រាជធានីភ្នំពេញ ៖ ផ្ទះ ១ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ ដោយសារម្ចាស់អុជទានធូបសែនមាឃបូជា ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី១៤ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ។ ផ្ទះដែលត្រូវភ្លើងឆេះអស់សង់ពីឈើលើថ្មក្រោម ប្រក់ស័ង្កសី មានទំហំទទឹង ៨ម៉ែត្រ និងបណ្តោយ ៨ម៉ែត្រ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡាយ គឹមសួរ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរអ្នកគួកជេរដីធ្លី មានប្រពន្ធឈ្មោះ គឹម វ៉ា អាយុ ៣០ឆ្នាំ ជាមេផ្ទះ។ តាមសម្តីម្ចាស់ផ្ទះ បានឲ្យដឹងថា ទ្រព្យសម្បត្តិ និងសម្ភារៈ ដែលឆេះអស់មានតម្លៃជាង ២ម៉ឺនដុលា្លរ។ ម្ចាស់ផ្ទះបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានអុជទានធូបសែនមាឃបូជា រួចក៏ចូលទៅមុជទឹកបាត់ទៅ ចំណែកគាត់ជាប្តីបានទៅអង្គុយលេងនៅមាត់ទន្លេក្បែរផ្ទះ ឯកូនអង្គុយមើលទូរទស្សន៍។
លុះបន្តិចក្រោយមក ស្រាប់តែកូនរត់មកប្រាប់ថា ភ្លើងឆេះផ្ទះ គាត់ក៏រត់ទៅមើល តែភ្លើងបានឆាបឆេះផ្ទះទាំងស្រុងទៅហើយ។ ក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋអ្នកជិតខាងបាននាំគ្នាយកម៉ាស៊ីនបូមទឹកទន្លេមកបាញ់ពន្លត់ភ្លើងដែរ តែភ្លើងឆាបឆេះខ្លាំងពេក ទើបត្រូវឆេះគ្មានសល់ ហើយឃើញមានរថយន្តពន្លត់អគ្គីភ័យមកដល់ ១គ្រឿង ជួយបាញ់ទឹកពន្លត់ផងដែរ៕
ចែករំលែកព័តមាននេះ