រាជធានីភ្នំពេញ ៖ មនុស្ស៦នាក់បានរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងក្រុមអ្នកភូមិបុរីកីឡា និងអាជ្ញាធរដែលបានប្រើប្រាស់កងកម្លាំងសន្តិសុខសាលាខណ្ឌ រួមនឹងនគរបាល កងរាជអាវុធហត្ថរាប់សិបនាក់ប្រដាប់ដោយដំបង និងខែល ព្រមទាំងពាក់មួកការពារសុវត្ថិភាពផង ។ កងកម្លាំងទាំងនេះ កាលពីវេលាម៉ោងប្រមាណជាង៥ទៀបភ្លឺ ថ្ងៃទី១៤ កុម្ភៈ បានបើកប្រតិបត្តិការបណ្តេញអ្នកភូមិបុរីកីឡាជាង១០០គ្រួសារ ដែលនាំគ្នាឡើងទៅនៅលើអគារទី៩ របស់ក្រុមហ៊ុនផានអុីមុិច ដែលសាងសង់មិនទាន់រួចនោះ ។
ការប្រើប្រាស់កងកម្លាំងបណ្តេញអ្នកភូមិបុរីកីឡា ដែលឡើងនៅលើសំណង់ថ្មីនេះបានធ្វើឱ្យក្រុមអ្នកភូមិបុរីកីឡា៦នាក់របួស ម្នាក់រងរបួសធ្ងន់ និង៤នាក់របួសស្រាល ក្នុងនោះមានម្នាក់ជាស្ត្រីមានផ្ទៃពោះផងដែរ ។ តាមប្រជាពលរដ្ឋអះអាងថា អ្នករងគ្រោះដោយអំពើហិង្សាបណ្តេញចេញពីកន្លែងស្នាក់នៅដែលអាជ្ញាធរថា មិនស្របច្បាប់នេះមាន ១-ឈ្មោះ ហុីង ឆីញ ភេទប្រុស អាយុ១៧ឆ្នាំ ជាកូនមន្ត្រីនគរបាលម្នាក់ ជាអ្នកលក់ដូងខ្ចី រងរបួសបែកក្បាលដោយដំបងក្រុមសន្តិសុខ ២-ឈ្មោះ ព្រំ ពេជ្រ ភេទស្រី អាយុ៦៧ឆ្នាំ ត្រូវក្រុមសន្តិសុខអូសនិងលើកចេញនៅពេលគាត់ក្រាញននៀលមិនព្រមស្តាប់បញ្ជាឱ្យចាកចេញ ៣-ឈ្មោះ ចៅ សុភា ភេទស្រី អាយុ២៦ឆ្នាំ ត្រូវមួយដំបង ៤-ឈ្មោះ ប្រាក់ សុផា ភេទស្រី អាយុ៤៥ឆ្នាំ ថ្លោះចង្កេះ ដោយការរុញច្រានជាមួយក្រុមសន្តិសុខ ៥-ឈ្មោះ ហាស់ សុខចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ ជាស្ត្រីមានផ្ទៃពោះ និង៦-ឈ្មោះ ញឹក ហ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ក៏ត្រូវដំបងរបស់ក្រុមសន្តិសុខដែរ ។
ក្រោយពេលប៉ះទង្គិចគ្នា ក្រុមអ្នកបុរីកីឡាប្រមាណជា១០០គ្រួសារនោះ បានរត់ចោលចានឆ្នាំង និងខ្លះចោលទាំងបង្វេចព្រោះយកមិនទាន់ នៅពេលកម្លាំងអាជ្ញាធរចុះទៅបណ្តេញ ពេលមិនទាន់ក្រោកពីដេកផង ហើយបានទៅប្រមូលផ្តុំគ្នាអង្គុយយំ និងជេរប្រទេចផ្តាសាដល់សមត្ថកិច្ចនៅខាងក្រោយអគារថ្មី ដើម្បីបង្ហាញពីការឈឺចាប់ បង្ហាញដល់ក្រុមអង្គការសង្គមស៊ីវិល អ្នកកាសែតជាតិ និងអន្តរជាតិថតយកទៅផ្សព្វផ្សាយ ។
