ខេត្តបន្ទាយមានជ័យ ៖ កុមារីម្នាក់បានលង់ទឹកស្រះស្លាប់ ខណៈកុមារីរងគ្រោះនិងក្មេងម្នាក់ទៀតនាំគ្នាទៅងូតទឹកស្រះមានជម្រៅ៣ម៉ែត្រ នៅខាងជើងភូមិចម្ងាយប្រហែល៥០ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ។
លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះ ផាត់ ស្រីលីម អាយុ៦ឆ្នាំ ជាកូនទី១ក្នុងចំណោមបងប្អូន២នាក់ មានឪពុកឈ្មោះ ផាត់ អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះ ណាក់ យ៉េន អាយុ២៩ឆ្នាំ ។
លោកអធិការបញ្ជាក់ថា មុនពេលកើតហេតុ កុមារីរងគ្រោះនិងក្មេងនៅផ្ទះក្បែរគ្នា បានទៅងូតទឹកស្រះជម្រៅ៣ម៉ែត្រ ដែលនៅខាងជើងភូមិចម្ងាយ៥០ម៉ែត្រ ស្រាប់តែលង់ទឹកស្លាប់តែម្តង ។ ចំពោះឪពុកម្តាយកុមារីរងគ្រោះមិននៅផ្ទះទេ ដោយនាំគ្នាទៅធ្វើការនៅប្រទេសថៃអស់ ទុកកូននៅផ្ញើជាមួយជីដូន ដែលមានអាយុដល់ទៅ៧៦ឆ្នាំ ។ ពេលបាត់ចៅស្រី ជីដូនបានដើររកមិនឃើញ ក៏បានឱ្យអ្នកជិតខាងជួយដើររក ទើបប្រទះឃើញសពចៅស្រីនៅក្នុងស្រះទឹក ។ សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះអាល័យបំផុត ៕
ចែករំលែកព័តមាននេះ