ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​100​​គ្រួសារ​​​ឡើង​​នៅ​​លើ​​អគារ​​ដែល​សង់​​​​មិន​ទាន់​​​រួច​ក្នុង​​បុរី​​កីឡា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​រស់​នៅ​ក្នុង​​ប្លុក​បុរី​កីឡា​ប្រមាណ​ជា​១០០​គ្រួសារ​ ដែល​អះ​អាង​ថា កន្លង​មក​​​អាជ្ញា​ធរ​បាន​សន្យា​ខ្យល់​ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ​បាន​នាំ​គ្នា​រើ​អីវ៉ាន់​ពី​ខាង​​ក្រោម​ឡើង​ទៅ​នៅ​អគារ​​ទី​៩ ដែល​ក្រុម​ហ៊ុន​ផាន​អីុ​មិុច​ សាង​សង់​​មិន​ទាន់​រួច​រាល់ បើ​ទោះ​បី​មាន​ការ​រារាំង​ពី​សមត្ថ​កិច្ច​យ៉ាង​ណា​ក្តី​ ។

រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​រស់​នៅ​ក្នុង​​ប្លុក​បុរី​កីឡា​ប្រមាណ​ជា​១០០​គ្រួសារ​ ដែល​អះ​អាង​ថា កន្លង​មក​​​អាជ្ញា​ធរ​បាន​សន្យា​ខ្យល់​ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ​បាន​នាំ​គ្នា​រើ​អីវ៉ាន់​ពី​ខាង​​ក្រោម​ឡើង​ទៅ​នៅ​អគារ​​ទី​៩ ដែល​ក្រុម​ហ៊ុន​ផាន​អីុ​មិុច​ សាង​សង់​​មិន​ទាន់​រួច​រាល់ បើ​ទោះ​បី​មាន​ការ​រារាំង​ពី​សមត្ថ​កិច្ច​យ៉ាង​ណា​ក្តី​ ។

សូម​បញ្ជាក់​ថា តាម​គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ផាន​អុី​មុិច គឺ​សាង​សង់​អគារ​ចំនួន​១០​សម្រាប់​ផ្តល់​ឱ្យ​​អ្នក​ដែល​រស់​នៅ​ក្នុង​ប្លុក​បុរី​កីឡា​ តែ​ក្រុម​ហ៊ុន​សាង​សង់​បាន​តែ​​៨​អគារ​ប៉ុណ្ណោះ​ ដោយ​សារ​ថា​ក្រុម​ហ៊ុន​គ្មាន​លទ្ធ​ភាព​បន្ត​ធ្វើ​អគារ​២​ទៀត​ទេ ។ ដោយ​សារ​តែ​ការ​តវ៉ា​របស់​អ្នក​មិន​ទាន់​ទទួល​បាន​ការ​ស្នាក់​នៅ​លើ​អគារ​ទី​៩​ និង​ទី​១០​ នោះ​ក៏​តែង​កើត​មាន​រឿង​រ៉ាវ​ឈឺ​ក្បាល​មិន​ឈប់​ឈរ​រហូត​​មក ទើប​មាន​ការ​សាង​សង់​អគារ​ទី​៩​មួយ​ទៀត​ ប៉ុន្តែ​អគារ​ទី​៩​នេះ​សាង​សង់​មិន​ទាន់​​ហើយ​នោះ​ទេ​ ក៏ស្រាប់​តែ​ពួក​គេ​នាំ​គ្នា​រៀប​បង្វេច​ទៅ​ចាប់​នៅ​​ខ្លួន​ឯង​តែ​ម្តង ។ ​ក្រុម​អ្នក​រស់​នៅ​​ក្នុង​ប្លុកបុរី​កីឡា​​ ដែលខ្លះ​ស្នាក់​នៅ​ទី​នោះ​ច្រើន​ឆ្នាំ​ហើយ​ ​និយាយ​ថា​ពួក​គាត់​មិន​ត្រូវ​បាន​អាជ្ញា​ធរ​ប្រគល់​ផ្ទះ​​ស​ង់​ថ្មី​ ឱ្យ​​បាន​ស្នាក់​នៅ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​បោះ​បង់​ពួក​គាត់​ចោល​ឱ្យ​រស់​នៅ​តែល​តោល​​ក្រោម​អគារ​ដែល​​សាង​​សង់​បាន​ខ្លះ​មក​នោះ​ ។ ដោយ​សារ​ទ្រាំ​​​នឹង​ការ​លំបាក​​​ច្រើន​ឆ្នាំ​​មក​ហើយ​ ទើប​នៅ​​ព្រឹក​​ថ្ងៃ​ទី​១២ កុម្ភៈ ពួកគាត់​សម្រេច​ចិត្ត​វេច​​បង្វេច​ឡើង​ទៅ​នៅ​អគារ​លេខ​៩ ជាន់​ទី​១​ គឺ​ចែក​គ្នា​នៅ​តាម​បន្ទប់​រៀង​ៗខ្លួន​ ។