ទោះបីជាយា៉ងណា ក្រោយពីសមត្ថកិច្ចបណ្តេញក្រុមអ្នកបុរីកីឡាចេញហើយ អាជ្ញាធរបានធ្វើរបងស័ង្កសីរាំងបិទអគារទី៩នោះ មិនឱ្យអ្នកណាម្នាក់ចូលទៅស្នាក់នៅទៀតឡើយ ។ ពេលធ្វើរបងការពាររួច កម្លាំងនគរបាល និងកងរាជអាវុធហត្ថមួយចំនួនត្រូវដកចេញ ឯផ្លូវឆ្លងកាត់ទីនោះក៏បើកឱ្យធ្វើចរាចរណ៍ធម្មតាវិញ តែក្រុមសន្តិសុខបានដាក់ប្រចាំការ ។ ខណៈពេលកងកម្លាំងមួយចំនួនបានដកចេញ ប្រជាពលរដ្ឋបាននាំគ្នាយកដុំថ្ម និងដែកបំពង់ទីបចោលនិងវាយទៅលើរបងស័ង្កសី ដែលអាជ្ញាធរទើបបិទបាំងថ្មីនោះ បណ្តាលឱ្យមានការធ្លុះធ្លាយតិចតួច តែត្រូវក្រុមសន្តិសុខ បង្ក្រាប ។ ក្នុងពេលនោះក៏មានអ្នកខ្លះស្រែកប្រាប់ទៅសន្តិសុខថា ពេលថ្ងៃវាយកម្ទេចមិនបាន យប់នេះប្រហែលជាអាចមិនគង់ទេ ។ ទោះបីជាបែបណាមានការឆ្លើយតបវិញថា នឹងមានការចាប់ខ្លួនប្រសិនបើធ្វើដូច្នេះ ព្រោះជាការបំផ្លាញសម្បត្តិសាធារណៈឬឯកជន ។
គួរកត់សម្គាល់ថា ក្រោយពេលកើតមានការប៉ះទង្គិចគ្នារវាងក្រុមអ្នករស់នៅបុរីកីឡា និងកម្លាំងអាជ្ញាធរ គេសង្កេតឃើញលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិបានទៅដល់ទីនោះដែរ និងបាននិយាយទៅកាន់អ្នកកាសែតថា ពិតជាមានការសោកស្តាយ នៅពេលសមត្ថកិច្ចរបស់អាជ្ញាធរបានវាយដំទៅលើប្រជាពលរដ្ឋស្លូតត្រង់ឱ្យមានរបួសស្នាម គ្រាន់តែជាការបណ្តេញចេញពីលំនៅឋានប៉ុណ្ណោះ ។ លោកស្រីបន្តថា ទង្វើនេះគឺជាការរំលោភសិទ្ធិលើប្រជាពលរដ្ឋហើយ ដូច្នេះជនរងគ្រោះនឹងមានសិទ្ធិប្តឹងជនបង្កប្រើអំពើហិង្សាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់ការតាមផ្លូវច្បាប់ ដែលមានអាជ្ញាធរបញ្ជាពីក្រោយជាអ្នកទទួលខុសត្រូវ ។
គេបានសង្កេតឃើញទៀតថា ឱ្យតែមានជម្លោះបាតុកម្មកន្លែងណាមួយ ពិតជាមានវត្តមានសង្ឃមួយអង្គនិមន្តដល់ទីនោះហើយ ដោយប្រើប្រាស់កាមេរា៉តូចៗថតយករូបភាពដូចអ្នកកាសែតដែរ ដែលសកម្មភាពនេះគឺសង្ឃនាម លួន សាវា៉ត ។
ក្រុមអ្នករស់នៅក្នុងប្លុកបុរីកីឡាប្រមាណជា១០០គ្រួសារ ដែលអះអាងថា កន្លងមកអាជ្ញាធរបានសន្យាខ្យល់ កាលពីថ្ងៃទី១២ កុម្ភៈ បាននាំគ្នារើអីវ៉ាន់ពីខាងក្រោមឡើងទៅនៅអគារទី៩ ដែលក្រុមហ៊ុនផានអីុមិុច សាងសង់មិនទាន់រួចរាល់ បើទោះបីមានការរារាំងពីសមត្ថកិច្ចយ៉ាងណាក្តី ។
