ខេត្តកណ្តាល ៖ មានហេតុការណ៍ភ្ញាក់ផ្អើលនៅខាងមុខក្លឹបវីអាយភី ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៤ កុម្ភៈ ២០១៤ ដោយសារក្រុមក្មេងស្ទាវទំនើងមួយក្រុមបានដេញកាប់ទៅលើក្រុមក្មេងស្ទាវមួយក្រុមទៀតបណ្តាលឱ្យរបួសម្នាក់ ខណៈពេលកំពុងអង្គុយចាំមិត្តភក្តិដែលចូលសប្បាយក្នុងក្លឹប ដែលគេសង្ស័យថា ក្លឹបនេះអត់ច្បាប់ និងកំពុងពង្វក់សិស្សឱ្យគេចពីសាលារៀន។
ខណៈពេលកំពុងមានការភ្ញាក់ផ្អើលនោះនគរបាលប៉ុស្តិ៍តាខ្មៅបានចុះទៅអន្តរាគមន៍ ប៉ុន្តែក្រុមស្ទាវបង្កហេតុបានគេចខ្លួនបាត់ និងនាំក្រុមស្ទាវរងគ្រោះទៅសាកសួរ។ ជនរងគ្រោះឈ្មោះយក សីហា អាយុ១៥ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យឈូងលៀប ឃុំរកាខ្ពស់ ស្រុកស្អាងបានរៀបរាប់ថា នៅមុនពេលកើតហេតុពួកខ្លួននៅអង្គុយលើម៉ូតូខាងមុខក្លឹបវីអាយភីជាមួយមិត្តភក្តិ២នាក់ទៀតចាំមិត្តភក្តិមួយក្រុមទៀតដែលចូលក្នុងក្លឹប។
ពេលនោះស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមទៀតមានគ្នា៣នាក់ ខ្លះពាក់ម៉ាស់មុខបានដើរសំដៅមកហើយមានម្នាក់បានយកកាំបិតប៉័ងតោមកកាប់ និងវាយទៅលើពួកខ្លួន ខណៈនោះខ្លួនបានរត់ ហើយក្រុមម្ខាងទៀតដេញតាមតែបន្តិចក៏រត់ឡើងជិះម៉ូតូគេចខ្លួនបាត់ទៅ។ យុវជនរងគ្រោះប្រាប់ទៀតថា រូបគេត្រូវក្រុមស្ទាវមិនស្គាល់មុខកាប់ចំចង្កេះខាងឆ្វេងរបួសធ្ងន់ ចំណែកមិត្តភក្តិ២នាក់ទៀតរបួសស្រាល។
ក្រុមយុវជនរងគ្រោះបាននិយាយថា មូលហេតុដែលខ្លួនមិនបានចូលក្លឹបនោះ គឺដោយសារតែមានមនុស្សចូលច្រើនពេក ហើយសន្តិសុខមិនឱ្យចូលក៏នៅចាំមិត្តភក្តិដែលចូលមុន។ ប្រជាពលរដ្ឋដែលទៅចោមរោមមើលហេតុការណ៍នេះនិយាយថា ក្លឹបនេះសង្ស័យអត់ច្បាប់ផងបានជាលួចបើករបៀបលួចលាក់មិនចំហមុខឡើយ។ ក្លឹបនេះជាកន្លែងដែលនាំឱ្យសិស្សប្រុស ស្រីគេចពីសាលារៀនគឺមិនថាយប់ ថ្ងៃទេ គេឃើញនាំគ្នាមកសប្បាយនៅទីនេះ ហើយតែងតែងមានទំនាស់គ្នាបង្កអនាធិបតេយ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្បែរនោះ៕
ចែករំលែកព័តមាននេះ