ខណៈ​ពេល​ដែល​ក្រុម​អ្នក​ស្នាក់​នៅ​​​ក្នុង​ប្លុក​បុរី​កីឡា​​ ​សង្កាត់​វាល​វង់​ ខណ្ឌ​៧​ មករា​ ធ្វើ​ដូច្នេះ​ សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​បាន​​រារាំង និង​ហាម​ឃាត់​តែ​ពួក​​គាត់​មិន​ស្តាប់​ ​និង​នាំ​គ្នា​ទៅ​ស្នាក់​នៅ​តាម​បន្ទប់​នីមួយៗ​ ទោះ​​ដេញ​យ៉ាង​ណា​ក៏​មិន​ចេញ​ដែរ​ ។ ​គួរ​បញ្ជាក់​ថា​ អគារ​ទី​៩ នៅ​បុរី​កីឡា ដែល​ក្រុម​ហ៊ុន​​ផាន​អុី​មិុច​​ សាង​សង់​កន្លង​មក​​នៅ​មិន​ទាន់​រួច​រាល់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ​ ពោល​គឺ​គ្រាន់តែ​មាន​ជា​គ្រោង​ និង​បន្ទប់​ សូម្បី​ឥដ្ឋ​ការ៉ូ​ក៏​មិន​ទាន់​បាន​ក្រាល​ផង​ ។ ក្រុម​អ្នក​រស់​នៅ​​ក្នុង​ប្លុក​បុរី​កីឡា​ប្រមាណ​ជា​១០០​គ្រួសារ​ ​បាន​ឡើង​ទៅ​បោស​សម្អាត​ក្រាល​កន្ទេល​ដេក​ ដោយ​​ពួក​គាត់​និយាយ​ថា​ ប្រសើ​​រ​ជាង​អត់​កន្លែង​ស្នាក់​នៅ​ ។ បន្ទាប់​ពី​ក្រុម​អ្នក​បុរី​កីឡា​ឡើង​ទៅ​ស្នាក់​នៅ​លើ​អគារ​ដែល​សង់​មិន​ទាន់​រួច​ដូច្នេះ​ អាជ្ញា​ធរ​ខណ្ឌ​និង​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ ត្រូវ​បាន​សាលា​រាជ​ធានី​ភ្នំពេញ​​ហៅ​ទៅ​ដោះ​ស្រាយ​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ។

​តំណាង​​សហ​គមន៍​ប្រជា​បុរី​កីឡា​៥​នាក់ រួម​ជាមួយ​លោក​អភិបាល​រង​ខណ្ឌ​៧​មករា​ មួយ​រូប​បាន​ចូល​ជួប​លោក ប៉ា សុជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ តាម​ការ​កំណត់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ​ ។ ប៉ុន្តែ​​ក្នុង​នោះ​ គេ​ឃើញ​អ្នក​ដែល​ទៅ​គាំ​ទ្រ​តំណាង​របស់​ពួក​គេ​​ប្រមាណ​ពី​៤០​ទៅ​៦០​នាក់​​ជិះ​រឺុម៉ក​ម៉ូតូ​៦​គ្រឿង​ ដើម្បី​ជា​ការ​ជួយ​លើក​ទឹក​ចិត្ត​ ។
រយៈ​ពេល​ជា​ច្រើន​​ម៉ោង​ ក្នុង​ការ​​​ជួប​ជុំ​រក​ដំណោះ​ស្រាយ​​នោះ ត្រូវ​បាន​ប្រភព​ឱ្យ​ដឹង​ថា​ លោក​អភិ​បាលរាជ​ធានី​​បាន​ជម្រាប​ជូន​ទៅ​តំណាង​សហ​គមន៍​ឱ្យ​ស្រង់​ស្ថិតិ​​អ្នក​ដែល​គ្មាន​ជម្រក​​ស្នាក់​នៅឱ្យ​បាន​ច្បាស់​លាស់​ ។ បន្ទាប់​មក​លោក​អភិ​បាល​បាន​កំណត់​ ៖

