោក កុល សារឿន (មិនដឹងថាជាក្រុមហ៊ុន កុល សារឿន ស្របច្បាប់ដែរឬអត់) ដែលជាអ្នកទិញដីខាងលើនេះនិយាយថា គាត់ទិញដីនេះមិនមែនទៅឆក់ប្លន់គេឯណា ព្រឹកឡើងពួកគាត់នាំគ្នាមកយកលុយប្រាប់ថាព្រមព្រៀងលក់ដីព្រៃគីឡូ គាត់ថាមិនមែនមកយកលុយទទេៗនោះទេ បើព្រមលក់ត្រូវផ្តិតមេដៃនិងថតរូបឱ្យបានត្រឹមត្រូវ ។ លោកកុល សារឿន បានអះអាងថា គាត់ទិញដីនេះគឺស្របច្បាប់ ខណៈលោកអភិបាលខេត្តបញ្ជាក់ច្បាស់ថាមិនស្របច្បាប់នោះទេ ។
ទោះបីជាយ៉ាងណា ការទិញដីលក់ដីរដ្ឋខាងលើនេះ ត្រូវបានគេមើលឃើញថាមិនពេញលក្ខណៈច្បាប់ឡើយ ព្រោះគ្មានប្លង់ គ្មានប័ណ្ណកម្មសិទ្ធិអ្វីទាំងអស់ ។ ដីដល់ទៅ៧២ហិកតា ឈ្មួញចំណាយតែ៧ម៉ឺនដុល្លារទិញវាថោកខ្លាំងណាស់ មួយគ្រួសារបាន២០០ដុល្លារ មកដល់ពេលនេះខ្លះចាយអស់ក៏មាន ។មានប្រជាពលរដ្ឋមួយចំនួនរិះគន់ថា រឿងអីក្រុមប្រឹក្សាឃុំប្រជុំគ្នាយករឿងទិញលក់ដីនេះមកពិភាក្សា ព្រោះជាដីរបស់រដ្ឋ ហើយរឿងនេះគួរតែបន្ទោសអាជ្ញាធរមូលដ្ឋានមិនជួយទប់ស្កាត់ ។ ដោយសារតែទង្វើបែបនេះត្រូវបានគេរិះគន់ថា មិនដឹងថ្នាក់ដឹកនាំមូលដ្ឋានបានកម្រៃប៉ុន្មានទេ ទើបបើកកិច្ចប្រជុំក្រុមប្រឹក្សារឿងលក់ដីរដ្ឋបែបនេះ ។
តាមព័ត៌មានក្រៅផ្លូវការថា លោកកុល សារឿន បានទទួលប្រាក់ពីលោកឧកញា៉ម្នាក់ មករៀបចំទិញដីខាងលើនេះ និងក្រៅពីនោះក៏បានទិញដីជាច្រើននៅក្នុងតំបន់និងជុំវិញនោះផងដែរ ៕
ចែករំលែកព័តមាននេះ