ខេត្តកំពង់ចាម ៖ នៅទីបំផុត ពិតជាឈាមស្រែកស្បែកហៅមែន ជនសង្ស័យជាឃាតករឈ្មោះហេង ម៉ារ៉ែន ភេទប្រុស អាយុ៤២ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី និងមានតួនាទីជាអនុប្រធានការិយាល័យគណនេយ្យនៅស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានចាប់ខ្លួនកាល ពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៤ កុម្ភៈ នៅចំណុចស្រែសង្កែ ភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ពីបទសម្លាប់បុរសពោះម៉ាយលោកធុច សាថាត អាយុ៤៩ឆ្នាំ មន្ត្រីធនាគារជាតិដោយការចាក់សាំងដុតសម្លាប់ទាំងរស់ប្លន់យកខ្សែកមាសទម្ងន់២តម្លឹង នាពេលថ្មីៗកន្លងទៅ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
លោកវរសេនីយ៍ទោ សាន សុភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ក្រោយពីមានហេតុការណ៍ចាក់សាំងដុតសម្លាប់មនុស្សយ៉ាងឃោរឃៅ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ កុម្ភៈ រូបលោកបានចុះទៅដល់កន្លែងកើតហេតុ ជាមួយនឹងកម្លាំងក្រោមឱវាទដោយសហការជាមួយនឹងនគរបាលក្រុងកំពង់ចាម ដើម្បីតាមប្រមាញ់ជនសង្ស័យ ។ លោកនាយការិយាល័យបន្តថា ជាមួយនេះលោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការនគរបាលខេត្តក៏ដូចជាលោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានដាក់បញ្ជាឱ្យបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុកនិងតាមរយៈសាក្សី រហូតស្គាល់អត្តសញ្ញាណជនសង្ស័យដែលបានចាក់សាំងដុតសម្លាប់មន្ត្រីធនាគារជាតិសាខាខេត្តកំពង់ចាមយ៉ាងអណោចអាធ័មបំផុតនៅក្នុងបន្ទប់ផ្ទះជួលស្ថិតនៅភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម និងទទួលដំណឹងថា ជនសង្ស័យបានរត់គេចទៅកាន់ខេត្តក្រចេះ ។ ក្រោមកិច្ចសហការជាមួយនឹងនគរបាលខេត្តក្រចេះ ជនសង្ស័យឈ្មោះហេង ម៉ារ៉ែន ត្រូវបានចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្ត រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំផងដែរ ។
មន្ត្រីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៧ កុម្ភៈ ឈ្មោះម៉ារ៉ែន បានសុំច្បាប់ឈប់សម្រាកថ្ងៃចុងសប្តាហ៍ដើម្បីទៅលេងផ្ទះនៅភ្នំពេញ រហូតមកដល់ព្រឹកថ្ងៃចន្ទទី១០ កុម្ភៈ ក៏បានទូរស័ព្ទមកសុំច្បាប់លោកប្រធានគណនេយ្យនៅស្នងការដ្ឋាននគរបាលខេត្តទៀត ។ ចាប់តាំងពីពេលមានករណីប្លន់សម្លាប់បុរសពោះម៉ាយខាងលើ គេមិនដែលឃើញជនសង្ស័យមកកន្លែងធ្វើការទេ គឺបាត់មុខរហូតតែម្តងដោយគ្មាននរណាម្នាក់ដឹងថាទៅណាឡើយ ។ នៅមុនពេលកើតហេតុសម្លាប់ពោះម៉ាយខាងលើ ជនសង្ស័យរូបនេះបានទៅរករឿងប្រពន្ធនៅផ្ទះឯរាជធានីភ្នំពេញរកលុយ ហើយមានទឹកមុខខ្មៅខុសពីធម្មតា ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៣ កុម្ភៈ ជនសង្ស័យរូបនេះបានទូរស័ព្ទទៅសួរកូនប្រុសសពបុរសពោះម៉ាយនៅស្រុកព្រៃឈរដោយយកលេសថា ឪពុករបស់ឯងទៅណាហើយ ? គ្រាន់តែកូនប្រុសសពឆ្លើយតបថា ឪពុករបស់ខ្ញុំស្លាប់ហើយ ក៏បិទទូរស័ព្ទលែងទាក់ទង ។
ការនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តនេះមិនទាន់មានការសាកសួរនៅឡើយទេថា ការដុតសម្លាប់មិត្តភក្តិរបស់ខ្លួននោះជាករណីប្លន់យកខ្សែ.កមាសទម្ងន់២តម្លឹងនោះមែនឬបែបណា ។ ការសាកសួរអាចនឹងធ្វើឡើងនៅថ្ងៃនេះ (១៥ កុម្ភៈ) ៕
ចែករំលែកព័តមាននេះ