១-​តើ​ប៉ុន្មាន​នាក់​​ដែល​ចង់​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ ?
២-​តើ​ប៉ុន្មាន​នាក់​ចង់​ស្នាក់​នៅ​រហូត ?
វិធាន​​ការ​ដែល​លោក​អភិ​បាល​រាជ​ធានី​មាន​អនុសាសន៍​ត្រូវ​បាន​តំណាង​អ្នក​រស់​នៅ​បុរី​កីឡា​ប្រមាណ​ជាង​១០០​​គ្រួសារ​​ ទទួល​យក​ទៅ​ពិភាក្សា​គ្នា​ តែ​មិន​ទាន់​​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។
​អ្នក​អត់​ផ្ទះ​ស្នាក់​នៅ​ ​ក្នុង​អតីត​បុរី​កីឡា និយាយ​​ដោយ​កត់​សម្គាល់​ថា​​​ ការ​សន្យា​ដូច​នេះ​មាន​មក​ច្រើន​​ដង​ហើយ​ ពួក​គាត់​មិន​សូ​វ​មាន​ជំនឿ​​ទេ​ ។ គួរ​បញ្ជាក់​ថា​ ​អ្នក​រស់​នៅ​បុរី​កីឡា​ដែល​​អះអាង​ថា​ នៅ​ប្រមាណ​ជាង​១០០​គ្រួសារ​ មិន​ទាន់​មាន​​ទី​ជម្រក​ឱ្យ​បាន​សមរម្យ​ទេ​ តាំង​តែ​ពី​មាន​ការ​ឈូស​ឆាយ​តំបន់​នោះ​កាល​ពី​ឆ្នាំ​កន្លង​  ទៅ ។ ពួក​គេ​ប្រមាណ​ជា​១០០​គ្រួសារ​នោះ ខ្លះ​សុំ​ស្នាក់​នៅ​​ក្នុង​​អគារ​ថ្មី ខ្លះ​សង់​រោង​នៅ​​ជាប់​របង​ដី​ទំនេរ​របស់​ក្រុម​ហ៊ុន​ផាន​អុី​មុិច ដោយ​រង់​ចាំ​​ដំណោះ​ស្រាយ​ពី​សាលា​រាជ​ធានី​ភ្នំពេញ​​ ដែល​ថា​នឹង​សង់​អគារ​ថ្មី​​ឱ្យ​ពួក​គេ​ស្នាក់​នៅ​ និង​មាន​ទី​ជម្រក​ត្រឹម​ត្រូវ ។ អ្វី​ដែល​បាន​ធ្វើ​ឱ្យ​​អ្នក​បុរី​កីឡា​រំជើប​រំជួល​ ហើយ​នាំ​គ្នា​​វេច​បង្វេច​ឡើង​ទៅ​ស្នាក់​នៅ​​លើ​អគារ​ថ្មី​ដែល​សង់​មិន​ទាន់​រួច​នោះ ដោយ​សារ​មាន​ការ​​ប្រកាស​ជូន​បង​ប្អូន​ថា​ អាជ្ញាធរ​នឹង​រៀប​ចំ​អគារ​ឱ្យ​បង​ប្អូន​​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​សិន​ ទម្រាំ​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់ ។

​ការ​សង់​អគារ​​បណ្តោះ​អាសន្ន​នេះ​ ដំបូង​គ្រោង​ថា​១បន្ទប់​ទំហំ​៤​ម៉ែត្រ​x៦ម៉ែត្រ​ ប៉ុន្តែ​លុះ​ពេល​រៀប​ចំ​សង់​ បែរ​ជា​ចេញ​ទៅ​ទំហំ​៣​ម៉ែត្រ​x​៤​ម៉ែត្រ​​ទៅ​វិញ​ ដូច្នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​ប្រតិ​កម្ម​ពី​សំណាក់​​​អ្នក​រង់​ចំា​ ដែល​ម្នាក់ៗ​ស្រែក​ថា​អ្នក​ណា​រស់​នៅ​​កើតទៅ ? ​​ទី​បញ្ចប់​ពួក​គាត់​បាន​នាំ​គ្នា​វេច​បង្វេច​ឡើង​ទៅ​នៅ​អគារ​ដែល​សង់​មិន​ទាន់​ហើយ​​នោះតែ​​ម្តង ទោះបី​ជា​ត្រូវ​ដំបង​សមត្ថ​កិច្ច​​ខ្លះ​ក៏​ដោយ​ ក៏ពួក​គាត់​ត្រូវ​តែ​ធ្វើ​បែប​នេះ​ដែរ ដែល​ជា​ជម្រើស​ចុង​ក្រោយ ៕