ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋអ្នកដាក់មង បានភ្ញាក់ផ្អើលពេលឃើញសពបុរសម្នាក់លង់ទឹកស្លាប់អណ្តែតនៅទឹកត្រពាំង ហើយបានហៅអ្នកភូមិមកមើល និងហៅបងប្អូនសាច់ញាតិមកមើលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។ ហេតុការណ៍ប្រទះឃើញនេះ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៣ កុម្ភៈ ២០១៤ នៅក្នុងត្រពាំងថ្នល់កែងក្បែរភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
សពបុរសខាងលើមានឈ្មោះ សោម រ៉ម អាយុ ៣០ឆ្នាំ មានទីលំនៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ហើយត្រូវបានប្រជាពលរដ្ឋដែលចុះទៅដាក់មងត្រីនៅត្រពាំងថ្នល់កែងប្រទះឃើញដៃសពជនរងគ្រោះអណ្តែតឡើងលើ ហើយបានរាយការណ៍មកសមត្ថកិច្ច និងផ្តល់ដំណឹងទៅក្រុមគ្រួសារ។ តាមការឲ្យដឹងពីក្រុមគ្រួសារសាច់ញាតិជនរងគ្រោះនិយាយថា ជនរងគ្រោះគ្មានប្រពន្ធកូនទេ ព្រោះជនរងគ្រោះមានជំងឺស្គុនជាន់ ហើយបានបាត់ខ្លួនរយៈពេល ២ថ្ងៃ តាំងពីម៉ោង ៥រសៀល ថ្ងៃទី១១ កុម្ភៈ ដោយជនរងគ្រោះប្រាប់ថា ទៅដឹកគោ។
ជនរងគ្រោះក៏បានជិះកង់ចេញទៅបាត់មិនឃើញត្រលប់មកផ្ទះវិញ សាច់ញាតិបានដើររកទៅដល់វាលស្រែចងគោ និងទាក់ទងនៅអ្នកមកពីព្រៃ ឬជិតខាងក្រែងបានឃើញជនរងគ្រោះ ព្រមទាំងកង់ដែលជិះទៅក៏មិនឃើញដែរ ព្រោះជនរងគ្រោះមានជំងឺប្រចាំកាយស្គុនជាន់ នៅពេលជំងឺរើឡើងម្តងៗ ជនរងគ្រោះមានអាការៈប្រកាច់ដូចអារក្សចូលមិនដឹងបងប្អូននោះទេ។ លុះនៅវេលាម៉ោង ៧ព្រឹក ទើបអ្នកជិតខាងមកប្រាប់ថា ជនរងគ្រោះបានស្លាប់ហើមអណ្តែតទឹក រួមជាមួយកង់នៅត្រពាំងថ្នល់កែងនៅក្បែរភូមិ។
ក្រោយពីសមត្ថកិច្ចជំនាញនគរបាលប៉េអឹមស្រុកអន្លង់វែង ចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យរួច ក៏ប្រគល់សាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