ក្រុមអ្នករស់នៅក្នុងប្លុកបុរីកីឡា ដែលខ្លះស្នាក់នៅទីនោះច្រើនឆ្នាំហើយ និយាយថាពួកគាត់មិនត្រូវបានអាជ្ញាធរប្រគល់ផ្ទះសង់ថ្មី ឱ្យបានស្នាក់នៅនោះទេ ផ្ទុយទៅវិញបានបោះបង់ពួកគាត់ចោលឱ្យរស់នៅតែលតោលក្រោមអគារដែលសាងសង់បានខ្លះរហូតមក ។ ដោយសារទ្រាំនឹងការលំបាកច្រើនឆ្នាំមកហើយ ទើបនៅព្រឹកថ្ងៃទី១២ កុម្ភៈ ពួកគាត់សម្រេចចិត្តវេចបង្វេចឡើងទៅនៅអគារលេខ៩ ជាន់ទី១ គឺចែកគ្នានៅតាមបន្ទប់រៀងៗខ្លួន ។
ខណៈពេលដែលក្រុមអ្នកស្នាក់នៅក្នុងប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧ មករា ធ្វើដូច្នេះ សមត្ថកិច្ច និងអាជ្ញាធរបានរារាំង និងហាមឃាត់តែពួកគាត់មិនស្តាប់ និងនាំគ្នាទៅស្នាក់នៅតាមបន្ទប់នីមួយៗ ទោះដេញយ៉ាងណាក៏មិនចេញដែរ ។ គួរបញ្ជាក់ថា អគារទី៩ នៅបុរីកីឡា ដែលក្រុមហ៊ុនផានអុីមិុច សាងសង់កន្លងមកនៅមិនទាន់រួចរាល់ជាស្ថាពរនៅឡើយទេ ពោលគឺគ្រាន់តែមានជាគ្រោង និងបន្ទប់ សូម្បីឥដ្ឋការ៉ូក៏មិនទាន់បានក្រាលផង ។ ក្រុមអ្នករស់នៅក្នុងប្លុកបុរីកីឡាប្រមាណជា១០០គ្រួសារ បានឡើងទៅបោសសម្អាតក្រាលកន្ទេលដេក ដោយពួកគាត់និយាយថា ប្រសើរជាងអត់កន្លែងស្នាក់នៅ ។
គួរបញ្ជាក់ថា អ្នករស់នៅបុរីកីឡាដែលអះអាងថា នៅប្រមាណជាង១០០គ្រួសារ មិនទាន់មានទីជម្រកឱ្យបានសមរម្យទេ តាំងតែពីមានការឈូសឆាយតំបន់នោះកាលពីឆ្នាំកន្លង ទៅ ។ ពួកគេប្រមាណជា១០០គ្រួសារនោះ ខ្លះសុំស្នាក់នៅក្នុងអគារថ្មី ខ្លះសង់រោងនៅជាប់របងដីទំនេររបស់ក្រុមហ៊ុនផានអុីមុិច ដោយរង់ចាំដំណោះស្រាយពីសាលារាជធានីភ្នំពេញ ដែលថានឹងសង់អគារថ្មីឱ្យពួកគេស្នាក់នៅ និងមានទីជម្រកត្រឹមត្រូវ ។ អ្វីដែលបានធ្វើឱ្យអ្នកបុរីកីឡារំជើបរំជួល ហើយនាំគ្នាវេចបង្វេចឡើងទៅស្នាក់នៅលើអគារថ្មីដែលសង់មិនទាន់រួចនោះ ដោយសារមានការប្រកាសជូនបងប្អូនថា អាជ្ញាធរនឹងរៀបចំអគារឱ្យបងប្អូនស្នាក់នៅបណ្តោះអាសន្នសិន ទម្រាំរកដំណោះស្រាយឱ្យបានច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